ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ៖ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅកម្ពុជានិងឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅប្រទេស​ថៃនិងប្រធានអង្គការការីតាស់ប្រចាំកម្ពុជាបានអញ្ជើញចុះពិនិត្យនៃដំណើរការសិក្សាប្រព័ន្ធធារាសាស្ត្រនៅពោធី២ដើមឃុំរហាត់ទឹកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២។ការទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅនៅទីតាំងសំណង់ធារាសាស្ត្រដែលកំពុងសាងសង់។

លោក ផេត្រូ ស្វាសឡេន (HE PEDRO ZWAHLEN)ទើបមកកាន់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រទេស​សហព័ន្ធស្វីសប្រចាំនៅកម្ពុជានិងបានមកបំពេញបេសកកម្មលើការងារអភិវឌ្ឍន៍នេះភ្លាមៗដែរ។

លោកPEDRO ZWAHLEN ថ្លែងថា បេសកកម្មនេះមានគោលបំណងចុះពិនិត្យនូវការសិក្សានិងសាងសង់ធ្វើឱ្យ ប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រឆ្លងកាត់ស្ទឹងមង្គលបូរី នៅពោធី២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបុរី ។
លោករួមជាលោកស្រីអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅប្រទេសថៃ និងអង្គការការីតាស់ប្រចាំកម្ពុជា បានអញ្ជើញទៅ៖
ទី១-ពិនិត្យជាក់ស្ដែងក្នុងប្រព័ន្ធធារាសាស្ត្រ និងប្រឡាយមេ ប្រឡាយក្អែបក្នុងតំបន់ពោធិ៍ពីរដើម, ទី២-ពិនិត្យនិងស្ដាប់ ពីបទបង្ហាញប្រធានគណៈកម្មាធិការសហគមន៍កសិករដែលបានប្រើប្រាស់ទឹក និងប្រព័ន្ធធារាសាស្ត្រពោធិ៍ពីរដើម សម្រាប់ស្រេចស្រពកសិផល ដែលក្នុងនោះមានការបង្ហាញលើផែនទី ការគ្រប់គ្រងប្រព័ន្ធទឹក និងការផលិតស្រូវរបស់កសិករ។

លោក គង់ សំណាង ប្រធានអង្គការស៊ីដូប្រចាំខេត្តបន្ទាយមានជ័យដែលជាអង្កការដៃគូជាមួយអង្គការការីតាស់ប្រចាំកម្ពុជាបានមានប្រសាសន៌ថាស៊ីដូជាអង្គការមួយដែលតែងធ្វើសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍលើវិស័យសង្គម បរិស្ថាន និងកសិកម្ម។នៅពេលបច្ចុប្បន្នគឺជាពេលវេលាដ៏សមស្របក្នុងការគិតគូរពីការដាំដុះកសិផលឡើងវិញឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ទឹកជំនន់និងការឡើងកំដៅផែនដីជាដើម។

លោកបញ្ជាក់ថា ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅកម្ពុជាបានសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងក្រសួងនានា ជាង១០ឆ្នាំហើយ ដោយជួយគាំទ្រលើវិស័យធំៗបី រួមមានវិស័យកសិកម្មនិងសន្តិសុខស្បៀង កាងារអភិបាលកិច្ច និងបណ្តុះបណ្តាល និងបច្ចេកទេស ជាដើម ៕សរន

លោកផេត្រូ ស្វាសឡេន ឯកអគ្គរដ្ឋទូតថ្មីប្រទេសស្វីសប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសថៃ ប្រធានអង្គការការីតាស-ស្វីសប្រចាំកម្ពុជា ប្រធានអង្គការស៊ីដូពិនិត្យ សិក្សាការសាងសង់ធ្វើឱ្យប្រសើរឡើងប្រព័ន្ធធារាសាស្ត្រពោធិ៍២ដើម ឃុំរហាត់ទឹកស្រុកមង្គលបូរី(រូប: ភ្នំស្វាយ )