​ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍​បាន​លើកឡើងថា​ក្រោយ​បញ្ចប់​ការប្រឡង​បាក់​ឌុប​ថ្មីៗ​កន្លងមក ហើយ​ខណៈពេល​នេះដែរ​បេក្ខជន​ជាច្រើន​ក៏​កំពុងតែ​ពិចារណា​ជ្រើសរើស​ជំនាញ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​របស់ខ្លួន​ផងដែរ​។​ហេតុនេះ​តើ​បេក្ខជន​គួរ​ជ្រើសរើស​មុខជំនាញ​ណាមួយ​ឱ្យ​បានល្អ​បំផុត​កំណត់​ជោគវាសនា​របស់ខ្លួន​?

​គួរ​បញ្ជាក់ថា​ការផ្តល់​នូវ​គំនិត ក្នុងការ​ត្រួសត្រាយ​សម្រាប់​ផ្លូវ​ក្នុងការ​ពិចារណា​របស់​ក្រសួង​ប្រៃសណីយ៍​នេះ​ក៏​ស្របពេល​បេក្ខជន​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅថា​បាក់​ឌុប​កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​នៃ​ការប្រឡង​របស់ខ្លួន​នា ថ្ងៃ​២៧ ខែធ្នូ ឆ្នាំ​២០២២​ខាងមុខនេះ​ផងដែរ​។​

​ក្រសួង​ប្រៃសណីយ៍​បានឱ្យដឹងថា​៖​ការជ្រើសរើស​ជំនាញ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា គួរតែមាន​ការពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ម៉ត់ចត់ ព្រោះ​ការសម្រេចចិត្ត​មួយ​ដែលមាន​ឥទ្ធិពល​លើ​អនាគត​ការងារ​របស់ខ្លួន​។​

​មាន​បេក្ខជន​ជាច្រើន​ខ្លះ​ចង់​សិក្សា​ជំនាញ​គ្រប់គ្រង គណនេយ្យ វិស្វករ ហើយ​មាន​ខ្លះទៀត​កំពុង​ពិចារណា​ជ្រើស​រើសយក​ជំនាញ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ឌីជីថល​ដូចជា វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science) ទូរគមនាគមន៍​និង​បណ្តាញ (Telecoms and Networking) បច្ចេកវិទ្យា​ក្លោដ (Cloud Computing) ការអភិវឌ្ឍ​សូ​ហ្វ​វែ​រ (Software Development) វិទ្យាសាស្ត្រ​ទិន្នន័យ (Data Science) សន្តិសុខ​សាយ​ប័​រ (Cybersecurity) បច្ចេកវិទ្យា​ប្លុក​ឆេន (Block Chain) បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) បច្ចេកវិទ្យា​បញ្ញា​សប្ប​និមិត្ត (AI) និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce)​ជាដើម ប៉ុន្តែ​មិនទាន់មាន​មូលដ្ឋាន​ច្បាស់​ក្នុងការ​សម្រេចចិត្ត​នៅឡើយ​។

​ក្រសួង​ប្រៃសណីយ៍​បាន​លើកឡើងថា​៖ ហេតុអ្វី​គួរ​ជ្រើសរើស​ជំនាញ​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​?

​តាម​ការសិក្សា​ស្រាវជ្រាវ​មាន​ហេតុផល​ជាច្រើន ក្នុងនោះ​ហេតុផល​សំខាន់ៗ​ចំនួន​ប្រាំ ដែល​បាន​ជំ​រុញឱ្យ​និស្សិត​ជ្រើសរើស​សិក្សា​ជំនាញ​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ដូចខាងក្រោម​៖

១.​ទទួលបាន​ប្រាក់បៀវត្ស​ខ្ពស់ និង​ទីផ្សារការងារ​មាន​តម្រូវការ​ច្រើន​

បច្ចេកវិទ្យា​ឌីជីថល​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ហើយ​គ្រប់​ស្ថាប័ន និង​ក្រុមហ៊ុន​ទាំងអស់​ពិតជា​ត្រូវការ​អ្នកជំនាញ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ បច្ចុប្បន្ន និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​នៅមាន​ចំនួន​តិច ស្រប​ពេលដែល​តម្រូវកា​រ​ជំនាញ​នេះ​មាន​កាន់តែ​ច្រើនឡើង ដែលជា​ឱកាសល្អ​សម្រាប់​ទទួលបាន​ការងា​រ​ធ្វើ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ មិនតែប៉ុណ្ណោះ ដោយសារ​អ្នកជំនាញ​បច្ចេកវិទ្យា​ឌីជីថល​មិនសូវមាន​ច្រើន​នាំឱ្យ​ក្រុមហ៊ុន​និង​ស្ថាប័ន​មានការ​ប្រកួតប្រជែង​ជ្រើសរើស​យកមក​បម្រើការ​ងារ ដោយ​ផ្តល់​ប្រាក់បៀវត្ស​ខ្ពស់​និង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន ដោយ​អាច​ប្រកបការងារ​ជា​អ្នក​អភិវឌ្ឍ​សុស​វែ​រ អ្នកជំនាញ​សន្ដិសុខ​សាយ​ប័​រ និង​អ្នកជំនាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ជាដើម​។​

