ដោយៈ សរិទ្ធ / កណ្តាល៖ យុវជនម្នាក់ បានជិះម៉ូតូទៅឈប់មុខ មន្ទីរពេទ្យឯកជន ចំនួន ១កន្លែង រួចដើរចូលទៅឱ្យគ្រូពេទ្យ ពិនិត្យជំងឺ ដែលនៅពេលនោះ បានស្ទុះទៅក្រៀក ច្របាច់ ក និងយកដៃខ្ទប់មាត់ គ្រូពេទ្យ បោកផ្តួលទៅនឹងដី បំណងប្លន់ទ្រព្យសម្បត្តិ តែមិនសម្រេច ក៏ត្រូវអ្នកគ្រូពេទ្យ និងអ្នកជិតខាង ក្របួចជាប់រាយការណ៍ជូនសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពី ជនសង្ស័យ បានធ្វើសកម្មភាព លួចយកកាបូបរបស់គ្រូពេទ្យម្នាក់ នៅមន្ទីរពេទ្យ ឯកជន ១កន្លែងផ្សេងទៀត កាលពីពេលព្រឹក ថ្ងៃដដែលនេះដែរ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ យុវជន ជាជនសង្ស័យនោះ ឈ្មោះ ពៅ សុភ័ក្ត្រ អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិថ្នល់ទស្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ ចំណែក ជនរងគ្រោះមានចំនួន ២នាក់ ទី១-ឈ្មោះ ហេង វាសនា ភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ គ្រូពេទ្យ និងទី២ ឈ្មោះ ហង់ កែវកណ្ណិកា ភេទស្រី អាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ គ្រូពេទ្យ។

សមត្ថកិច្ច បានឱ្យដឹងបន្ថែមទៀតថាៈ នៅវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ជនសង្ស័យ ខាងលើ បានជិះម៉ូតូ ចេញពីផ្ទះរបស់ខ្លួន មកម្តុំផ្សារកំពង់កន្ទួត រួចបានចូលមន្ទីរពេទ្យឯកជន មួយកន្លែងយីហោ «បន្ទប់ពិគ្រោះជំងឺ និងព្យាបាល សាន សុវណ្ណ» ស្ថិតក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ពេលចូលទៅដល់ ជនសង្ស័យ បានឱ្យជនរងគ្រោះ ពិនិត្យជំងឺរបស់ខ្លួន ពេលពិនិត្យរួច ជនរងគ្រោះ បានប្រាប់ថា អូនឯងលើសឈាមហើយ ពេលនោះ ជនសង្ស័យ បានប្រាប់ថា អត់អីទេ រួចក៏ចេញទៅបាត់ទៅ។ មួយសន្ទុះក្រោយមក ជនសង្ស័យ បានជិះម៉ូតូ ត្រឡប់មកផ្ទះ ជនរងគ្រោះម្ដងទៀត ហើយបានធ្វើសកម្មភាព លួចយក កាបូបរបស់ជនរងគ្រោះ រួចជិះម៉ូតូរបស់ត្រឡប់មកផ្ទះវិញ។ ពេលជិះម៉ូតូមកតាមផ្លូវ ដល់ចំណុចតាមខ្នងប្រឡាយ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ជនសង្ស័យ បានឈប់ម៉ូតូឆែកមើល កាបូបលុយរបស់ជនរងគ្រោះ តែពុំឃើញមានលុយ មានតែឯកសារផ្សេងៗ ក៏បោះកាបូបនោះចោល ក្នុងព្រៃបាត់ទៅ ហើយបន្តជិះម៉ូតូ ទៅដេកនៅផ្ទះអ៊ុំរបស់ខ្លួន ស្ថិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។

លុះដល់ម៉ោងប្រមាណ ៤ រសៀល ថ្ងៃខែឆ្នាំដដែល​ជនសង្ស័យ បានជិះម៉ូតូចេញពី ផ្ទះអ៊ុំរបស់ខ្លួន មកតាមផ្លូវជាតិលេខ ២ រួចចូល ក្នុងមន្ទីរពេទ្យឯកជន មួយកន្លែងទៀត យីហោ «បន្ទប់ពិគ្រោះ និងថែទាំជំងឺទូទៅ ហេង វាសនា» ស្ថិតក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពេលចូលទៅដល់ក្នុងពេទ្យ ជនសង្ស័យ បានប្រាប់ ជនរងគ្រោះថា ខ្លួនចង់វាស់ឈាម។ ពេលនោះ ជនរងគ្រោះ បានឲ្យជនសង្ស័យ អង្គុយលើកៅអី រួចជនរងគ្រោះ ពិនិត្យឈាមឲ្យជនសង្ស័យ ចំនួនពីរដង។ ពេលពិនិត្យឈាមរួច ជនសង្ស័យ បានសួរជនរងគ្រោះ​ រកទិញទឹកដោះគោកូនក្មេង និងទិញចានដែកងូតទឹកកូនក្មេង។ ពេលជនរងគ្រោះ ឈោងយកចានដែកងូតទឹក កូនក្មេង នៅលើធ្នើរ ជនសង្ស័យ បានស្ទុះទៅក្រៀក ច្របាច់ក និងយកដៃខ្ទប់មាត់ ជនរងគ្រោះ រួចបោកផ្តួលទៅនឹងដី បំណងចង់លួចយកលុយ ទូរស័ព្ទ និងសម្ភារៈផ្សេងៗ តែជនរងគ្រោះ ប្រឹងរើបម្រះ ខាំដៃរបស់ជនសង្ស័យ ជាប់។ ពេលនោះ ជនសង្ស័យ បានព្យាយាមរត់សំដៅទៅម៉ូតូ ដើម្បីជិះរត់គេចខ្លួន តែត្រូវបានជនរងគ្រោះ និងអ្នកជិតខាង បានជួយចាប់ជនសង្ស័យ ហើយរាយការណ៍ ទៅសមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង។

ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង​បានទៅដល់ កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕/V-PC