ដោយៈសុផល/ភ្នំពេញ៖ បវរកញ្ញាអង់ហ្គោឡា កញ្ញា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ (Swelia da silva antonio) បានកោត ស្ញប់ស្ញែងយ៉ាងពិសេសចំពោះភាពស្រស់ស្អាតនិងទាក់ទាញរបស់ឆ្នេរសមុទ្រកម្ពុជា។ កញ្ញាបានសន្យាពាំនាំព័ត៌មានអំពីសោភ័ណ រមណីយភាពទាំងនេះ បង្ហាញជូនប្រជាជនក្នុងប្រទេសខ្លួន ក៏ ដូចជា ទៅកាន់ពិភពលោក ខណៈឆ្នេរសមុទ្រកម្ពុជា ជាទីគួរឱ្យចង់ ទស្សនាកម្សាន្ត និងសម្រាកលម្ហែដ៏ពេញចិត្ត។

ប្រភពក្រសួងទេសចរណ៍នៅថ្ងៃទី១៥ខែធ្នូនេះបានបញ្ជាក់ថា បវរកញ្ញាអង់ហ្គោឡា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ បាន រួមដំណើរជាមួយប្រតិភូ អន្តរជាតិ២០ប្រទេសទៀត មកចូលរួម ក្នុងមហាសន្និបាត លើកទី១៦ របស់ ក្លិបឆ្នេរសមុទ្រដែលស្អាត បំផុតលើសាកល លោកចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ នៅខេត្ត ព្រះសីហនុ ដោយ ភ្ជាប់ជាមួយពិធីបុណ្យសមុទ្រលើកទី៩។

ក្នុងដំណើរអញ្ជើញចូលរួមមហាសន្និបាតក្លិបនៅកម្ពុជានេះ បវរកញ្ញាអង់ហ្គោឡា ក៏ដូចជាប្រតិភូសមាជិកក្លឹបឆ្នេរស្អាត បំផុតលើសកលលោក មកពីបណ្តាប្រទេសដទៃទៀត ត្រូវបាន រៀបចំឱ្យមាន ដំណើរទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍ ទីក្រុង ព្រះសីហនុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងអាងប្រព្រឹត្ត កម្មទឹកកខ្វក់ ដំណើរទស្សនកិច្ចកម្សាន្តទៅកាន់គោលដៅ ទេសចរណ៍នានានៅតំបន់សមុទ្រកម្ពុជា និងបានទៅទស្សនាព្រៃ កោងកាងនៅខេត្តកោះកុង ដែលជាតំបន់ព្រៃកោងកាងដ៏ធំ ជាងគេនៅអាស៊ី។

កញ្ញាបានបញ្ជាក់ថានេះជាលើកទីមួយហើយដែលកញ្ញាធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយក៏ជាលើកទីមួយដែលកញ្ញាធ្វើ ដំណើរ មកតំបន់អាស៊ីផងដែរ។

បវរកញ្ញារូបនេះ បានបង្ហាញអារម្មណ៍ថា កញ្ញាពិតជារីករាយ ណាស់ ដែល បាន មកដល់ប្រទេសកម្ពុជា ពិសេស គឺបាន មកដល់ខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ ដ៏ សំខាន់របស់កម្ពុជា។

កញ្ញា បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទីក្រុងមួយនេះ ហើយរឿងដែលកញ្ញាជាប់ចិត្តស្រឡាញ់ ខ្លាំងបំផុតនោះ គឺដើម ឈើចាំស្នេហ៍ ដែលត្រូវបានថែរក្សាទុកយ៉ាងទាក់ទាញ ហើយសុខ ចិត្តធ្វើផ្លូវវាង ដោយមិនមានការកាប់បំផ្លាញ។បវរកញ្ញារូបនេះ បានកោតសរសើរថា នេះពិតជាការបង្ហាញពីទង្វើបេះដូងមនុស្ស ធម៌។

រឿងមួយទៀតដែល កញ្ញា ស្វេលីយ៉ា ពេញចិត្តនោះ គឺទឹកកខ្វក់ ត្រូវបានធ្វើប្រព្រឹត្តកម្មមុនបង្ហូរ ទៅកាន់ សមុទ្រ។ ដូច្នេះវាមិន ប៉ះពាល់ដល់បរិស្ថានសមុទ្រនោះទេព្រោះគ្រប់គ្នាសុទ្ធតែដឹងថាឆ្នេរនិងទឹកសមុទ្រចាំបាច់គួរតែត្រូវបានថែរក្សា។

