ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)កាលពីថ្ងៃពុធបានកាត់តម្រឹមព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសំរាប់ពិភពអាស៊ីកំពុងអភិវឌ្ឍន៍ឆ្នាំ២០២២ពីកំរិត៤,៣ភាគរយដែលខ្លួនបានព្យាករណ៍កាលពីខែកញ្ញាមកនៅត្រឹម ៤,២ភាគរយដោយសារតែវិធានការគ្រប់គ្រងកូវីដ១៩នៅចិន និងសង្គ្រាមអ៊ុយក្រែន។
របាយការណ៍របស់ស្ថាប័នផ្តល់ប្រាក់កំចីដែលមានមូលដ្ឋាននៅក្រុងម៉ានីលនេះបាននិយាយថា ទស្សនវិស័យសំរាប់ឆ្នាំ២០២៣ ក៏មិនសូវភ្លឺស្វាងដោយខ្លួនបានបន្ទាបអត្រាកំណើនពីកំរិត៤,៩ភាគរយមកនៅត្រឹម៤,៦ភាគរយ។
ចង់និយាយដល់ប្រទេសកំពុងអភិវឌ្ឍន៍៤៦ដែលផ្សំគ្នាបង្កើតកំណើនបាន៧ភាគរយកាលពីឆ្នាំមុន វាបាននិយាយថា« ការរើបរើនៅក្នុងអាស៊ីកំពុងអភិវឌ្ឍន៍ត្រូវរំពឹងថានឹងបន្ត តែបាត់បង់ម្ទុះខ្លះ»។ការបិទខ្ទប់នៅចិន សង្គ្រាមអ៊ុយក្រែន និងតំរូវការធ្លាក់ចុះមកពីបណ្តាប្រទេសអភិវឌ្ឍន៍សំរាប់ទំនិញឧស្សាហកម្មជាមូលហេតុធំ។
វាបានបន្ថែមថា « ហានិភ័យជាច្រើនកើតមាននៅពេលបញ្ហាធំទាំងបីខាងលើអាចកាន់តែអាក្រក់ទៅ គួបផ្សំនឹងហានិភ័យភូមិសាស្ត្រនយោបាយនិងការប្រែប្រួលអាកាសធាតុ»។កំណើននៃថ្លៃទំនិញនៅអាម៉េរិកនិងនៅប្រទេសអភិវឌ្ឍន៍ដទៃទៀតអាចនាំអោយធនាគារកណ្តាលរឹតបន្តឹងអត្រាកាប្រាក់ នៅពេលជម្លោះអ៊ុយក្រែនកាន់តែបង្កអតិផរណា។
ជាមួយនឹងការរឹតបន្តឹងវិធានការប្រឆាំងកូវីដ១៩ និងទីផ្សារអចលនទ្រព្យមិននឹងន សេដ្ឋកិច្ចធំបំផុតរបស់អាស៊ី(ចិន) ឥឡូវត្រូវបានធនាគារADBព្យាករណ៍ថានឹងមានកំណើនត្រឹមតែ៣ភាគរយនៅឆ្នាំនេះនិង៤,៣ភាគរយនៅឆ្នាំក្រោយ ធៀបនឹង៣,៣ភាគរយនិង៤,៥ភាគដែលខ្លួនបានព្យាករណ៍កាលពីខែកញ្ញា។
សញ្ញាល្អមួយគឺថា អាស៊ីកំពុងអភិវឌ្ឍន៍នឹងមានកំណើននៅឆ្នាំនេះនិងឆ្នាំក្រោយច្រើនជាងផ្នែកផ្សេងទៀតនៃពិភពលោក ហើយជួបអតិផរណាក៏តិចជាងគេផងដែរ៕
ចិនទើបចាប់ផ្តើមបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ១៩ដ៏តឹងរឹង ក្រោយអនុវត្តវាធ្វើអោយប៉ះពាល់សេដ្ឋកិច្ចពេញមួយឆ្នាំ