ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ការអភិវឌ្ឍរាជធានីភ្នំពេញ មិនមែនធ្វើឡើង ដោយការប្រថុយ ប្រថាននោះទេ ពោលគឺ សុទ្ធតែមានផែនការ និងទិសដៅច្បាស់លាស់។ ជាក់ស្តែង ប្រព័ន្ធអនាម័យរាជធានីភ្នំពេញ ក៏ត្រូវបានរៀបចំជាផែនការមេ ច្បាស់លាស់មួយដែរ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកសិក្ខាសាលាមួយ ស្ដីពីផែនការមេនៃប្រព័ន្ធ សម្រាប់ទាំងអស់គ្នាក្នុងទីក្រុង សម្រាប់រាជធានីភ្នំពេញ ដែលអង្គសិក្ខាសាលាចុងក្រោយ នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់អនាម័យ និងសុខុមាលភាពដល់ ប្រជាពលរដ្ឋទាំងអស់ នៅឆ្នាំ២០៣៥ ដោយផ្តោតសំខាន់ លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់។

រូបថត ( លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ )

នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសិក្ខាសាលា ស្តីពីផែនការមេនៃប្រព័ន្ធ អនាម័យ សម្រាប់ទាំងអស់គ្នា ក្នុងទីក្រុងសម្រាប់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ។

លោក នួន ផារ័ត្ន បានមានប្រសាសន៍ថាៈ អង្គសិក្ខាសាលានេះ ជាអង្គសិក្ខាសាលា ចុងបញ្ចប់ សម្រាប់ការរៀបចំផែនការមេ នៃប្រព័ន្ធអនាម័យ សម្រាប់រាជធានីភ្នំពេញ របស់គម្រោង “ការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធអនាម័យ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាង រដ្ឋបាលរាជធានីភ្នំពេញ និងធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ក្រោយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តថវិកា សម្រាប់ការអនុវត្តគម្រោង “ ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធអនាម័យ ក្នុងរាជធានីភ្នំពេញ “ កាលពីឆ្នាំ២០២០ ក្រុមការងារបច្ចេកទេស (TA) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ផ្តើមអនុវត្តគម្រោង នៅខែមករា ឆ្នាំ២០២១ និងតាមការគ្រោងទុក នឹងបញ្ចប់នៅចុងឆ្នាំ២០២២ នេះ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានី បានបន្តថាៈ ផែនការមេ ស្តីពីប្រព័ន្ធអនាម័យ សម្រាប់ទាំងអស់គ្នាក្នុងទីក្រុង មានគោលបំណង ធ្វើឱ្យរាជធានីភ្នំពេញ អាចបំពេញ តាមគោលដៅរបស់ខ្លួន ក្នុងការកែលម្អប្រព័ន្ធអនាម័យក្នុងទីក្រុង។ ពោលគឺ គោលដៅ អភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់កម្ពុជា (Cambodia Sustaincible Development Goals, CSDG) ដែលបានកំណត់ថា ប្រព័ន្ធអនាម័យ ត្រូវតែគ្រប់គ្រងដោយ សុវត្ថិភាពឱ្យបាន ៥០% នៅឆ្នាំ២០៣០។
ដើម្បីទទួលជោគជ័យ ក្នុងការគ្រប់គ្រងប្រព័ន្ធអនាម័យ ទាមទារឱ្យមានការអភិវឌ្ឍ ផែនការមេ រួមបញ្ចូលគ្នាមួយ ហើយដើម្បី ទទួលបាននូវផែនការមេ ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ ទាមទារឱ្យក្រុមការងារបច្ចេកទេស រៀបចំការវាយតម្លៃស្ថានភាព អនាម័យ បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ។

ការវាយតម្លៃ បានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២១ ហើយការវាយតម្លៃនេះ ត្រូវបានរៀបចំ ឡើងជាពីរដំណាក់កាល ដោយដំណាក់កាលដំបូង មានការពិនិត្យឡើងវិញ លើឯកសារពាក់ព័ន្ធផ្សេងៗ និងការប្រមូលទិន្នន័យ ដោយមានការជួបសម្ភាសន៍ ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ នៅសហគមន៍ក្រីក្រ ក្រុមហ៊ុនឯកជន ដែលផ្តល់សេវា ផ្នែកបូមលូ មន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកជំនាញរបស់ JICA, និង សមាគម AIMF ។ ក្រៅពីនេះ ក្រុមការងារ ក៏បានចុះសង្កេតមើលអ្នកផលិត ទឹកកខ្វក់ មានដូចជា សហគ្រាសឧស្សាហកម្ម សាលារៀន មណ្ឌលសុខភាព បណ្តាផ្សារ ខុនដូ ផងដែរ។

លោកបានបន្តទៀតថាៈ សេចក្តីព្រាងផែនការមេ​ ស្តីពីប្រព័ន្ធអនាម័យ សម្រាប់ទាំងអស់ គ្នាក្នុងទីក្រុង គឺកើតចេញពីការចូលរួម ផ្តល់ធាតុចូល ពីភាគីពាក់ព័ន្ធជាច្រើន។ សិក្ខាសាលា នាពេលនេះ ក៏បានធ្វើបទបង្ហាញ ដោយសង្ខេបអំពីសេចក្តីព្រាងចុងក្រោយ នៃផែនការ ដើម្បីចូលរួមជាមតិយោបល់ ចុងក្រោយ លើការកែលម្អបន្ថែមទៀត ឬផ្តល់នូវធាតុចូល បន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាឱ្យផែនការមេ នៃប្រព័ន្ធអនាម័យ ក្លាយជាឧបករណ៍ ដែលអាចប្រើប្រាស់បាន និងមានតម្លៃ។

ពាក់ព័ន្ធសំណល់រឹងនៅរាជធានីភ្នំពេញ យើងបានបង្កើតអោយមានក្រុមហ៊ុនប្រមូល សំរាមចំនួន៣ ដែលធ្វើឱ្យការប្រមូល និងដឹកជញ្ជូនសំរាម ល្អប្រសើរជាងមុន។ សម្រាប់សំណល់រាវវិញ យើងបានកសាងស្ថានីយប្រតិកម្មទឹកកខ្វក់ នៅជើងឯក និងកសាងស្ថានីយ ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជាដើម ដែលនេះជាចំណុចចាប់ផ្តើមថ្មីមួយ។

លោក អាន់ តូនីហ្សៀល (Anthony Gill) ប្រធានអង្គភាពរដ្ឋបាលគ្រប់គ្រង លទ្ធផលគម្រោង នៃធនាគារអភិវឌ្ឍន៍អាស៊ី (Head Portfolio Administration Unit, ADB) បានមានប្រសាសន៍ថាៈ គម្រោងប្រតិកម្ម ទឹកកខ្វក់ និងអនាម័យ ជាជំនួយរបស់ប្រទេសជប៉ុន ជួយមកកម្ពុជា ក្រោមការគាំទ្រពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានចំនួនទឹកប្រាក់ជាង ៥០០ លានដុល្លារ។
លោកបានបន្តថាៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបន្តគាំទ្រចំពោះបញ្ហាប្រឈម នានារបស់កម្ពុជា សម្រាប់ ១០ ឆ្នាំបន្តទៀត៕​ V / N

រូបថត សកម្មភាពមន្រ្ទីចូលរួម