ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកការទូតអង្គការសហប្រជាជាតិ(អ.ស.ប) ដែលមានព័ត៌មានច្បាស់ការពីររូប បាននិយាយកាលពីថ្ងៃពុធទី១៤ធ្នូថាគណៈកម្មាធិការដ៏សំខាន់មួយរបស់អ.ស.បបានរារាំងរបបយោធាមីយ៉ាន់ម៉ាជាថ្មីម្តងទៀតពីការទទួលបានអាសនៈរបស់ប្រទេសនេះនៅអ.ស.ប។
ក្រុមអ្នកការទូតបាននិយាយថា គណៈកម្មាធិការសារតាំងរបស់មហាសន្និបាតបានជួបប្រជុំកាលពីថ្ងៃចន្ទ ហើយបានពន្យារពេលសកម្មភាពលើសំណើរបស់របបយោធាដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅមុនពេលការប្រកាសជាផ្លូវការដែលទំនងធ្វើនៅចុងសប្តាហ៍នេះ។
ការសម្រេចចិត្តនេះមានន័យថា លោក ក្យរ ម៉ូ ទុន (Kyaw Moe Tun) ដែលជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅអ.ស.បនៅពេលដែលយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ នឹងនៅតែបន្តការងារដដែល។
លោក ក្យរ ម៉ូ ទុន នៅជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅអ.ស.ប
កាលពីខែធ្នូឆ្នាំមុន មេដឹកនាំយោធារបស់មីយ៉ាន់ម៉ាក៏បានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីជំនួសលោកទុនផងដែរដែលនៅតែជាអ្នកគាំទ្ររដ្ឋាភិបាលមុននិងរដ្ឋាភិបាលរួបរួមជាតិដែលប្រឆាំងនឹងរបបយោធា។
លោក គ្រីស ហ្គាន់ណេស (Chris Gunness)នាយកគម្រោងគណនេយ្យភាពមីយ៉ាន់ម៉ា ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានស្វាគមន៍ចំពោះចំណាត់ការរបស់គណៈកម្មាធិការសារតាំងដោយនិយាយថា វាមាន “សារៈសំខាន់ខាងការទូតនិងជានិមិត្តរូបដ៏អស្ចារ្យ នៅគ្រាដែលមេដឹកនាំរដ្ឋប្រហារខុសច្បាប់កំពុងព្យាយាមទទួលបានការទទួលស្គាល់ពីអន្តរជាតិ”។
លោកហ្គាន់ណេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧត្តមសេនីយ៍មីន អ៊ុងហ្លាំង (Min Aung Hlaing)បានបង្កអំពើហិង្សាលើប្រជាជនមីយ៉ាន់ម៉ាក្នុងកម្រិតមួយដែលមិនធ្លាប់ឃើញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពី ប៉ុល ពត បានបញ្ចេញនូវរជ្ជកាលនៃអំពើភេរវកម្មរបស់ខ្មែរក្រហមមកលើប្រទេសកម្ពុជា”។
លោក ដាមៀន លីលី (Damian Lilly) ជាមន្ត្រីគម្រោងគណនេយ្យភាព បានជំរុញឱ្យអ.ស.បធានាថា លោកទុនមានសិទ្ធិនិងឯកសិទ្ធិទាំងអស់របស់អ.ស.ប ហើយថារដ្ឋាភិបាលឯកភាពជាតិ “ត្រូវបានអនុញ្ញាតឱ្យតំណាងឱ្យប្រទេសមីយ៉ាន់ម៉ានៅក្នុងស្ថាប័នអ.ស.បទាំងអស់”។
លោកបាននិយាយថា “ពេលនេះមានភាពមិនស៊ីសង្វាក់គ្នាគួរឱ្យកត់សម្គាល់” ខណៈលោកទុនកំពុងអង្គុយក្នុងមហាសន្និបាតដែលមានសមាជិកចំនួន ១៩៣ រូប ខណៈកៅអីរបស់មីយ៉ាន់ម៉ានៅក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បគឺទទេ៕
គណៈកម្មាធិការសារតាំងរបស់មហាសន្និបាតបានជួបប្រជុំកាលពីថ្ងៃចន្ទ ហើយបានពន្យារពេលសកម្មភាពលើសំណើរបស់របបយោធាដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅមុនពេលការប្រកាសជាផ្លូវការដែលទំនងធ្វើនៅចុងសប្តាហ៍នេះ