ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ រយៈពេល ១៣ថ្ងៃ នៃយុទ្ធនាការធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ នៅតាមបណ្តាភូមិ និងតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺបានធ្វើជូនប្រជាពលរដ្ឋ ជាង ១ម៉ឺន ២ពាន់នាក់ ។ ការធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ តាមភូមិ និងតាមខ្នងផ្ទះនេះ គឺមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះថាៈ យុទ្ធនាការធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ នៅតាមបណ្តាភូមិ និងតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ គឺបានធ្វើជូនប្រជាពលរដ្ឋ ចំនួន ១២.៤៨៧ នាក់ ហើយសន្ទុះនៃការធ្វើ អត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ គឺធ្វើបានចំនួនច្រើន។

អ្នកនាំពាក្យពាក្យដដែល បានបញ្ជាក់ថាៈ យុទ្ធនាការនេះ គឺពិតជាល្អ ដែលបានផ្តល់ សេវាកាន់តែកៀក ដល់ប្រជាពលរដ្ឋ បងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការមកធ្វើ អត្តសញ្ញាណបណ្ណ ដោយពួកគាត់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានផ្តួចផ្តើម និងជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ផ្នែកកអត្តសញ្ញាណបណ្ណ គឺចុះធ្វើជូនប្រជាពលរដ្ឋ តាមភូមិ និងតាមខ្នងផ្ទះ ហើយវាជាចំណុចមួយល្អ ដែលមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែម ក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿន ក្នុងការធ្វើអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋ ទាំង ២ ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណ ហួសសុពលភាព និងសល់សុពលភាព ត្រឹម ៩០ ថ្ងៃ ហួសសុពលភាព លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានធ្វើការណែនាំដាស់តឿន និងពន្លឿនបន្ថែម ក្នុងយុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់ចំណេញ ទាំងពេលវេលា ដើម្បីយកទៅប្រកបរបររកស៊ី ផ្សេងៗ គឺមិនចាំបាច់ពិបាកមករង់ចាំទៀតទេ៕ V / N