ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ប្រភពលោកខាងលិចចំនួនពីរបាននិយាយកាលពីថ្ងៃពុធថា ក្រុមប្រទេសG7បានយល់ព្រមជាមួយវៀតណាមក្នុងការផ្តល់មូលនិធិចំនួន១៥,៥ពាន់លានដុល្លារសំរាប់អន្តរកាលរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះចេញពីការប្រើប្រាស់ធ្យូងថ្ម ។
កិច្ចព្រមព្រៀងនេះត្រូវរំពឹងថានឹងត្រូវប្រកាសនៅយប់ថ្ងៃពុធនៅទីក្រុងព្រុចសែលនៅក្រៅជំនួបកំពូលអាស៊ាននិងសហភាពអឺរ៉ុប។
វៀតណាម ស្ថិតចំណោមប្រទេសម្ភៃដែលប្រើធ្យូងថ្មច្រើនជាងគេនៅក្នុងលោក ។ប្រទេសនេះដំបូងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង«ភាពជាដៃគូអន្តរកាលថាមពលត្រឹមត្រូវ»ជាមួយក្រុមប្រទេសG7នៅជំនួបកំពូលអាកាសធាតុពិភពលោកCOP27កាលពីខែវិច្ឆិកា តែកិច្ចពិភាក្សាជាន់ខ្ពស់បានជាប់គាំងមុនជំនួបនោះ។
វៀតណាម ស្ថិតចំណោមប្រទេសម្ភៃដែលប្រើធ្យូងថ្មច្រើនជាងគេនៅក្នុងលោក
ដើម្បីបញ្ចុះបញ្ចូលអោយវៀតណាមគាំទ្រកិច្ចព្រមព្រៀង ពួកអ្នកចរចាលោកខាងលិចដឹកនាំដោយសហភាពអឺរ៉ុបនិងអង់គ្លេសបានបង្កើនចំនួនមូលនិធិនេះម្តងហើយម្តងទៀតដល់រដ្ឋាភិបាលទីក្រុងហាណូយ។ពាក់កណ្តាលនៃមូលនិធិនេះនឹងចេញពីរដ្ឋាភិបាលនិងនៅសល់ពាក់កណ្តាលទៀតបានមកពីវិស័យឯកជន ហើយមួយចំនួនតូចទេជាជំនួយឥតសំណងនៅពេលមូលនិធិភាគច្រើនជាកំចីសំរាប់វិនយោគសាធារណៈ។
បណ្តាប្រទេសលោកខាងលិចបានជំរុញបង្កើតមូលនិធិនេះដោយផ្តោតលើគំរោងដូចជា កសិដ្ឋានកង្ហារយក្សផលិតអគ្កិសនីនៅសមុទ្រ និងការធ្វើអោយប្រសើរបណ្តាញចែកចាយចរន្តអគ្គិសនីថ្នាក់ជាតិ។
វាជាកិច្ចព្រមព្រៀងដូច្នេះលើកទីបីបង្កើតឡើងដោយក្រុមប្រទេសG7 នៅពេលមានសម្ពាធអោយប្រទេសអ្នកមានជួយបណ្តាប្រទេសក្រីក្រដោះស្រាយនឹងការប្រែប្រួលអាកាសធាតុហើយធ្វើអន្តរកាលឆ្ពោះទៅកាន់ថាមពលបៃតង។ក្រុមនេះបានចុះហត្ថលេខាស្រដៀងគ្នាជាមួយអាហ្វ្រិកខាងត្បូង និងឥណ្ឌូនេស៊ីកាលពីឆ្នាំមុន៕