ដោយ:សុផល/កំពង់ឆ្នាំង:ខ្លែងឯកខ្មែរដ៏ធំ ដែលមានទំហំ៣ម៉ែត្រ មានការរចនានិងគូសគំនូរដ៏ស្រស់ស្អាត នឹងត្រូវបង្ហាញ និងបង្ហើរនៅក្នុងពីធីបុណ្យរដូវរំហើយ ដែលនឹងរៀបចំនៅ ភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ពិសេសពីនេះទៅទៀត ខ្លែងកិត្តិយស ជាប្រភេទខ្លែងឯកខ្មែរទំហំ២ម៉ែត្រ សរុបចំនួន២០, ខ្លែងមហាជន ជាប្រភេទ ខ្លែងខ្មែរចម្រុះ ចំនួន ១០០ទៀត នឹងដាក់សម្រាប់គូសគំនូរកម្សាន្ត និងបង្ហើរនៅក្នុងកម្មវិធី ផងដែរ។

លោក អុឹង ស៊ីវខូវ ប្រធានគណៈកម្មការរៀបចំពិធីបុណ្យរដូវរំហើយ បានថ្លែងថា ការបង្ហើរខ្លែងខ្មែរត្រូវបានដាក់បញ្ចូលជាព្រឹត្តិការណ៍សំខាន់មួយក្នុងបុណ្យរដូវរំហើយ ក្នុងគោលបំណងលើកស្ទួយខ្លែងខ្មែរដែលជាកេរ្តិ៍ដំណែលពីដូនតា ហើយជាទំនៀមទម្លាប់ ការបង្ហើរខ្លែងគឺតែងចំណាំបង្ហើរនៅខែធ្នូនេះ ដែលស្របពេលប្រជាកសិករប្រមូលផលស្រូវរួច និងមានខ្យល់គ្រប់គ្រាន់សម្រាប់បង្ហើរលេងកម្សាន្ត។

ក្រៅពីការបង្ហើរខ្លែងលេងកម្សាន្ត អ្នកចូលរួមនឹងមានឱកាសទទួលបានបទពិសោធន៍ថ្មី គឺការរៀនធ្វើខ្លែងដោយផ្ទាល់ពីអ្នកជំនាញ និងស្វែងយល់អំពីប្រវត្តិក៏ដូចជាប្រភេទខ្លែងខ្មែរនីមួយៗ។ អ្នកចូលរួមបុណ្យរដូវរំហើយ នឹងទទួលបាននូវបទពិសោធន៍ថ្មីជាច្រើន ទាក់ទងនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរដែលបន្សល់ពីដូនតា ដូចជាការដាល់អំបុកបែបបុរាណ ការលេងល្បែងប្រជាប្រិយខ្មែរ ទស្សនានូវ
ទស្សនីយភាពសិល្បៈបុរាណ និងប្រពៃណីខ្មែរ ការប្រគំតន្រ្តីសម័យដែលមានការចូលរួមពីសិល្បករល្បីៗជាច្រើនរូប ផ្សារបុណ្យរដូវរំហើយ ស្តង់ពិព័រណ៌ភូមិមួយផលិតផលមួយ មានកន្លែងថតរូបកម្សាន្តស្អាតៗជាច្រើន ជាពិសេសគឺការបង្ហោះគោមចំនួន២០២៣ និងការបាញ់កាំជ្រួចដ៏សម្បើម។

សូមបញ្ជាក់ថាពិធីបុណ្យរដូវរំហើយ នឹងប្រារព្ធឡើងនៅថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែធ្នូ ចាប់ពីថ្ងៃរះ លើទឹកដីភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ N