ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីការប្រឡងបាក់ឌុប ទើបបានបញ្ចប់ កាលពីថ្មីៗនេះ និងសិស្ស កំពុងរង់ចាំអ៊ុតមើលលទ្ធផលនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យបេក្ខជនទាំងអស់ ត្រូវតែពិចារណា ជ្រើសរើសមុខជំនាញសិក្សាបន្ត នៅសាកល​វិទ្យាល័យ ណាមួយ ឱ្យច្បាស់លាស់។

សូមបញ្ជាក់ថា ការផ្តល់នូវគំនិត ក្នុងការត្រួសត្រាយ សម្រាប់ផ្លូវក្នុងការពិចារណារបស់ក្រសួងប្រៃសណីយ៍នេះ ក៏ស្របពេលបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប កំពុងទន្ទឹងរង់ចាំលទ្ធផល នៃការប្រឡងរបស់ខ្លួន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។

ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ ដោយឱ្យយុវជនសិស្សបាក់ឌុបទាំងអស់ ពិចារណាថាៈ ” បច្ចុប្បន្នជំនាញ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដូចជា វិទ្យាសាស្ត្រកុំព្យូទ័រ ទូរគមនាគមន៍ និងបណ្តាញពាណិជ្ជកម្ម អេឡិចត្រូនិក ព័ត៌មានវិទ្យា (IT) “ ជាដើម ក៏កំពុងមានការចាប់អារម្មណ៍ច្រើន ពីសិស្សានុសិស្ស និងអាណាព្យាបាល តែព័ត៌មាន សម្រាប់ធ្វើការសម្រេចចិត្ត ជ្រើសរើសជំនាញនេះ នៅមានកម្រិតនៅឡើយ។ ដូច្នេះ ហេតុអ្វីគួរជ្រើសរើសជំនាញ ពាក់ព័ន្ធបច្ចេកវិទ្យា ឌីជីថលសិក្សានៅមហាវិទ្យាល័យ? ។

យ៉ាងណាក្តី ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថានឹងផ្តល់ចម្លើយ នៅថ្ងៃបន្ទាប់ លើទំព័រហ្វេកប៊ុកផ្លូវការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជាមួយគ្នានេះ នៅពេលកំពុងរង់ចាំចម្លើយ សូមបងប្អូនផ្តល់មតិ នៅក្នុង Comment ថាៈហេតុអ្វីគួរជ្រើសរើសជំនាញ ពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល សិក្សានៅមហាវិទ្យាល័យ។ ការចូលរួមរបស់បងប្អូន នឹងជាព័ត៌មានសំខាន់ សម្រាប់សិស្សានុសិស្ស ដែលទើបចប់ថ្នាក់ទី១២ ក្នុងការសម្រេចចិត្ត៕/V