ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ប្រទេសនិងស្ថាប័ននៅទូទាំងពិភពលោកសរុបប្រមាណ៧០កាលពីថ្ងៃអង្គារបានសន្យាជួយប្រាក់ជាង១ពាន់លានអឺរ៉ូ(១,០៦ពាន់លានដុល្លារ)ជាជំនួយបន្ទាន់ដើម្បីជួយអ៊ុយក្រែនឆ្លងកាត់រដូវរងារដែលសីតុណ្ណភាពធ្លាក់ចុះក្រោមសូន្យ នៅពេលកងកម្លាំងអ៊ុយក្រែននិងរុស្ស៊ីបន្តប្រយុទ្ធគ្នាដ៏ខ្លាំងនៅម្តុំទីក្រុងបាក់មុតភាគខាងកើត និងរុស្ស៊ីបន្តបាញ់បំផ្លាញហេដ្ឋារចនាសម្ពន្ធថាមពលនិងស៊ីវិលផ្សេងនៅក្នុងប្រទេសអ៊ុយក្រែន។
បារាំងបានទទួលរៀបចំកិច្ចប្រជុំពិភពលោកនេះដើម្បីពិភាក្សាអំពីអ្វីដែលអាចផ្តល់ពីពេលឥឡូវដល់ខែមីនាដើម្បីរក្សាការផ្គត់ផ្គង់ទឹក ស្បៀង ថាមពល សុខាភិបាលនិងគមនាគមន៍ក្នុងអំឡុងរដូវរងារនេះនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី កាដឺរីន កូឡូនណា(Catherine Colonna)បាននិយាយថាទឹកប្រាក់ជាង១ពាន់លានអឺរ៉ូ ត្រូវបានសន្យាផ្តល់ ក្នុងនេះ៤១៥លានសំរាប់វិស័យថាមពលរបស់អ៊ុយក្រែន ដែលរងគ្រោះខ្លាំងពីការវាយប្រហាររបស់រុស្ស៊ី។ប្រាក់ដែលនៅសល់នឹងបញ្ជូនទៅខាងវិស័យសុខាភិបាល ស្បៀង ទឹកនិងគមនាគមន៍ ដែលមានទឹកប្រាក់ជិត៥០០លានអឺរ៉ូ។
ប្រាក់ជំនួយ៤១៥លានលៃទុកសំរាប់វិស័យថាមពលរបស់អ៊ុយក្រែន ដែលរងគ្រោះខ្លាំងពីការវាយប្រហាររបស់រុស្ស៊ី។អ៊ុយក្រែនជួបការដាច់ភ្លើងទូទៅក្រោយរងការវាយប្រហារពីរុស្ស៊ី
លោកស្រីបានបន្ថែមថា ការចូលរួមចំណែករបស់បណ្តាប្រទេសមិនមកពីលោកខាងលិច ដូចជាកាតានិងកម្ពុជា បានបង្ហាញការគាំទ្រធំឡើងសំរាប់អ៊ុយក្រែន។
ចំណែកនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេនីស ស្មីហាល(Denys Shmyhal)បានប្រាប់អ្នកយកព័ត៌មាននៅក្រុងប៉ារីសថា «នេះជាសញ្ញាដ៏មានឥទ្ធិពលមួយដើម្បីបង្ហាញថាពិភពស៊ីវីល័យកំពុងគាំទ្រអ៊ុយក្រែន។យើងសូមដឹងគុណបណ្តាប្រទេសដែលនៅតែឈរនៅខាងយើងនៅពេលពួកយើងរងទុក្ខវេទនាពីការឈ្លានពានរបស់រុស្ស៊ីមកលើទឹកដីនិងហេដ្ឋារចនាសម្ពន្ធស៊ីវិលរបស់យើង»។
សន្និសីទស្វែងរកជំនួយនេះក៏ជាឳកាសមួយសំរាប់ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែល ម៉ាក្រុង បង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែន។លោកត្រូវបានគេរិះគន់ជាយូរមកហើយអំពីកំរិតគាំទ្ររបស់យោធាបារាំងសំរាប់សង្គ្រាមនៅអ៊ុយក្រែន និងការបន្តរក្សាទំនាក់ទំនងជាមួយសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន។
ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែល ម៉ាក្រុងបាននិយាយថា បារាំងនឹងផ្តល់ម៉ាស៊ីនភ្លើងចំនួន៦៣គ្រឿងបន្ថែមលើជំនួយ១០០គ្រឿងកាលពីខែវិច្ឆិកា ។ជាមួយនឹងជំនួយ៤៨,៥លានអឺរ៉ូទៀត ជំនួយបារាំងសំរាប់អ៊ុយក្រែននឹងឡើងដល់២០០លានអឺរ៉ូនៅឆ្នាំនេះ៕
ថ្លែងទៅកាន់កិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថារដ្ឋាភិបាលទីក្រុងគៀវត្រូវការជំនួយបន្ទាន់យ៉ាងតិច៨០០លានអឺរ៉ូដើម្បីដោះស្រាយអ្វីដែលលោកថា «ភេរវកម្មរបស់រុស្ស៊ី»និងជួយប្រជាជនអ៊ុយក្រែនអោយឆ្លងកាត់រដូវរងារដ៏លំបាកលំបិននេះ