ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ មុនព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣មកដល់កីឡាម៉ូតូទឹកកម្ពុជានៅសល់បីព្រឹត្តិការណ៍ធំៗទៀតដែលនោះជាឱកាសសម្រាប់កីឡាករកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន។
លោក ប៊ូ វិរៈ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាថ្លែងនៅទីក្រុងប៉ាតាយ៉ាប្រទេសថៃនាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថាការប្រកួតកម្រិតអន្តរជាតិនេះមានសារសំខាន់ខ្លាំងសម្រាប់សហព័ន្ធក្នុងការពង្រឹងសមត្ថភាពកីឡាករ និងមន្ត្រីបច្ចេកទេស។ ជាពិសេសពង្រឹងលើការរៀបចំដើម្បីស្ទាបស្ទង់និងដកបទពិសោធន៍ពីចំនុចខ្វះខាតយកមកសិក្សាស្វែងយល់រកចំនុចខ្លាំងលើគ្រប់ផ្នែកឲ្យបានរួចរាល់ និងល្អប្រសើរ។
ការប្រកួតជើងឯកពិភពលោកជុំចុងក្រោយនេះសហព័ន្ធមានទំនុកចិត្តលើកីឡាករកម្ពុជាទាំងប្រាំពីររូបជាពិសេសកីឡាករ សាលីអូម៉ើត ជាម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និងជាកីឡាករលេចធ្លោដែលទទួលបានការកោតសរសើរពីកីឡាករអន្តរជាតិរួមជាមួយកីឡាករខ្លាំងៗជាច្រើនរូបទៀត ដូចជា មីន ម៉ូស្តាន់ និង កៃ វ៉ាន់សីដេន ជាដើម។
ក្រៅពីកីឡាករខ្លាំងៗសហព័ន្ធក៏បានបញ្ជូនកីឡាករវ័យក្មេងមួយរូបចូលរួមប្រកួតដកស្រង់បទពិសោធន៍ បន្សាំខ្លួនពីការប្រកួតកម្រិតអន្តរជាតិជាមួយរៀមច្បងនិងកីឡាករអន្តរជាតិ រួមទាំងមន្ត្រីបច្ចេកទេស៨រូបដែលបានការឯកភាពពីក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មាធិការជាតិ CAMSOC មករៀនសូត្រស្វែងយល់ពីបច្ចេកទេសរៀបចំនិងសម្ភារផ្សេងៗដែលសហព័ន្ធខ្វះខាត យកទៅបំពេញបន្ថែម ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។
ក្រៅពីការប្រកួតកម្រិតអន្តរជាតិចុងឆ្នាំ២០២២នេះសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាមានផែនការរៀបចំការប្រកួតកម្រិតជាតិពីរលើកទៀតនៅដើមខែកុម្ភៈ និងចុងខែមីនា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសបន្ថែមកីឡាករឆ្នើមៗ និងមន្ត្រីបច្ចេកទេសល្អៗ។ ជាពិសេសត្រួតពិនិត្យមើលគ្រប់ផ្នែកចុងក្រោយអំពីសមត្ថភាពឲ្យបានគ្រប់ជ្រុងជ្រោយ និងជឿជាក់ត្រៀមការរៀបចំ និង
ដណ្តើមមេដាយមាសពីកីឡាស៊ីហ្គេមឆ្នាំ២០២៣ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងប្រវត្តិសាស្ត្រ។
ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Series) ជុំចុងក្រោយឆ្នាំ២០២២ នៅទីក្រុងប៉ាតាយ៉ាប្រទេសថៃ កម្ពុជាបានបញ្ជូនកីឡាករប្រាំពីររូប និងមន្ត្រីបច្ចេកទេសប្រាំបីរូបចូលរួម និងប្រតិភូដឹកនាំដោយលោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា។ ហេតុនេះ ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ជុំចុងក្រោយ (Jet Ski World Series) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយ៉ាប្រទេសថៃ និងការប្រកួតកម្រិតជាតិពីរលើកទៀតនាដើមឆ្នាំ២០២៣ គឺគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនប្រជែងមេដាយ និងម្ចាស់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយសក្តានុពល និងភាពជឿជាក់៕/R