ដោយ៖ ដេប៉ូ/ភ្នំពេញ៖ សំពោច ក លឿង (ឈ្មោះអង់គ្លេស៖ Yellow-throated Marten និងឈ្មោះវិទ្យាសាស្ត្រ៖ Martes flavigula) បច្ចុប្បន្នមានរស់នៅច្រើនតំបន់ក្នុងព្រៃប្រទេសកម្ពុជា ។
បើតាមក្នុងទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាសំពោច ក លឿងមានរូបរាងប្រហាក់ប្រហែលនឹងសំពោចដែរ ប៉ុន្តែស្តើងទ្រវែងបន្តិច។ វារស់នៅច្រើនតំបន់ក្នុងប្រទេសកម្ពុជា និងមានពណ៌ប្រែប្រួលទៅតាមតំបន់ផ្សេងៗដែលវារស់នៅ ដូចជានៅភូមិភាគនិរតី ពួកវាមានដងខ្លួនស្ទើរទាំងមូលពណ៌លឿង រីឯនៅភូមិភាគខាងកើត ពួកវាមានពណ៌លឿងតែនៅត្រង់ក និងពោះប៉ុណ្ណោះ ហើយដងខ្លួនមានពណ៌ត្នោត។
បើតាម សង្កេតគេឃើញថាជាទូទៅសត្វប្រភេទនេះ វាមានពណ៌លឿងជានិច្ច ទោះបីវារស់នៅទីកន្លែងផ្សេងៗគ្នាក៏ដោយ។ សត្វប្រភេទនេះអាចរស់នៅក្នុងទីជម្រកគ្រប់ប្រភេទ ប៉ុន្តែវាចូលចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងជាងគេ ហើយវាអាចឡើងដើមឈើបានយ៉ាងលឿន។ ចំណីអាហាររបស់វាមានដូចជា កំប្រុក ស៊ុត ពស់ បង្គួយ កង្កែប សត្វល្អិត ផ្លែឈើ ឬទឹកឃ្មុំផងដែរ។
សំពោច ក លឿង ស្ថិតនៅក្នុងក្រុមប្រភេទមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់តិចតួច (LC)៕/R