ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ លោក បឺណាត អាណុល (Bernard Arnault) ដែលជាមហាសេដ្ឋីបារាំងនៅពីក្រោយក្រុមហ៊ុនមហាអំណាចទំនិញប្រណីត LVMH បានវ៉ាដាច់ម្ចាស់ Twitter លោក អេឡុន ម៉ាស នៅលើសន្ទស្សន៍មហាសេដ្ឋី Bloomberg កាលពីថ្ងៃអង្គារទី១៣ធ្នូ ដោយកត់សម្គាល់ជាលើកទីមួយដែលលោកបានជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីអ្នកមានបំផុត។ តាមពិតមិនដែលធ្លាប់មាននរណាម្នាក់មកពីប្រទេសបារាំងឬអឺរ៉ុបទាំងមូលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើភពផែនដីនោះទេ។
បុរសអាយុ ៧៣ ឆ្នាំរូបនេះបានស្ថិតក្នុងតារាងចំណាត់ថ្នាក់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជាយូរមកហើយ ប៉ុន្តែខុសពីលោកម៉ាសនិងមហាសេដ្ឋីដទៃទៀត លោកកម្របង្ហាញមុខជាសាធារណៈណាស់ហើយមិនដែលមានសកម្មភាពផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនោះទេ។ ទោះបីជាក្រុមហ៊ុន LVMH Moet Hennessy Louis Vuitton មានមុខមាត់ជាយីហោនៃប្រណីតភាពអស្ចារ្យពេកក្រៃដោយមានយីហោចំនួន ៧៥ រាប់ចាប់ពីម៉ាក Dom Perignon រហូតដល់ម៉ាក Christian Dior និងម៉ាក Tiffany & Co ក៏ដោយ ក៏លោកមិនចង់បង្ហាញមុខមាត់នៅក្នុងប្រទេសមួយដែលស្អប់ការសម្ញែងទ្រព្យសម្បត្តិនោះឡើយ។
លោកអាណុល ដែលមានទ្រព្យសម្បត្តិប្រមាណ ១៧០,៨ ពាន់លានដុល្លារអាម៉េរិក បានប្រើប្រាស់សិល្បៈហត្ថកម្មរបស់អឺរ៉ុបដើម្បីប្រែក្លាយក្រុមហ៊ុន LVMHទៅជាក្រុមហ៊ុនពហុទំនិញប្រណីតដ៏ធំបំផុតរបស់ពិភពលោក។ វាជាកន្លែងហ្វឹកហាត់សម្រាប់អ្នករចនាម៉ូត ដែលមានមហិច្ឆតាចង់បង្កើតកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនគេ តួយ៉ាងដូចជា លោក ម៉ាក ចាកូប (Marc Jacobs) និងសពលោក វើជីល អាប់ឡូ (Virgil Abloh) នៅក្រុមហ៊ុន Louis Vuitton, លោក រ៉ាហ្វ សាយម៉ុន (Raf Simons) នៅក្រុមហ៊ុន Christian Dior និង លោក ហ្វូបេ ហ្វីឡូ (Phoebe Philo) នៅក្រុមហ៊ុន Celine។ ពួកគេទាំងអស់នេះបានបញ្ចូលឱ្យយីហោល្បីទាំងនេះនូវភាពថ្មីថ្មោង ដែលរក្សាក្រុមហ៊ុនឱ្យនៅតែពាក់ព័ន្ធជាមួយអ្នកប្រើប្រាស់វ័យក្មេង។
ខណៈទីផ្សារចុះខ្សោយក៏បានបង្ហូតទ្រព្យសម្បត្តិរបស់លោកអាណុលចេញនៅឆ្នាំនេះ ពោលគឺថយចុះ ៧,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ លោកនៅតែធ្វើបានល្អប្រសើរជាងពួកមហាសេដ្ឋីបច្ចេកវិជ្ជា ដែលគ្របដណ្តប់លើបញ្ជីអ្នកមានបំផុតនៅលើពិភពលោក។ នោះគឺដោយសារតែតម្រូវការនៅតែមានភាពរឹងមាំសម្រាប់ផលិតផលលំដាប់ខ្ពស់ ខណៈវិបត្តិកូវីដ១៩បានធូរស្រាល។
ក្រុមហ៊ុន LVMH ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស រកចំណូលបាន ៦៤ ពាន់លានអឺរ៉ូក្នុងការលក់កាលពីឆ្នាំមុន ដែលជាការស្ទុះងើបឡើងវិញយ៉ាងខ្លាំងពីការធ្លាក់ចុះប្រឹបដោយសារជំងឺរាតត្បាតក្នុងឆ្នាំ ២០២០។ លោកអាណុលនិងក្រុមគ្រួសាររបស់គាត់មានភាគហ៊ុនប្រហែល ៤៨ ភាគរយនៅក្នុងក្រុមហ៊ុន ជាមួយនឹងសិទ្ធិបោះឆ្នោត ៦៤ ភាគរយ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
