ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាង ផាន ធី ញីវ (Phan Thi Nhieu) បានចំណាយពេលមួយទសវត្សរ៍ធ្វើការងារដំឡើងស្បែកជើងសម្រាប់ម៉ាកល្បីៗទូទាំងពិភពលោកដូចជា Timberlandនិង K-Swiss ប៉ុន្តែឥឡូវនេះនាងស្ថិតក្នុងចំណោមកម្មកររោងចក្រវៀតណាមរាប់សែននាក់ដែលត្រូវបានបញ្ឈប់ពីការងារដោយសារអ្នកប្រើប្រាស់លោកខាងលិចកាត់បន្ថយការចំណាយ។
កម្មករជិតកន្លះលាននាក់ផ្សេងទៀតត្រូវបង្ខំឱ្យធ្វើការតិចជាងម៉ោងជាងមុន ដោយសារការបញ្ជាទិញធ្លាក់ចុះនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារឹមធំបំផុតមួយរបស់ពិភពលោក។
វិបត្តិថ្លៃចំណាយនៃការរស់នៅនៅអឺរ៉ុបនិងសហរដ្ឋអាម៉េរិក ដែលជាទីផ្សារសំខាន់សម្រាប់ទំនិញផលិតដោយវៀតណាម បានឃើញអំណាចទិញរបស់អតិថិជនលោកខាងលិចធ្លាក់ចុះ។
កម្មការិនីរោងចក្រ ដែលមានចំនួន ៨០ ភាគរយនៃកម្លាំងពលកម្មក្នុងឧស្សាហកម្មកាត់ដេររបស់វៀតណាម បានរងផលប៉ះពាល់ខ្លាំងបំផុតដោយសារឥទ្ធិពលដួលរលំមួយនេះ។
កាលពីដើមខែមុន នាងញីវអាយុ ៣១ ឆ្នាំ ដែលរស់នៅក្នុងបន្ទប់ទំហំ ៩ ម៉ែត្រការ៉េក្នុងទីក្រុងហូជីមិញជាមួយកូនប្រុសតូចពីរនាក់និងស្វាមីវ័យក្មេងរបស់នាងត្រូវបានប្រាប់ថានាងលែងត្រូវការនៅក្រុមហ៊ុន Ty Hungទៀតហើយ ដែលវាជាក្រុមហ៊ុនផលិតស្បែកជើងតៃវ៉ាន់ដែលផ្គត់ផ្គង់ដល់យីហោលោកខាងលិចធំៗ។
នាងបាននិយាយអំពីការប្រកាសរបស់ក្រុមហ៊ុន Ty Hungក្នុងការបញ្ឈប់កម្មករ ១.២០០ នាក់ក្នុងចំណោម ១.៨០០ នាក់ យ៉ាងដូច្នេះថា “ពួកគេបានប្រាប់យើងថាពួកគេមិនមានការបញ្ជាទិញគ្រប់គ្រាន់ទេ។ខ្ញុំពិតជារន្ធត់និងភ័យខ្លាចខ្លាំងណាស់ ខ្ញុំស្រែកយំ ប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបានទេ ខ្ញុំត្រូវតែទទួលយកវា”។
ការងារនេះរកបានចំណូលឱ្យនាងញីវបានត្រឹមតែ ២២០ ដុល្លារក្នុងមួយខែនៅក្នុងទីក្រុងដ៏ថ្លៃ កន្លែងដែលប្រាក់ចំណូលប្រចាំខែជាមធ្យមគឺ ៣៧០ ដុល្លារ ប៉ុន្តែប្រាក់ខែគឺជាចំណូលទៀងទាត់ដែលគ្រាន់បើជាងការដើររើសផ្សិត ដែលនាងធ្លាប់ធ្វើកាលពីវ័យជំទង់ក្នុងតំបន់ដីសណ្ដទន្លេមេគង្គដ៏ក្តៅបែកក្រហែង៕
នាងញីវ(ស្តាំ)ស្ថិតក្នុងចំណោមកម្មកររាប់សែននាក់ដែលគេបញ្ឈប់ពីការងារ ដោយសារលោកខាងលិចកាត់បន្ថយចំណាយ