ដោយៈ សុផល / ព្រះសីហនុ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថាៈ ក្រោយពីចូលរួមសន្និបាតលើកទី១៦ របស់ក្លិបឆ្នេរសមុទ្រស្អាតបំផុត លើសាកលលោក និងទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ នៅតំបន់សមុទ្រកម្ពុជា រួចហើយ គណៈប្រតិភូក្លិបឆ្នេរទាំងអស់ បានបង្ហាញពីក្តីរីករាយ និងបានកោតសរសើរ កម្ពុជា ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ បានស្អាត និងមានភាព ទាក់ទាញ ដែលស័ក្តិសមជាសមាជិក ក្លិបឆ្នេរសមុទ្រស្អាតបំផុត លើសាកលលោក និងមិនខកបំណង ដែលបានបញ្ចូលកម្ពុជា ជាសមាជិកក្លិបឆ្នេរនោះឡើយ។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងយ៉ាងដូច្នេះ នាពេលដែលប្រតិភូក្លិបឆ្នេរសមុទ្រ ស្អាតបំផុត លើសាកលលោក ធ្វើដំណើរតាមអូប័រ ទៅទស្សនានៅតំបន់ព្រៃកោងកាង នៅពាមក្រសោប ខេត្តកោះកុង និងបានបន្តដំណើរទស្សនកិច្ច នៅឆ្នេរឋានសួគ៌ ខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីស្វែងយល់បន្ថែម ពីភាពរីកចម្រើន​នៃតំបន់ឆ្នេរសមុទ្រ នៅកម្ពុជា។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងដូចនេះថាៈ «ក្រោយកូវីដ១៩នេះ ការរៀបចំឱ្យមាន ព្រឹត្តិការណ៍ប្លែកៗ សម្រាប់ទាក់ទាញភ្ញៀវទេសចរពិភពលោក ឬព្រឹត្តិការណ៍បុណ្យ សមុទ្រនេះ គឺជាការរៀបចំឱ្យមាន ផលិតផលទេសចរណ៍មួយដ៏ល្អ ដែលយើងបាន បង្ហាញ មិនត្រឹមតែសម្រាប់ ប្រជាជនយើងក្នុងស្រុកទេ តែក៏ជាការបង្ហាញដល់ពិភព លោក តាមរយៈការផ្សព្វផ្សាយរបស់យើង និងតាមរយៈគណៈប្រតិភូ ក្លិបឆ្នេរស្អាតបំផុត នៅទូទាំងសាកលលោក បានមកឃើញ ហើយអត់មានអ្នកណាមួយ ដែលមិនសរសើរ យើងនោះទេ»។

លោករដ្ឋមន្ត្រី បានបន្ថែមថាៈ មិនត្រឹមតែជាកោតសរសើរ ពីឆ្នេរសមុទ្រស្អាតរបស់កម្ពុជា នោះទេ ប្រតិភូប្រទេសម៉ូសំប៊ិក ដែលជាសមាជិកក្លិបឆ្នេរសមុត្រ ដែលស្អាតបំផុត លើសាកលលោក ក៏បានកោតសរសើរ ពីអាងចម្រុះទឹកកខ្វក់របស់កម្ពុជា និងបានសួរនាំ ពីតម្លៃនិងរកអ្នកជំនាញ ដើម្បីទៅធ្វើអាងចម្រុះទឹកកខ្វក់នេះ នៅប្រទេសរបស់គេ ថែមទៀតផង។

លោក ថោង ខុន បានគូសបញ្ជាក់ថាៈ ការៀបចំតុបតែងទីក្រុងរបស់កម្ពុជា បានធ្វើឱ្យ គណៈប្រតិភូទាំងអស់ មានការភ្ញាក់ផ្អើល និងបានសរសើរថា នេះគឺជាទីក្រុង ដែលពោពេញ ដោយភ្លើងលម្អ និងមានភ្ញាក់ផ្អើល ចំពោះអ្វីដែលជាការរីកចម្រើន របស់កម្ពុជា ជាមួយនឹងការមើលឃើញ ពីទេសភាពស្អាត នៅតាមដងផ្លូវរបស់កម្ពុជា ពិសេសស្រុកទេស ដែលមានសុខសន្តិភាព និងការគ្រប់គ្រងកូវីដ១៩បានល្អ ដែលធ្វើឱ្យ ពួកគេអាចធ្វើដំណើរបានដោយសេរី។

ជាមួយនឹងការរៀបចំឆ្នេរសមុទ្រ ឱ្យបានស្អាតនេះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានប្ដេជ្ញានឹងខិតខំការពារទឹកសមុទ្រ ព្រោះប្រសិនបើទឹកសមុទ្រ ត្រូវបានបំផ្លាញ បំពុលហើយ គ្មានទេសចរណា មកលេងសមុទ្រទេ ដូច្នេះត្រូវខិតខំឱ្យមានការយល់ដឹង មុនគេថា នៅសមុទ្រ ត្រូវការពារទឹកសមុទ្រមុនគេ ត្រូវតែមានសមុទ្រស្អាត ត្រូវតែមាន ឆ្នេរស្អាត ហើយត្រូវតែជាទីក្រុង ដែលមានទឹកហូរចូលសមុទ្រ ជាទឹកស្អាតផងដែរ៕/V-PC