ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពេលនេះ កម្ពុជា បានទទួលស្គាល់ខ្លួនឯងថា គ្រប់គណៈកម្មការជំនាញ របស់គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានត្រៀមលក្ខណៈ បានគ្រប់ជ្រុងជ្រោយ និងមានភាពល្អប្រសើរ ដូចៗគ្នា ដោយគ្រាន់តែ បំពាក់លក្ខណៈពិសេស សម្រាប់អត្តពលិកពិការប៉ុណ្ណោះ។

ខាងលើនេះ ជាការការលើកឡើង របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិរៀបចំ
កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២ (CAMSOC/CAMAPGOC) នៅក្រោយបញ្ចប់កិច្ចប្រជុំរបស់ គណៈកម្មការជំនាញ ជាមួយសហព័ន្ធកីឡាជនពិការ អាស៊ាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

លោកអគ្គលេខាធិការរូបនេះ បានមានប្រសាសន៍ថាៈ «យើងបានរៀបចំកិច្ចប្រជុំមួយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ គណៈកម្មការជំនាញ ជាមួយនឹងសហព័ន្ធកីឡាជនពិការ អាស៊ាន (APSF) បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ CAMSOC ដោយបានឲ្យរូបលោក ដឹកនាំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ។ ជាពិសេសគណៈកម្មការជំនាញទាំងអស់ ដែលយើងត្រូវធ្វើ កិច្ចប្រជុំពិសេសមួយ រវាងសហព័ន្ធកីឡាជនពិការអាស៊ាន ជាមួយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម»។

លោកអគ្គលេខាធិការ បានបន្ថែមថាៈ «ដើម្បីឱ្យកិច្ចប្រជុំនេះ ដំណើរដោយរលូន និងទទួល បានលទ្ធផលល្អ ក្នុងកិច្ចសហប្រតិការ ឱ្យបានស៊ីជម្រៅ យើងត្រូវធ្វើការរួមគ្នា និងធ្វើឱ្យកិច្ចប្រជុំនេះ មានកិត្តិយស ក្នុងនាមយើងជាម្ចាស់ផ្ទះ។ ដូច្នេះយើងបានពិភាក្សា គ្នា និងផ្តល់ជាមតិយោបល់ ក្នុងការរៀបចំឱ្យគណៈកម្មការនីមួយៗ ទទួលខុសត្រូវ ក្នុងការធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវ ការរៀបចំកិច្ចប្រជុំ ការរៀបចំខ្លឹមសារ ការរៀបចំ បន្ស៊ីគ្នា រវាងគណៈកម្មការជំនាញយើង និងគណៈកម្មការសហព័ន្ធកីឡាជនពិការ អាស៊ាន ដោយនេះជាភារកិច្ច និងជាតួនាទីរបស់យើង ទាំងអស់គ្នា»។

កិច្ចប្រជុំនេះ លោកបានអះអាងថាៈ វាពិតជាមានសារសំខាន់ណាស់ ពីព្រោះជាកិច្ចប្រជុំ មួយចុងក្រោយ ដែលបានជជែកគ្នា ច្បាស់លាស់ និងមានការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយគ្នាមួយ ដែលបែងចែកការទទួលខុសត្រូវ និងយល់គ្នាថា ការងារទាំងអស់នេះថា តើ APSF ត្រូវធ្វើការងារអ្វីខ្លះ ជាមួយម្ចាស់ផ្ទះ កម្ពុជា ហើយកម្ពុជា ត្រូវធ្វើកិច្ចការអ្វីខ្លះ ជាមួយសហព័ន្ធជនពិការអាស៊ាន។ នេះគឺជា ទិសដៅតែមួយ ជោគជ័យរួមគ្នា តែមួយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

កិច្ចប្រជុំនេះ យើងនឹងធ្វើពីថ្ងៃទី១៥ ស្អែកនេះ ដល់ទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ ដោយយើងបានទទួលគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា រួចហើយ ទៅលើការរៀបចំកិច្ចប្រជុំដ៏ពិសេសនេះ។ យើងឃើញថា សកម្មភាពរបស់ CAMSOC និង CAMAPGOC ដែលជាគណៈកម្មាធិការ ជាតិ ទទួលខុសត្រូវ រៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែមានការងារមមាញឹក ហើយជាមួយការមមាញឹកនេះ យើងនឹងមាន កម្មវិធីការងារ កាន់តែច្បាស់លាស់ ពីមួយជំហាន ទៅមួយជំហាន។ អីចឹងអ្វីដែល យើងធ្វើនេះ គឺយើងធ្វើទន្ទឹមគ្នា។ យើងមិនទុកចោលផ្នែកណាមួយនោះទេ គណៈ
កម្មការជំនាញទាំងអស់ ត្រូវការរួមគ្នា ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឱ្យបានល្អប្រសើរ។ ភាពម្ចាស់ការរបស់ស៊ីហ្គេម គឺដូចគ្នាទៅនឹងភាពម្ចាស់ការ និងលទ្ធផលនៃការរៀបចំអាស៊ានប៉ារ៉ាហ្គេមដែរ ពោលគឺដូចគ្នា ដោយគ្រាន់តែរៀបចំ ឱ្យមាន លក្ខណៈពិសេស សម្រាប់កីឡាករ កីឡាការិនីពិការ។ ដំណើរការ នៃវឌ្ឍនភាព ការងារស៊ីហ្គេមប៉ុណ្ណា គឺវឌ្ឍនភាពការងាររបស់អាស៊ានប៉ារ៉ាហ្គេម ក៏ប៉ុណ្ណឹងដែរ ដូច្នេះយើងអត់មានអ្វីត្រូវបារម្ភទេ គឺយើងធ្វើឱ្យដូចគ្នា តែយើងធ្វើឱ្យពិសេស សម្រាប់បងប្អូន ជាកីឡាករ កីឡាការិនី ជនពិការប៉ុណ្ណោះ៕/V-PC