កញ្ញាបញ្ជាក់ថា ៖«ខ្ញុំ គិត ថា រឿង មួយ ដែល ល្អ បំផុត គឺឆ្នេរសមុទ្រ ពិតជាស្អាត និងអនាម័យ។ យើងអាចឃើញខ្សាច់ ទន់ល្មើយ និងស្រស់ស្អាតអស្ចារ្យ ហើយយើង អាច លម្ហែកាយ ដើរ និងសម្រាកស្រូបយកខ្យល់អាកាស។ នេះជាអ្វីដែលខ្ញុំពិត ជាសូម សរសើរអំពីឆ្នេរនៅទីនេះ។ វា មិន ត្រឹម តែ ស្អាត ទេ តែវាក៏ធ្វើឱ្យយើងមានអារម្មណ៍ចង់ត្រឡប់មកវិញម្ដងទៀត»។

បវរកញ្ញាអង់ហ្គោឡាវ័យ២៥ឆ្នាំរូបនេះ បានបន្តថា មនុស្សនៅ ទីនេះ មានទឹកចិត្តល្អ ហើយកញ្ញា មាន អារម្មណ៍ថា ទទួលបានការ ស្វាគមន៍ យ៉ាង កក់ក្ដៅ ព្រមទាំងបានថ្លែងអំណរគុណចំពោះ ប្រជាជន កម្ពុជា ដែលបានចែករំលែកភាពកក់ក្ដៅជាមួយកញ្ញា ដែលមកពីឆ្ងាយ។ កញ្ញាបានអះអាងថា កញ្ញា គឺជាអ្នកគាំទ្រខ្លាំង ណាស់ចំពោះការផ្សារភ្ជាប់ ទំនាក់ទំនងអន្តរទ្វីបរវាងមនុស្ស ទំនាក់ទំនងសង្គម និងអន្តររដ្ឋ។

ថ្វីដ្បិតកម្ពុជា និងអង់ហ្គោឡាឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែបវរកញ្ញា ដ៏រួសរាយម្នាក់នេះ មានសុទិដ្ឋិនិយមទៅអនាគតក្នុងការបង្កើន ទំនាក់ទំនងរវាងប្រទេសអង់ហ្គោឡា និងប្រទេសកម្ពុជា។

កញ្ញាបានសន្យាថា «អ្វីដែលខ្ញុំនឹងនិយាយអំពីឆ្នេរសមុទ្រកម្ពុជា នោះគឺថាវាជាកន្លែងដ៏ស្រស់ស្អាត និងជាគួរឱ្យស្នាក់នៅ។ ខ្ញុំ មាន សេចក្តី រីករាយ ជា ខ្លាំងណាស់ ដែលទទួល បានបទពិសោធន៍ ជាមួយគណៈប្រតិភូទាំងមូល និងជាមួយក្រុមការងារទាំងមូល»។

កញ្ញាបានបន្តទៀតថា ការងារ សំខាន់ដែលយើងកំពុងធ្វើនៅទីនេះ ដើម្បីបង្ហាញកន្លែងទេសចរណ៍ ប៉ុន្តែក៏អាចនិយាយបានថា យើងអាច សម្រាកលម្ហែកាយតាមមធ្យោបាយប្រកបដោយ និរន្តរភាព និងការទទួលខុសត្រូវដូចគ្នា ទាំងនៅ កម្ពុជា និងអង់ហ្គោឡា ហើយនេះគឺជាអ្វីដែលយើងកំពុងធ្វើនៅទីនេះ។

ចំពោះវិស័យបរិស្ថាន និងអភិរក្សឆ្នេរ កញ្ញា ស្វេលីយ៉ា គិតថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចែករំលែកសេចក្តីល្អដែលយើង មាន។ វា ជា រឿង មួយ ដ៏សំខាន់ បំផុតចំពោះអ្វីដែលយើងកំពុង ធ្វើនៅទីនេះ នោះគឺបង្កើតបណ្តាញទំនាក់ទំនង។ វាមិនមែនតែសំដៅទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសអង់ហ្គោឡា និងកម្ពុជានោះទេ តែវាជាទំនាក់ទំនងរវាងអង់ហ្គោឡាទៅកាន់ ពិភពលោក និងកម្ពុជាទៅកាន់ពិភពលោក។ ដូច្នេះ ត្រូវ ផ្សារភ្ជាប់ ត្រូវ នាំ មនុស្ស មក កាន់ទីនេះ៕សរន / N