ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សត្វពង្រូល មានឈ្មោះជាភាសាអង់គ្លេសថា Sunda Pangolin ឈ្មោះវិទ្យាសាស្រ្ត Manis javanica ។ ពង្រូល ជាប្រភេទសត្វ ធ្វើចលនាដោយវារ មានថ្ងាសផត ស្រការព័ណ៌ស្រអាប់ និងព័ណ៌ដី ដោយសៀត បញ្ចូលគ្នា ជាប់នឹងស្បែក ដូចដំបូលប្រក់ក្បឿង និងគ្មានធ្មេញ។

ពង្រូល ជើងរបស់វា មានម្រាមប្រាំ និងមានក្រចក គ្រប់ម្រាមទាំងអស់ ក្រញ៉ាំជើងមុខ វែងជាងក្រញ៉ាំជើងក្រោយ។ វាមានជម្រក ភាគច្រើន នៅក្នុងព្រៃស្រោង ដែលមានដើម ឈើខ្ពស់ៗ ព្រៃក្រោយ ការធ្វើអាជីវកម្ម និងដីកសិកម្ម។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុកថា៖ ពង្រូលជាសត្វដែលរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃដេក ក្នុងរន្ធដីហើយចំណីររបស់វាមាន ស្រមោច សង្អារ អង្ក្រង ដុកឌឿ និងកណ្តៀរ។
ពេលជួបឧបសគ្គ សត្វប្រភេទនេះ រមូរខ្លួន ដោយយកកន្ទុយព័ទ្ធជុំវិញ រាងទាំងមូល ដូចបាល់។ វាអាចបង្កើតកូនបាន ១ក្បាល ជួនកាល ២ក្បាល ក្រោយពរពោះ រយៈពេល ២-៣ ខែ ហើយកូនរបស់វា តោងកន្ទុយពេលមេវា បម្លាស់ទី។

នៅក្នុងប្រទេសកម្ពុជា សត្វពង្រូល មានដោយកន្លែង ក្នុងទីជម្រកសមស្រប ហើយវាជា ប្រភេទមានដោយកម្រ នៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ ឈានទៅរកការវិនាសផុតពូជ (CR) ៕ V / N