ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ ពួកចោរប្លន់ប្រដាប់អាវុធមួយក្រុមបានសម្រុកចូលហាងមាសមួយកន្លែងនៅខេត្តតាក់ (Tak) ភាគខាងជើងប្រទេសថៃតែហាក់យឺតពេលទៅហើយទើបដឹងថាពួកគេមករញ៉េរញ៉ៃខុសគោលដៅ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១២៖៥៥ នាទីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (ថ្ងៃទី ៨ ខែធ្នូ)។
វីដេអូ CCTV ពីក្នុងហាងបានបង្ហាញបុរសទាំងបួននាក់បានមកដល់តាមម៉ូតូ ហើយបើកការបាញ់រះលើទ្វារកញ្ចក់ហាង។
ក្រោយពីចូលហើយ ម្នាក់ក្នុងចំណោមពួកវាបានចាប់ផ្តើមកាត់រនាំងដែកដើម្បីទៅប្រមូលយកគ្រឿងអលង្ការ។
នោះហើយជាគ្រាដែលម្ចាស់ហាងឈ្មោះ ភីស៊ីត រ៉ាភីតផាន (Phisit Raphitphan) បានចាត់វិធានការ។
ម្ចាស់ហាងមាសអាយុ៤១ឆ្នាំត្រូវគេស្តាប់ឮស្នូរកាំភ្លើងបាញ់ចេញពីក្រោយកាមេរ៉ាសុវត្ថិភាព ដែលធ្វើឱ្យចោរទាំងបួននាក់ភិតភ័យ រត់ផាស់ក្រញាំ។
បុរសម្នាក់ក្នុងចំណោមនោះថែមទាំងបានរអិលជើងដួលលើកញ្ចក់បែកក្នុងពេលកំពុងសម្រុករត់គេចខ្លួនផងដែរ។
កាសែត Thaiger បានរាយការណ៍ថា លោករ៉ាភីតផានបានបាញ់ចំនួនបួនគ្រាប់ទៀត ដែលមួយគ្រាប់បានត្រូវចោរប្លន់ម្នាក់ដែលក្រោយមកប៉ូលិសបានប្រទះឃើញដេកក្នុងថ្លុកឈាមនៅខាងក្រៅហាង។ របាយការណ៍ខ្លះបានបញ្ជាក់ថា បុរសជាជនជាតិថៃនោះក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។
ជនដៃដល់ថៃម្នាក់ទៀតដែលរត់គេចខ្លួនដោយថ្មើរជើងត្រូវបានប៉ូលិសចាប់ខ្លួន។ ចំណែកចោរប្លន់ពីរនាក់ទៀតដែលគេជឿថាជាជនជាតិភូមាបានរត់គេចខ្លួនតាមម៉ូតូបាត់ស្រមោលសូន្យឈឹង។
ប៉ូលិសបានប្រាប់អ្នកយកព័ត៌មានថា បុរសថៃទាំងពីរនាក់បានប្រព្រឹត្តអំពើប្លន់ដោយឡែកពីគ្នានៅខេត្តតាក់កាលពីថ្ងៃទី ១២ ខែកុម្ភៈឆ្នាំនេះ កន្លែងដែលពួកគេបានប្លន់មាសទម្ងន់ ២,៧ គីឡូក្រាមបានសម្រេច។
គ្រូបង្ហាត់បាញ់កាំភ្លើងនិងជាសមាជិកនៃកងទ័ពភូមិន្ទថៃម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោករ៉ាភីតផានគឺជាអ្នកចូលចិត្តកាំភ្លើង ដែលបានទទួលការបណ្តុះបណ្តាលក្នុងការប្រើប្រាស់អាវុធ ហើយថែមទាំងបានឈ្នះការប្រកួតបាញ់កាំភ្លើងក្នុងស្រុកទៀតផង។
រូបថតនៅលើបណ្តាញសង្គមបានបង្ហាញ កាំភ្លើង ដែលលោករ៉ាភីតផានបានប្រើ គឺជាអាវុធវែងមួយដើម។ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានប្រដូចវាទៅនឹងកាំភ្លើង M4ដែលប្រើដោយតារាសម្តែងហូលីវូដ ឃីនូ រីវេស (Keanu Reeves) នៅក្នុងខ្សែភាពយន្ត John Wick។
យោងតាមមេធាវីដែលផ្តល់បទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ លោករ៉ាភីតផានទំនងជាមិនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយនោះទេ ព្រោះគាត់បានបាញ់ប្រាំគ្រាប់ទៅលើក្រុមចោរប្រដាប់អាវុធដើម្បីការពារខ្លួន៕
កាំភ្លើងវែងរបស់ម្ចាស់ហាងមាសឈ្មោះរ៉ាភីតផានធ្វើឱ្យចោររត់ប្រាស់អាយុ