ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ក្នុងការសិក្សារបស់អ្នកជំនាញកម្ពុជា បច្ចុប្បន្ននេះ កម្ពុជាមានទាព្រៃស្លាប ស ដែលជាប្រភេទសត្វកម្រ រងគ្រោះថ្នាក់ជិតផុតពូជ លើពិភពលោក ស្ថិតនៅក្នុងបញ្ជីក្រហមរបស់ អង្គការ IUCN ចន្លោះពី ២០ ទៅ ៣០ ក្បាល ។

លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងពីវត្តមានសត្វស្លាបដ៏កម្រនេះថាៈ ” វត្តមានសត្វទាព្រៃស្លាប ស នៅកម្ពុជា បានធ្វើឱ្យកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ចំនួន៩ ក្នុងទ្វីបអាស៊ី ដែលមានវត្តមានទាព្រៃស្លាប ស រស់នៅ”។

លោក នេត្រ ភក្រ្តា បានឱ្យដឹងដែរថាៈ បើយោងតាមរបាយការណ៍សិក្សា ទាព្រៃស្លាប ស មានចំនួនតិចជាង ១.០០០ ក្បាល នៅលើពិភពលោក និងមានវត្តមានតិចតួច រស់នៅ ក្នុងប្រទេសកម្ពុជា។ ទាព្រៃ ស្លាប ស ចូលចិត្តធ្វើសំបុក នៅក្នុងរន្ធឈើ នៅលើដើមឈើ ចាស់ៗ ។

សូមបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលអង្គរ សមា្រប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹង នាពេលកន្លងមកថាៈ ចំនួនទាព្រៃស្លាប ស នៅក្នុងប្រទេសកម្ពុជា ដែលមានចំនួន សេសសល់ តិចតួច ហេតុនេះ ដើម្បីជួយសង្គ្រោះប្រភេទសត្វនេះ ពីការវិនាសផុតពូជ នៅក្នុងប្រទេសកម្ពុជា ត្រូវតែមានបេសកកម្មជួយសង្គ្រោះ នៅពេលសត្វទាំងនេះ មានបញ្ហា និងរួមទាំងកិច្ចការពារសំបុករបស់វា ដែលជារឿងមួយសំខាន់ខ្លាំងណាស់។ ក្រៅពីនេះ ក៏តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ពីគ្រប់ភាគីទាំងអស់គ្នា ផងដែរ ទើបកិច្ចការពារសត្វប្រភេទនេះ ឱ្យគង់វង្សយូរអង្វែង ទៅថ្ងៃខាងមុខ៕ V / N