ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកធ្វើដំណើរ បានសង្កេតឃើញ និងរិះគន់ថា អ្នកស្រុកមានទម្លាប់ដោយឥតសណ្តាប់ធ្នាប់ បានបោះចោលសំរាមគរ រាយប៉ាយ នៅតាមផ្លូវបេតុង និងផ្លូវលំ មួយចំនួន តាមបណ្ដាភូមិ សង្កាត់ នៅក្រុងប៉ោយប៉ែត ហើយគួបផ្សំក្រុមហ៊ុនស៊ិនទ្រី ដែលទទួលសិទ្ធិផ្តាច់មុខ បានប្រមូលយឺតយ៉ាវ និងមិនសូវយកចិត្តទុកដាក់ ។

ចំពោះពលរដ្ឋ បាននិយាយការពារខ្លួន កាលពីថ្ងៃទី១២ ខែធ្នូថាៈ មូលហេតុដែលមានមនុស្ស យកសំរាម ទៅបោះចោល នៅតាមបណ្ដោយ ផ្លូវលំ និងផ្លូវបេតុង ខាងលើនោះ គីបណ្ដាល មកពីក្រុមហ៊ុនស៊ិនទ្រី ចូលទៅយកមិនដល់ និងមួយទៀត មកពីក្រុមហ៊ុនប្រមូលសំរាម មានការយីតយ៉ាវ ដែលជាហេតុធ្វើឲ្យសំណល់ដែលដាក់គរនៅមុខផ្ទះ ជះក្លិនស្អុយអសោចន៍ ។ ហេតុនេះ ពលរដ្ឋម្ចាស់សំរាមមួយចំនួន ដែលបង់ប្រាក់ឱ្យទៅក្រុមហ៊ុនហើយ តែមិនឃើញក្រុមហ៊ុន មកប្រមូលយកសំរាម តាមលំនៅឋាន របស់ពួកខ្លួន ទើបពួកគេ សម្រេចធ្វើអំពើបែបបញ្ជោះបន្សោក គឺដឹកសំរាមដែលស្អុយ យកមកបោះចោល នៅតាមផ្លូវបេតុង និងផ្លូវលំដូច្នោះ ។

ម្យ៉ាងទៀត ករណីនេះ ក៏មិនទាន់ឃើញមានមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងបរិស្ថានសង្កាត់ឬក្រុងណា ចុះទៅធ្វើការអប់រំ ឬសម្របសម្រួលដោះស្រាយនៅឡើយដែរ នូវផលប៉ះពាល់ដល់បញ្ហាសុខភាព អនាម័យ និងបរិស្ថាន បែបនេះ ។

ប៉ុន្តែ មន្ត្រីអាជ្ញាធរសង្កាត់ខាងលើ បានបំភ្លឺថាៈ មន្ត្រីតែងចុះអប់រំ ផ្សព្វផ្សាយ បានហាមឃាត់ពលរដ្ឋអ្នកអូសរទេះ ស៊ីឈ្នួលដឹកសំរាម យកមកចោល តាមទីសាធារណៈដូច្នេះ។ មន្ត្រី បានបន្ទោសទាំងពលរដ្ឋ ជាអ្នកចោលសំរាម ទាំងក្រុមហ៊ុនស៊ីនទ្រី ជុំវិញការកកស្ទះសំរាមនេះ។ ករណីនេះ ភូមិ និងសង្កាត់ ក៏បានរាយការណ៍ ជូនក្រុងហើយដែរ ដើម្បីជួយអន្តរាគមន៍។

ចំណែកអ្នកគ្រប់គ្រង ផ្នែកអនាម័យក្រុង នៃក្រុមហ៊ុនស៊ិនទ្រី បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូនេះថាៈ ផ្នែកនេះ នឹងពន្លឿនការប្រមូល ដឹកជញ្ជូនសំរាម ដោយឲ្យកម្មករស្រូតរូតការងារ ឲ្យបានលឿន។ ប៉ុន្តែករណីនេះ មានបញ្ហាដែលកម្មករ លែងចង់ធ្វើការ នៅពេលសំរាមគរច្រើន ហើយស្អុយរលួយបែបនេះ៕/V