ដោយៈ បាយ័ន / សៀមរាបៈ អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងប្រារព្ធបើកព្រឹត្តិការណ៍ រំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃ ចំនួន ១៣០ អង្គ នៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកស្រី កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា។ នៅថ្ងៃទី១៥នេះ ជាថ្ងៃទី២ ហើយៗ អាជ្ញាធរ នឹងបញ្ចប់ពិធីបុណ្យ នៅថ្ងៃទី១៦។

ក្នុងពិធីបើកព្រឹត្តិការណ៏«រំលឹកគុណអង្គរ» នាពេលនេះ លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថាៈ ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ ប្រារព្ធធ្វើឡើង ក្នុងគោលបំណង ដើម្បីអបអរសាទរខួបទី៣០ ឆ្នាំ នៃការចុះរមណីយដ្ឋាអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២-ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក៏ដូចជា ដើម្បីរំលឹកគុណ ដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រ ជំនាន់មុន គ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា ព្រមទាំងបានបន្សល់ទុក នូវ សម្បត្តិបេតិកភណ្ឌសិល្បៈ និងវប្បធម៌ ជាច្រើនទៀត ដែលជាគុណប្រយោជន៍ ផ្នែកសង្គម និងសេដ្ឋកិច្ច ដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត។

លោកស្រី កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ថាៈ ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការរំលឹកមួយ ទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យចងចាំនូវគុណូបការៈ របស់បុព្វបុរសខ្មែរ ដែលបានលះបង់យ៉ាងច្រើន ដើម្បីការពារអង្គរ ឱ្យបានគង់វង្ស បន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ហើយយើងគ្រប់គ្នា ដែលជាកុលបុត្រកុលធីតាខ្មែរ ជំនាន់ក្រោយ គឺជាអ្នកស្នងមត៌កទាំងនេះ ដោយសេចក្តី ថ្លៃថ្នូរ ព្រមទាំងជាអ្នកដែលត្រូវបន្តវេន ថែរក្សាអង្គរតទៅទៀត។ បេតិកភណ្ឌអង្គរមិនអាច បំភ្លេចបានឡើយ ពីព្រោះវប្បធម៌ គឺជាបេតិកភណ្ឌអរូបិយ របស់ជាតិយើង ហើយអង្គរ គឺជារតនៈសម្បត្តិ ដ៏មហាសាល ដែលមិនអាចកាត់ថ្លៃបាន ហើយព្រឹត្តិការណ៍រំលឹក គុណអង្គរនេះ យើងនឹងត្រូវប្រារព្ធឡើង ក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃ នៃការប្រារព្ឋព្រឹត្តិការណ៍រំលឹកគុណអង្គរ(គឺថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២២) ក្រៅពីការប្រារព្ធពិធីសាសនា អាជ្ញាធរជាតិអប្សរា នៅបានរៀបចំកម្មវិធីសំខាន់ៗ មួយចំនួនទៀត ដូចជា ស្ដង់ពិព័រណ៍ស្តីពីសមិទ្ធផល រយៈពេល ៣០ ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍ ដោយចីរភាព រមណីយដ្ឋានអង្អរ រៀបចំការទស្សនា នៅតាមការដ្ឋាន និងសារមន្ទីររបស់អាជ្ញាធរជាតិ អប្សរា ជូនភ្ញៀវទេសចរ និងសាធារណជន ចូលរួមដោយសេរី ដើម្បីសិក្សាស្វែងយល់ ពីកិច្ចការអភិរក្ស និងកិច្ចការរៀបចំ តំបន់រមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា និងពេលរាត្រី មានការសម្ដែងសិល្បៈ ជូនសាធារណជន ទស្សនាកម្សាន្តផងដែរ៕/V/R