ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី ចូ បៃដិន បានប្រាប់មេដឹកនាំអាហ្វ្រិករាប់សិបនាក់ដែលបានជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាម៉េរិក”ចូលទៅទាំងស្រុងក្នុងអនាគតរបស់ទ្វីបអាហ្វ្រិក” ដោយបានដាក់ចេញនូវមូលនិធិរដ្ឋាភិបាលដែលបានសន្យា និងការវិនិយោគឯកជនរាប់ពាន់លានកាលពីថ្ងៃពុធ ដើម្បីជួយឱ្យទ្វីបនេះរីកចម្រើនខាងផ្នែកសុខភាព ហេដ្ឋារចនាសម្ព័ន្ធ អាជីវកម្ម និងបច្ចេកវិជ្ជា។
ដោយបង្ហាញពីចក្ខុវិស័យរបស់គាត់នៅឯកិច្ចប្រជុំកំពូលមេដឹកនាំអាម៉េរិក-អាហ្វ្រិករយៈពេលបីថ្ងៃ លោកបៃដិនបានប្រាប់ក្រុមមេដឹកនាំនិងអ្នកផ្សេងទៀតនៅក្នុងសាលសន្និសីទធំមួយថា”សហរដ្ឋអាម៉េរិកប្តេជ្ញាគាំទ្រគ្រប់ផ្នែកនៃកំណើនរបស់ទ្វីបអាហ្វ្រិក”។
លោកបៃដិនដែលកំពុងបង្ហាញថាសហរដ្ឋអាម៉េរិកជាដៃគូអាចជឿទុកចិត្តបានក្នុងការលើកកម្ពស់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនិងជំរុញកំណើនផ្នែកសុខភាពនិងថាមពលដ៏សំខាន់បានប្រាប់ទស្សនិកថា ប្រាក់៥៥ ពាន់លានដុល្លារក្នុងការវិនិយោគដែលបានសន្យាក្នុងរយៈពេលបីឆ្នាំខាងមុខ គឺ “គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ”។
លោកបានប្រកាសផងដែរពីការសន្យាជួយជាង ១៥ ពាន់លានដុល្លារក្នុងផ្នែកពាណិជ្ជកម្មនិងការវិនិយោគឯកជន និងភាពជាដៃគូនានា។
លោកបៃដិននិយាយទៀតថា “នៅមានរឿងច្រើនទៀតដែលយើងអាចធ្វើរួមគ្នា ហើយយើងនឹងធ្វើវាជាមួយគ្នា”។
សហរដ្ឋអាម៉េរិកចាញ់ចិនឆ្ងាយណាស់ក្នុងការវិនិយោគនៅអនុតំបន់សាហារ៉ាអាហ្វ្រិក ដែលបានក្លាយជាសមរភូមិដ៏សំខាន់នៅក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងមហាអំណាចធំៗ។ សេតវិមានទទូចថា ការជួបជុំគ្នានៅសប្តាហ៍នេះគឺជាវគ្គស្តាប់មេដឹកនាំអាហ្វ្រិកជាជាងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងប៉ុន្តែគោលលទ្ធិនៃគោលនយោបាយការបរទេសស្នូលរបស់ប្រធានាធិបតីអាម៉េរិកកំពុងលេចចេញជារូបរាងច្បាស់ឡើងហើយ នោះគឺអាម៉េរិកកំពុងស្ថិតក្នុងសមរភូមិកំណត់យុគសម័យ ដើម្បីបង្ហាញថា លទ្ធិប្រជាធិបតេយ្យអាចធ្វើបានល្អជាងលទ្ធិផ្តាច់ការ។
សារនោះគឺច្បាស់លាស់នៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃពុធ។ នៅក្នុងសុន្ទរកថា លោកបៃដិនបាននិយាយអំពីរបៀបដែលសហរដ្ឋអាម៉េរិកនឹងជួយក្នុងការធ្វើទំនើបកម្មបច្ចេកវិជ្ជានៅទូទាំងទ្វីបអាហ្វ្រិក ផ្តល់ថាមពលស្អាត ជំរុញសមភាពស្ត្រីតាមរយៈឱកាសអាជីវកម្ម នាំយកទឹកស្អាតដល់សហគមន៍ និង ផ្តល់មូលនិធិដល់ការថែទាំសុខភាពឱ្យកាន់តែប្រសើរឡើង។ ការិយាល័យរបស់ជំទាវទីមួយជីល បៃដិន ក៏បានផ្តល់ប្រាក់ចំនួន ៣០០ លានដុល្លារសម្រាប់ការការពារជំងឺមហារីក ការពិនិត្យសុខភាព ការព្យាបាល និងការស្រាវជ្រាវនៅអាហ្វ្រិកផងដែរ៕
លោកបៃដិនជល់កែវជាមួយប្រធានាធិបតីសេណេហ្គាល់នៅសេតវិមានកាលពីថ្ងៃពុធ