ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធបតីអាម៉េរិកលោក ចូ បៃដិន កាលពីថ្ងៃអង្គារបានចុះហត្ថលេខាអោយក្លាយទៅជាច្បាប់នូវពង្រាងច្បាប់មួយដែលផ្តល់ការគាំពារសហព័ន្ធចំពោះអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា នៅពេលហ្វូងមនុស្សដ៏ធំបានជួបជុំនៅសេតវិមានដើម្បីអបអរព្រឹត្តិការណ៍ច្បាប់សំខាន់ជាប្រវត្តិសាស្ត្រនេះ។
បៃដិន ដូចអនុប្រធានាធិបតីរបស់លោកដែរ គឺមានគោលជំហរគាំទ្រការរួមមេត្រីរវាងដៃគូភេទដូចគ្នា តាំងពីមុនវាបានក្លាយជាស្របច្បាប់តាមរយៈការសំរេចរបស់តុលាការកំពូលអាម៉េរិកនៅឆ្នាំ២០១៥។លោកបានអួតអាងថាច្បាប់ជាប្រវត្តិសាស្ត្រនេះជាជោគជ័យមួយស្តីពីសិទ្ធិ។
ក្នុងអំឡុងពេលចុះហត្ថលេខាកាលពីរសៀលថ្ងៃអង្គារ លោកបាននិយាយថា«អាម៉េរិកបោះមួយជំហានដ៏សំខាន់ថែមទៀតឆ្ពោះកាន់សមភាព សំរាប់សេរីភាពនិងយុត្តិធម៌ មិនសំរាប់នរណាម្នាក់ទេតែសំរាប់គ្រប់គ្នា»។
ប្រធានាធិបតី ចូ បៃដិន ញញឹមជាមួយអនុប្រធានាធិបតីនិងមន្ត្រីរបស់លោកពេលចុះហត្ថលេខាលើច្បាប់«ការគោរពសំរាប់ច្បាប់អាពាហ៍ពិពាហ៍» ក្នុងជ័យជម្នះធំមួយសំរាប់គូស្នេហ៍ភេទដូចគ្នានៅសហរដ្ឋអាម៉េរិក
សូមបញ្ជាក់ថា បន្ទាប់ពីតុលាការកំពូលលុបចោលសិទ្ធិរំលូតកូនកាលពីខែមិថុនា ពួកសមាជិកសភាទាំងស្តាំនិងឆ្វេងនិយមរួមគ្នារារាំងចំណាត់ជាបន្តណាមួយក្នុងការរារាំងសិទ្ធិអាពាហ៍ពិពាហ៍សំរាប់គូស្នេហ៍ភេទដូចគ្នា។
ការអនុម័តច្បាប់នេះដោយសភាកាលពីសប្តាហ៍មុនកត់សំគាល់ការបង្ហាញការគាំទ្រទាំងពីរក្រុមដ៏កម្រមួយនៅក្នុងក្រុមអំណាចថ្នាក់លើដ៏បែកបាក់របស់អាម៉េរិក។ក្នុងការអបអរ លោកបៃដិនបានជួបជុំទាំងជាមួយពួកសភាមកពីបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យនៅក្នុងបរិវេណសេតវិមាន ។
ថាមមី បាល់ដ៍វីន(Tammy Baldwin) ព្រឹទ្ធសមាជិកដែលបង្ហាញគេឯងជាសាធារណៈដំបូងគេថាលោកស្រីស្រឡាញ់ភេទដូចគ្នា បាននិយាយថាលោកស្រី«ខំទប់អារម្មណ៍សប្បាយរីករាយ»ចំពោះការចុះហត្ថលេខាលើច្បាប់ដែលោកស្រីបានជួយព្រាងនៅសភា។«ថ្ងៃនេះ យើងបានបង្កើតប្រវត្តិសាស្ត្រនិងធ្វើអោយមានការខុសប្លែកមួយសំរាប់ប្រជាជនអាម៉េរិករាប់លាននាក់»។
ច្បាប់នេះនឹងផ្តល់អារម្មណ៍ស្ងប់ស្ងាត់ដល់ក្រុមមនុស្សខ្ទើយនិងគូស្នេហ៍ជាតិសាសន៍ខុសគ្នារាប់លាននាក់ ដែលនៅទីបំផុតត្រូវបានធានាសិទ្ធិនិងការគាំពារដែលពួកគេនិងកូនរបស់ពួកគេសមនឹងទទួលបាន នេះបើតាមអ្នកនាំពាក្យសេតវិមាន ការីន ហ្សង់-ព្យែរ៕