ដោយៈម៉េងឆៃ/សៀមរាប៖អាជ្ញាធរជាតិអប្សរា បានចុះ​ហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នាមួយ ជាមួយនឹង​សាកលវិទ្យាល័យឯកជនចំនួនពីរ លើកិច្ចការអភិរក្សសំណង់​បុរាណកាលពីថ្ងៃទី១៣ ខែធ្នូ រវាងអាជ្ញាធរជាតិអប្សរា ជាមួយនិងសាកលវិទ្យាល័យបៀលប្រាយ (Build Bright) និងសាកលវិទ្យាល័យអង្គរ (Angkor University) ប្រចាំខេត្តសៀមរាប។នៅខាងមុខប្រាសាទបន្ទាយសំរែ។

អនុស្សរណៈនេះក្នុងគោលបំណងបើកឱកាសឱ្យក្រុមនិស្សិតផ្នែកស្ថាបត្យកម្មនៃសកលវិទ្យាល័យទាំងពីរនេះអាចយល់ដឹងអំពីសំណង់បុរាណ ព្រមទាំងអាចសិក្សាយកបទពិសោធន៍​លើកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារនៅឯប្រាសាទសំរែនោះផងដែរ។

ថ្លែងក្នុងឱកាសនេះអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរាលោក គឹម សុធិន បានលើកឡើងថា ការណ៍ដែលនាយកដ្ឋានអភិរក្ស​ប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សម្រេចចិត្តចុះ​MoUនាពេលនេះ ដោយសារតែអ្នកជំនាញនៃអង្គការ​អាល្លឺម៉ង់​GIZ ដែលជាក្រុមឯកទេសខាងអភិរក្សថ្ម នៅតាមប្រាសាទ​នានា​ជាយូរមកហើយនោះថា ពេលបច្ចុប្បន្នធនធានមនុស្សខ្មែរ ដែលចេះជួសជុល និងព្យាបាលថ្មប្រាសាទបុរាណ គឺនៅមាន​ចំនួន​តិចតួចនៅឡើយ។

លោកបន្តថា ៖ «នេះគឺជាឱកាសមួយដ៏ល្អ សម្រាប់សាកល​វិទ្យាល័យឯកជនទាំងពីរ ក្នុងការចូលរួមបណ្ដុះបណ្ដាលនិស្សិត ឱ្យល់ដឹងលើសំណង់បុរាណ ដើម្បីរួមចំណែកជួយអភិរក្សនិង​ថែរក្សាមត៌កដូន ឱ្យបានគង់វង្សយូរអង្វែងតទៅទៀត»។

ចំណែកព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យអង្គរ និងប្រធានក្រុម​គ្រូបង្រៀនវិស្វកម្ម ស្ថាបត្យកម្ម លោក ពិន សុមុនី និងលោក ឈួន ភារុន នាយកសាខាសាកលវិទ្យាល័យបៀប្រាយសៀមរាប បានបង្ហាញនូវសុទិដ្ឋិនិយម ដែលអាជ្ញាធរជាតិអប្សរាបាន​អនុញ្ញាតិឱ្យក្រុមនិស្សិតមកពីសកលវិទ្យាល័យទាំងពីរបានចូលរួមសិក្សាយល់ដឹងពីជំនាញអភិរក្សថ្មនៃសំណង់បុរាណនេះ។ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងពីរ បានរំពឹងយ៉ាងមុតមាំថា តាមរយៈអាជ្ញាធរជាតិអប្សរា ជាស្ថាប័នជំនាញមួយ ដែលគ្រប់​គ្រងតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌលោកដ៏ល្បីល្បាញផងនោះ និងអ្នកជំនាញអ្នកជំនាញរបស់អង្គការ​អាល្លឺម៉ង់GIZ នឹងជួយបណ្ដុះបណ្ដាលដល់​និស្សិតមកពី​សាកលវិទ្យាល័យរបស់លោកឱ្យមានសមត្ថភាពពេញលេញ ដើម្បីរួមចំណែកអភិរក្សសំណង់ និងប្រាសាទបុរាណនានា៕សរន/R