ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្រុមហ៊ុនផលិតអាវុធអាម៉េរិកនិងមន្ត្រីរដ្ឋាភិបាលវៀតណាមបានពិភាក្សាអំពីការទិញលក់គ្រឿងសព្វាវុធ រួមមានឧទ្ធម្ភាគចក្រនិងដ្រូន នេះបើតាមប្រភពព័ត៌មានពីរដែលដឹងរឿងនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅពេលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះទំនងជាចង់បន្ថយការពឹងលើសព្វាវុធរុស្ស៊ី។
មន្ត្រីទៅពីក្រុមហ៊ុនឡក់ហីដ ម៉ាធីន(Lockheed Martin) បូអ៊ីង( Boeing)រ៉ាយធឿន( Raytheon) ធិចត្រុន( Textron)និង អាយអឹម ស៊ីស្ទឹម គ្រុប(IM Systems Group)បានជួបពិភាក្សាគ្នាក្នុងអំឡុងពេលវៀតណាមរៀបចំតាំងពិព័រណ៍យោធាធំបំផុតកាលពីសប្តាហ៍មុន។អ្នកដែលបានចូលរួមកិច្ចពិភាក្សានេះម្នាក់បាននិយាយថា ភាគីវៀតណាមមានមន្ត្រីជាន់ខ្ពស់នៅក្រសួងសន្តិសុខសាធារណៈនិងក្រសួងការពារជាតិ។
កិច្ចពិភាក្សាជំហានដំបូងនៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ និងវាកើតឡើងនៅពេលវៀតណាមស្វះស្វែងរកប្រភពផ្គត់ផ្គង់អាវុធថ្មី នៅពេលសង្គ្រាមអ៊ុយក្រែនកាន់តែធ្វើអោយរុស្ស៊ីពិបាកផ្គត់ផ្គង់សព្វាវុធ។សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏នាំអោយមានការដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ។
ង្វៀន ថេ ហ្វឿង(Nguyen The Phuong)អ្នកជំនាញការយោធានិងជាសាស្រ្តាចារ្យម្នាក់នៅសកលវិទ្យាល័យញូវ សោត វ៉េលស៍(New South Wales)បាននិយាយថា«វាកត់សំគាល់ការចាប់ផ្តើមការបើកចំហធំឡើងរបស់កងទ័ពប្រជាជនវៀតណាមក្នុងការទទួលយកសព្វាវុធអាម៉េរិក និងជារួមវាបង្ហាញច្ឆន្ទៈក្នុងការចូលរួមពាក់ព័ន្ធជាមួយអាម៉េរិកខាងវិស័យយោធា »។
អ្នកចូលរួមក្នុងកិច្ចពិភក្សាម្នាក់បាននិយាយថា ក្រុមហ៊ុនអាម៉េរិកបានសុំលក់គ្រឿងបរិក្ខារយោធាមួយចំនួន រួមមានឧទ្ធម្ភាគចក្រនិងដ្រូន រ៉ាដានិងប្រព័ន្ធយោធាដទៃទៀតដើម្បីការពារដែនអាកាសសមុទ្រនិងអវកាសវៀតណាម។ទោះជាយ៉ាងណា ក្រសួងការពារជាតិនិងការបរទេសវៀតណាមមិនបានឆ្លើយតបនឹងការសុំបញ្ជាក់ពីអ្នកយកព័ត៌មានទេ៕
ប្រភពព័ត៌មានបាននិយាយថា កិច្ចពិភាក្សាអំពីដ្រូននិងឧទ្ធម្ភាគចក្រត្រូវបានធ្វើតាំងពីមុនពេលវៀតណាមរៀបចំពិព័រណ៍យោធាកាលពីសប្តាហ៍មុនមកម្ល៉េះ និងមានការពិភាក្សាអំពីសព្វាវុធដទៃទៀត