ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ម៉ារ៉ុកមិនមានផែនការជាក់លាក់ណាមួយក្នុងការដោះស្រាយជាមួយនឹងគ្រោះថ្នាក់របស់កាយលៀន អឹមបាហ្វេ (Kylian Mbappe)ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវើលខាប់នោះទេ ដោយគ្រូបង្វឹកលោក វ៉ាលីដ រីហ្គាហ្គី (Walid Regragui) បាននិយាយថាម្ចាស់ជើងឯកបារាំងបង្កការគំរាមកំហែងជាលក្ខណៈបុគ្គលច្រើនហួសហេតុពេកមិនអាចផ្តោតអារម្មណ៍លើកីឡាករតែម្នាក់បាននោះទេ។
អឹមបាហ្វេគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងវើលខាប់នេះ ដោយរកបាន ៥ គ្រាប់ហើយ ហើយបានក្លាយជាកីឡាករគោលដៅតាមចាប់ឱ្យជាប់ពីសំណាក់អង់គ្លេសក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ជាកន្លែងដែលរូបគេលេងមិនចេញទាល់តែសោះ ត្បិតបារាំងនៅតែឈ្នះនៅទីបំផុតក៏ដោយ។
លោករីហ្គាហ្គីបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារមុនការប្រកួតនៅកីឡដ្ឋាន Al Baytថា ម៉ារ៉ុកមិនមានផែនការស្រដៀងគ្នានេះទេ។
លោកបាននិយាយថា “ខ្ញុំនឹងមិនព្យាយាមរៀបចំផែនការយុទ្ធសាស្ត្រពិសេសណាមួយដើម្បីតែទប់ទល់នឹងកាយលៀននោះទេ”។
“បារាំងក៏មានកីឡាករល្អផ្សេងទៀតដែរ។ (អង់ទ័ន) គ្រីស្មាន់ កំពុងលេងល្អដល់ចំណុចកំពូល ហើយលេងបានល្អក្នុងតំបន់បម្រើ ហើយអូស្មាន់ ដឹមបេឡេក៏លេងល្អឥតខ្ចោះដូចអឹមបាហ្វេនៅស្លាបផ្សេងទៀតផងដែរ”។
“ប្រសិនបើយើងគ្រាន់តែផ្តោតលើអឹមបាហ្វេ នោះនឹងក្លាយជាកំហុស។ ពួកគេគឺជាជើងឯកពិភពលោក ជាមួយនឹងកីឡាករលំដាប់ពិភពលោក ហើយពួកគេនឹងព្យាយាមដណ្តើមពានឱ្យអស់ពីសមត្ថភាព ដែលពួកគេមាន។ យើងត្រូវផ្តោតលើអ្វីដែលយើងអាចធ្វើបានដើម្បីបង្កបញ្ហាសម្រាប់បារាំង”។
អឹមបាហ្វេ ដែលលេងនៅស្លាបឆ្វេង នឹងត្រូវប៉ះគ្នាជាមួយមិត្តរួមក្លិប Paris St Germain និងជាមិត្តជិតស្និទ្ធ គឺ អាក្រាហ្វ ហាគីមី (Achraf Hakimi) ដែលជាខ្សែការពារស្លាបស្តាំលំដាប់កំពូលរបស់ម៉ារ៉ុក
គ្រូបង្វឹកម៉ារ៉ុក លោក វ៉ាលីដ រីហ្គាហ្គី