ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ស្ត្រីម្នាក់កំពុងសម្រាលកូនខ្ចី ជាអកុសលប្អូន និងកូន បីនាក់ ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តកិន បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍ ដ៏សង្វេគ រវាងម៉ូតូ ជាមួយរថយន្តនេះ បានកើតឡើង នៅវេលាម៉ោង ០៨:៣០ នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី៩ ក្នុងភូមិអូរខ្ជាយត្បូង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពដែលស្និទ្ធជាមួយសាច់ញាតិជនរងគ្រោះ បានបញ្ជាក់ឱ្យដឹងថាៈ ពិតជា អកុសលណាស់ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង ក្នុងពេលតែមួយ ស្របពេលដែលស្ត្រីម្នាក់ កំពុងសម្រាលកូន ចំណែកឯប្អូនប្រុស មកដឹកយកក្មួយ ពីរនាក់ទៀត ទៅផ្ទះ ដើម្បីមើល និងលើកទឹកចិត្តស្ត្រី ជាបងស្រី ដែលកំពុងសម្រាលកូន ចៃដន្យ ត្រូវរថយន្តកិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ពេលកំពុងជិះម៉ូតូ តាមផ្លូវ។

សមត្ថកិច្ច បានឲ្យដឹងថាៈ មុនពេលកើតហេតុ រថយន្តដឹកដី មួយគ្រឿង ម៉ាកនីសាន់ ពណ៌ស គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង (កំណាត់ផ្លូវក្នុងភូមិ) លុះដល់ចំណុចកើតហេតុ រថយន្ត បានបត់ឆ្វេង ភ្លាមនោះ ក៏ប្រទះជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ ១A-៥៨៨០ បានធ្វើដំណើរក្នុងទិសដៅ ស្របគ្នា បើកបរដោយឈ្មោះ ម៉ែន បូរាន ភេទប្រុស អាយុ ៣៣ឆ្នាំ របួសស្រាល មានទីលំនៅ ក្នុងភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយអ្នករួម ដំណើរជាមួយក្មួយ ពីរនាក់ផ្សេងទៀត ដែលក្នុងនោះ មានឈ្មោះ ឃឿប សុខេន ភេទប្រុស អាយុ ៦ឆ្នាំ ស្លាប់ និងក្មេងស្រីម្នាក់ទៀត ឈ្មោះ ឃឿប សុនី អាយុ៤ឆ្នាំ រងរបួសធ្ងន់ ក្នុងពេលដែលឡើងវ៉ាជែងរថយន្តដឹកដី ដើម្បីរូតរះត្រឡប់ទៅផ្ទះ ទៅមើល និងលើកចិត្តដល់បងស្រី កំពុងឈឺពោះ សម្រាលកូន ក៏ជួបរឿងគ្រោះថ្នាក់ មិននឹកស្មានដល់ កើតឡើងតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាល បានចុះពិនិត្យ និងវាស់វែង រួចប្រគល់សាកសព ឱ្យទៅសាច់ញាតិ រីឯមធ្យោបាយ ជាវត្ថុតាងទាំងពីរភាគី ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំការដោះស្រាយ ពេលក្រោយ៕ V / N