ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ម៉ារ៉ុក ដែលជាគីឡូថ្មីថ្មោងមកពីអាហ្វ្រិក មានបំណងចង់បង្កើតឯតទគ្គកម្មថ្មី ដោយឡើងវគ្គផ្តាច់ព្រ័ត្រវើលខាប់ជាលើកដំបូងតាមរយៈការទម្លាក់បារាំង ប៉ុន្តែក្រុមមាន់គកមិនមែនជាមាន់សម្លទេ ហើយពួកគេពិតណាស់ជាក្រុមជំនាញលើកពានធំៗ ជាពិសេសវើលខាប់តែម្តង។
– បារាំង vs ម៉ារ៉ុក
* ម៉ារ៉ុកស៊ុតបាន៥គ្រាប់ក្នុងការប្រកួតវើលខាប់នេះ។
* បារាំងមិនទាន់រក្សា Clean Sheet នៅកាតាបានទេ។
* បារាំងមានបទពិសោធក្នុងការប្រកួតធំៗនៅវើលខាប់។
* Olivier Giroud បានស៊ុតបញ្ចូលទីវគ្គ Knockout ទាំងពីរលើកសម្រាប់មាន់គក។
ម៉ារ៉ុកបានបង្កើតប្រវត្តិសាស្ត្ររួចហើយក្នុងប្រទេសកាតា ដោយក្លាយជាក្រុមអាហ្វ្រិកដំបូងគេឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវើលខាប់ ប៉ុន្តែប្រសិនបើពួកគេចង់ទៅឱ្យហួសមួយតង់ទៀត ពួកគេត្រូវតែទម្លាក់ក្រុមការពារតំណែងជើងឯកបារាំងនៅថ្ងៃពុធនេះ។
ក្រុមតោកំណាចអាហ្វ្រិកគួរតែចូលមកក្នុងការប្រកួតនេះដោយគ្មានការភ័យខ្លាច បន្ទាប់ពីបានទម្លាក់អេស្ប៉ាញក្នុងវគ្គ ១៦ ក្រុមចុងក្រោយ និងបន្ទាប់មក ព័រទុយហ្គាល់ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ប៉ុន្តែពួកគេត្រូវតែបង្កើនកម្រិតរបស់ពួកគេបន្ថែមទៀតដើម្បីយកឈ្នះលើបារាំង។
ម៉ារ៉ុកត្រូវបានគេវាយតម្លៃថាជាក្រុមខ្សោយជាងដោយមានហាងឆេងឈ្នះបារាំងត្រឹម ៧/១ ប៉ុណ្ណោះ។ ដោយសារការបង្ហាញទម្រង់លេងដ៏ល្អរបស់ពួកគេរហូតមកទល់ពេលនេះ ពួកគេមើលទៅហាក់ត្រូវគេមើលស្រាលណាស់ ប៉ុន្តែជំនួសឱ្យការទាយថាក្រុមណាជាអ្នកឈ្នះដាច់ខាតនោះ ការជ្រើសយកក្រុមទាំងពីរស៊ុតចូលគ្នាគឺជាជម្រើសល្អជាង។
ជោគជ័យរបស់ម៉ារ៉ុកក្នុងប្រទេសកាតាត្រូវបានកសាងឡើងផ្អែកលើតំបន់ការពាររឹងមាំដូចដែកថែប។ មានតែកាណាដាទេដែលអាចបំបែកតំបន់ការពារដ៏រឹងរបស់ក្រុមអាហ្វ្រិកខាងជើងនេះ ហើយពួកគេបានរក្សា Clean Sheet ទល់នឹងក្រូអាស៊ី (០-០), បែលហ្ស៊ិក (២-០), អេស្ប៉ាញ (០-០) និង ព័រទុយហ្គាល់ (១-០) នៅ៤ប្រកួតចុងក្រោយ។
កូនក្រុមរបស់លោក Walid Regragui នឹងរៀបចំក្បួនដើម្បីធ្វើឱ្យបារាំងខកចិត្ត ប៉ុន្តែវាពិបាកណាស់ដែលគិតថាមាន់គកដែលពោរពេញដោយកីឡាករទេពកោសល្យខកខានរកគ្រាប់បាល់ក្នុងរយៈពេល ៩០ នាទី។ ខ្សែប្រយុទ្ធ Olivier Giroud និង Kylian Mbappe កំពុងឡើងជើង ហើយពួកគេអាចរកបានពីរគ្រាប់ទល់នឹងអង់គ្លេសក្នុងជុំមុន ត្បិតលេងមិនសូវល្អក៏ដោយ។
ទោះយ៉ាងណា ម៉ារ៉ុកគួរតែអាចរកបានយ៉ាងហោច១គ្រាប់ដែរ ព្រោះពួកគេលេងស្មើតែជាមួយក្រូអាស៊ីនិងអេស្ប៉ាញប៉ុណ្ណោះ។ ក្រុមទាំងពីរនោះមានតំបន់ការពារល្អជាងបារាំង ដែលនៅមិនទាន់រក្សា Clean Sheet នៅវើលខាប់បាននៅឡើយ ហើយបើក្រឡេកមើលទៅក្រោយបន្តិច បារាំងបានឆ្លងកាត់ការស៊ុតប៉េណាល់ទីតែម្តងគត់ក្នុងវគ្គ Knockout ចំនួន ១១ លើកចុងក្រោយ។
ការរះឡើងរបស់ម៉ារ៉ុកនៅក្រោមការដឹកនាំរបស់អតីតខ្សែការពារ Ajaccio លោក Regragui ដែលទើបតែចូលកាន់តំណែងនៅចុងខែសីហា គឺពិតជាគួរឱ្យកត់សម្គាល់ ប៉ុន្តែនេះអាចជាកន្លែងដែលដំណើររឿងនិទានរបស់ពួកគេឈានដល់ទីបញ្ចប់។
បារាំងនៅតែអាចរកឃើញវិធីឈ្នះទល់នឹងអង់គ្លេស បើទោះបីជាលេងអន់ជាងពេញ៩០នាទីក៏ដោយ ហើយនេះជាក្រុមដែលធ្លាប់ឈ្នះពានវើលខាប់។ លោក Didier Deschamps បានដឹកនាំបារាំងតាំងពីឆ្នាំ ២០១២ ហើយបានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់វើលខាប់ ពានរង្វាន់ Nations League និងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប។
កីឡាករបារាំងគឺលេងស៊ាំជាមួយគ្នាអស់ហើយក្នុងការប្រកួតធំៗ ហើយក្រុមនេះមានជំនាញឈ្នះកម្មវិធីធំៗ ជាពិសេសវើលខាប់តែម្តង ខណៈការប្រកួតនេះនឹងក្លាយជាបទពិសោធន៍ថ្មីចែសសម្រាប់ម៉ារ៉ុក ដែលជ្រុះនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រក្នុងការប្រកួត African Cup of Nations។
Mbappe តែងបង្កព្យុះភ្លៀងក្នុងគ្រប់ការប្រកួត តែកុំភ្លេចថា Giroud បញ្ចប់ទីច្បាស់ដូចថ្ងៃ ដូច្នេះម៉ារ៉ុកអាចនឹងលំបាកបន្តិចហើយថ្ងៃនេះ។
លទ្ធផលទស្សនទាយ បារាំងឈ្នះ ២-១៕
បារាំងនឹងឡើងជួបអាហ្សង់ទីន ប្រសិនបើឈ្នះម៉ារ៉ុកថ្ងៃនេះ