២.​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​

នៅក្នុង​ប្រទេស​យើង​សព្វថ្ងៃ អ្នក​ប្រកប​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​នៅមាន​ចំនួន​តិច ដូចនេះ អ្នកមាន​ជំនាញ​ផ្នែក​នេះ អាច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រែក្លាយ​ពី​អ្នកជំនាញ​ទៅជា​ម្ចាស់​អាជីវកម្ម ឬ​អ្នកបង្កើត​ធុរកិច្ច​ថ្មី​ឌីជីថល (Startup) តាមរយៈ​ការផ្តល់​សេវាកម្ម​ថ្មី ប្លែក ហើយ​ថែមទាំង​ងាយស្រួល​ចូល​ទីផ្សារ​ផងដែរ​។ បច្ចុប្បន្ននេះ ឱកាស​អាជីវកម្ម​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​នៅមាន​ច្រើន បើ​ធៀប​នឹង​អាជីវកម្ម​ប្រពៃណី​ដែលមាន​ស្រាប់​។​

៣.​មានការ​ផ្តល់​អាហារូបករណ៍​ជាច្រើន​

ដើម្បី​រៀបចំ​មូលដ្ឋានគ្រឹះ​ជំរុញ​ការទទួលយក និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា មាន​អាហារូបករណ៍​ជាច្រើន​ផ្តល់ជូន​ដល់​សិស្សានុសិស្ស ដើម្បី​បន្ត​ចូលរៀន​មហាវិទ្យាល័យ​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​។ ជាក់ស្តែង “​កម្មវិធី​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ (Techo Digital Talent Scholarship)” តាមរយៈ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានផ្តល់​ជូន​ការសិក្សា ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ដល់​សិស្ស​ឆ្នើម​ចំនួន ១៥០​នាក់​ជា​រៀងរាល់ឆ្នាំ សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​និង​ឯកជន ដោយ​និស្សិត​អាហារូបករណ៍​ម្នាក់ៗ​ទទួលបាន​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង ការ​រ៉ាប់រង​លើ​ថ្លៃ​សិក្សា ប្រាក់ឧបត្ថម្ភ​លើ​ការ​ស្នាក់នៅ និង​ហូបចុក​សម្រាប់​រយៈពេល​បួន​ឆ្នាំ​។ ក្រៅពីនេះ មាន​អាហារូបករណ៍​ក្នុង​និង​ក្រៅប្រទេស​ជាច្រើន​ទៀត ដែល​បាន​ផ្តល់ជូន​ជា​បន្តបន្ទាប់​សម្រាប់​ការសិក្សា​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​។ សូម​ចូលក្នុង​ឆា​នែ​ល​តេ​ឡេ​ក្រាម​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​តាមរ​យៈ​តំណរ​ភ្ជាប់ https://t.me/mptcgovkh ដើម្បី​ទទួលបាន​ឱកាសល្អៗ និង​ព័ត៌មាន​ថ្មីៗ​អំពី​បច្ចេកវិទ្យា​ឌីជីថល​។​

៤.​មុខវិជ្ជា​មាន​ប្រយោជន៍ និង​គួរ​ចាប់អារម្មណ៍​ជាច្រើន​

ការជ្រើសរើស​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល គឺមាន​ការបារម្ភ​ថា​មានមុខ​វិជ្ជា​ពិបាក​ក្នុងការ​សិក្សា​។ ផ្ទុយទៅវិញ​មាន​និស្សិត​ជាច្រើន​ក្រោយ​បាន​ចូលរៀន​ជំនាញ​នេះ ពួកគេ​បាន​សម្តែង​នូវ​ការសប្បាយរីករាយ និង​ចាប់អារម្មណ៍​ខ្លាំង​លើ​មុខវិជ្ជា​ដែល​ពួកគេ​រៀន ដោយសារតែ​មុខវិជ្ជា​ភាគច្រើន​ផ្តល់នូវ​ពុទ្ធិ​ថ្មីៗ ដូចជា​ការដោះស្រាយ​បញ្ហា និង​របកគំហើញ​ថ្មីៗ​មិន​ធ្លាប់មាន​ជាដើម​។ ហើយ​មុខវិជ្ជា​នីមួយៗ​សុទ្ធសឹង​តែមាន​សារសំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្នុង​ការទាញយក​ប្រយោជន៍​ពី​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ជា​អតិបរមា​។​

៥.​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​ឱ្យមាន​វឌ្ឍនភាព​ឈានឡើង​

បច្ចេកវិទ្យា​ឌីជីថល​បាន​ដើ​តួរ​យ៉ាងសកម្ម​ក្នុងការ​ប្រែក្លាយ​និង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម ប្រតិបត្តិការ​ធុរកិច្ច ប្រព័ន្ធ​ផ្សព្វផ្សាយ ការទទួលបាន​សេវា​ហិរញ្ញវត្ថុ និង​សេវា​កម្សាន្ត​ជាច្រើន​ផ្សេងទៀត​។ សមិទ្ធផល​សំខាន់​ដែល​យើង​បាន​ប្រើប្រាស់​សព្វថ្ងៃនេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ត្រូវ​អរគុណ​ដល់​គំនិត​ដ៏​អស្ចារ្យ​របស់​និស្សិត​បញ្ចប់​ការសិក្សា ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ដែល​ពួកគាត់​បាន​ប្រើប្រាស់​ចំណេះដឹង​លើ​ផ្នែក​បច្ចេកទេស​បង្កើត​ឧបករណ៍​និង​កម្មវិធី​ជាច្រើន​ដែល​ជួយ​សម្រួល​ដល់​ការរស់នៅ ការធ្វើការ និង​ការទំនាក់ទំនង​ប្រចាំថ្ងៃ​។​ក្នុងន័យនេះ ក្រោយ​បញ្ចប់​ការ សិក្សា​និស្សិត​អាច​ប្រើប្រាស់​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​ឱ្យមាន​វឌ្ឍនភាព​ឈានឡើង ព្រមទាំង​កសាង​សង្គម​ស៊ីវីល័យ​ស្របតាម​និន្នាការ​តំបន់ និង​សកល​៕/R