កើតនៅទីក្រុងរូបេក (Roubaix) ភាគខាងជើងប្រទេសបារាំងក្នុងឆ្នាំ ១៩៤៩ លោកអាណុលបានបញ្ចប់ការសិក្សាពីសាលាវិស្វកម្មវរជន Polytechnique។លោកបានបន្តធ្វើការនៅអាជីវកម្មគ្រួសារគឺក្រុមហ៊ុន Ferret Savinel ដែលផ្តោតលើសំណង់ឧស្សាហកម្ម មុនពេលផ្លាស់ទៅរស់នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ ១៩៨១ ជាកន្លែងដែលគាត់ប្រថុយរកស៊ីខាងអភិវឌ្ឍន៍អចលនទ្រព្យ។
លោកបានត្រឡប់មកបារាំងវិញ ហើយឈានជើងចូលទៅក្នុងវិស័យទំនិញប្រណីតក្នុងឆ្នាំ ១៩៨៤ នៅពេលដែលគាត់កាន់កាប់ក្រុមហ៊ុន Boussac Saint-Freres ជាក្រុមហ៊ុនវាយនភណ្ឌក្ស័យធន ដែលជាម្ចាស់លើម៉ាកយីហោកាបូប Christian Dior ។ លោកបានកែច្នៃប្រភេទអាជីវកម្មភាគច្រើនរបស់ក្រុមហ៊ុន ហើយក្នុងឆ្នាំ ១៩៨៩បានប្រើប្រាស់វិបត្តិដើម្បីទិញភាគហ៊ុនគ្រប់គ្រងនៅក្នុងក្រុមហ៊ុន LVMH ដែលក្រុមហ៊ុនសំខាន់ពីររបស់ខ្លួន គឺ Louis Vuitton និង Moet Hennessy បានច្រចាប់បញ្ចូលគ្នាក្នុងឆ្នាំ ១៩៨៧។
ក្នុងរយៈពេលបីទសវត្សរ៍បន្ទាប់ លោកបានប្រែក្លាយក្រុមហ៊ុន LVMH ទៅជាកន្លែងលក់ស្រាសំប៉ាញ ស្រាក្រហម ស្រាគោញាក់ សម្លៀកបំពាក់ ឈុតធ្វើពីស្បែក នាឡិកា គ្រឿងអលង្ការ ការស្នាក់នៅសណ្ឋាគារ ទឹកអប់ និងគ្រឿងសម្អាង តាមរយៈហាងជាង ៥.៥០០ នៅទូទាំងពិភពលោក។ លោកបានដឹងមុនគេថាប្រទេសចិននឹងក្លាយជាទីផ្សារសំខាន់ ហើយក៏ប្រញាប់បើកហាង Louis Vuitton ដំបូងគេក្នុងទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៩២។
LVMH ដែលមានតម្លៃទីផ្សារ ៣៦៥,៧ ពាន់លានអឺរ៉ូ ដែលជាតម្លៃទីផ្សារធំបំផុតនៅអឺរ៉ុបកាលពីដើមឆ្នាំនេះ បានដកចេញដែនកំណត់នៃអាយុរបស់នាយកប្រតិបត្តិរបស់ខ្លួន។ នោះនឹងអនុញ្ញាតឱ្យលោកអាណុលបន្តកាន់តំណែងនេះរហូតដល់អាយុ ៨០ ឆ្នាំ ជាសញ្ញាមួយបង្ហាញថា លោកមានបំណងចង់កាន់តំណែងនេះយូរជាងនេះទៀត។
ក្នុងការខិតខំដើម្បីគេចចេញពីភាពលេចមុខមាត់ជាសាធារណៈ លោកអាណុលបាននិយាយកាលពីខែតុលាថា ក្រុមហ៊ុន LVMH បានលក់យន្តហោះឯកជនរបស់ខ្លួនហើយ។ គណនី Twitter ជាច្រើនបានតាមដានយន្តហោះរបស់ពួកមហាសេដ្ឋីក្នុងការប៉ុនប៉ងធ្វើឱ្យពួកគេអាម៉ាស់មុខចំពោះការបំភាយកាបូន ហើយប្រធានបទនេះបានក្លាយជាប្រធានបទក្តៅនៅក្នុងប្រទេសបារាំង ដោយមានអ្នកនយោបាយមួយចំនួនបានស្នើឱ្យហាមឃាត់ឬបង់ពន្ធឱ្យច្រើនលើយន្តហោះឯកជន។
លោកអាណុលបាននិយាយនៅលើវិទ្យុ Radio Classique ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន LVMH ថា “ជាមួយនឹងសាច់រឿងទាំងអស់នេះ ក្រុមហ៊ុនមានយន្តហោះមួយគ្រឿង ហើយយើងបានលក់វាហើយ។ លទ្ធផលឥឡូវគឺថាគ្មានអ្នកណាម្នាក់អាចមើលឃើញថាខ្ញុំទៅទីណានោះទេ ព្រោះខ្ញុំជួលយន្តហោះគេ ពេលខ្ញុំប្រើយន្តហោះឯកជន”៕
លោក បឺណាត អាណុល ឥឡូវ វ៉ាដាច់ អេឡុន ម៉ាស ក្លាយជាមនុស្សមានទ្រព្យធនច្រើនបំផុតលើលោក