ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ម៉ារ៉ុកបាននិយាយថាខ្លួនលុបចោលជើងហោះហើរទាំងអស់ដែលបានគ្រោងទុកសម្រាប់ថ្ងៃពុធនេះដើម្បីដឹកអ្នកគាំទ្រទៅកាន់ទីក្រុងដូហា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវើលខាប់ ដោយលើកឡើងពីអ្វីដែលខ្លួននិយាយថាជាការសម្រេចចិត្តរបស់អាជ្ញាធរកាតា។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា “បន្ទាប់ពីមានការរឹតបន្តឹងចុងក្រោយបង្អស់ដែលដាក់ចេញដោយអាជ្ញាធរកាតា ក្រុមហ៊ុន Royal Air Maroc មានការសោកស្តាយក្នុងការជូនដំណឹងដល់អតិថិជនអំពីការលុបចោលជើងហោះហើររបស់ពួកគេដែលដំណើរការដោយក្រុមហ៊ុន Qatar Airways”។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់រដ្ឋាភិបាលកាតាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺទេ។
ក្រុមហ៊ុន Royal Air Maroc មុននេះបាននិយាយថា ខ្លួននឹងដាក់ជើងហោះហើរបន្ថែមចំនួន ៣០ដើម្បីជួយអ្នកគាំទ្រទៅកាន់ប្រទេសកាតាសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់ថ្ងៃពុធជាមួយបារាំង ប៉ុន្តែកាលពីថ្ងៃអង្គារ ប្រភពពីទីភ្នាក់ងារទេសចរណ៍ RAM បាននិយាយថា មានតែជើងហោះហើរចំនួន ១៤ ប៉ុណ្ណោះត្រូវបានគ្រោងទុក។
ការលុបចោលជើងហោះហើរទាំងប្រាំពីរ ដែលបានគ្រោងទុកនៅថ្ងៃពុធនេះ មានន័យថា RAM អាចហោះហើរបានតែប្រាំពីរជើងកាលពីថ្ងៃអង្គារប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកគាំទ្រដែលបានកក់សំបុត្រការប្រកួតឬបន្ទប់សណ្ឋាគាររួចហើយ មិនអាចធ្វើដំណើរបានទេ។
RAMបាននិយាយថា ខ្លួននឹងសងថ្លៃសំបុត្រយន្តហោះវិញនិងសុំទោសអតិថិជន៕
ក្រុមហ៊ុន Royal Air Maroc លុបចោលជើងហោះហើរដឹកអ្នកគាំទ្រម៉ារ៉ុកទាំងអស់នៅថ្ងៃពុធនេះ