ដោយៈ មុនីរ័ត្ន ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប ) បានឲ្យដឹងថា តាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ សង្កាត់ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ចំនួនភ្នាក់ងារគណបក្សនយោបាយស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សរុបមានចំនួន ៧.៦៦២ នាក់ ក្នុងនោះស្រ្តីមានចំនួន ១.៦១៧ នាក់។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

គ.ជ.ប បានបន្តទៀតថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពដដែលបានបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាមាន និងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបកនយោបាយ ដំណើរការបោះឆ្នោត៕ N