ដោយ: បូកគោ / កំពត: ផ្លូវភាគច្រើន ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត តែងផ្តល់ក្តីលំបាក សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ នាពេលកន្លងមក ខណៈខែវស្សា ពោរពេញដោយជង្ហុក និងរដូវប្រាំង ដីហុយ ស្ទើរមើលអ្វីមិនយល់។ ស្របពេលមាន កិច្ចគាំទ្រ និងផ្តល់ជូនពី រដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរក្រុងកំពត គួបផ្សំជាមួយថវិកា សង្កាត់ផ្ទាល់ ដំណើរការជួសជុល ស្ថាបនាផ្លូវបេតុងអាមេ បួនខ្សែ បាននិងកំពុងចាប់ផ្តើម ដំណើរការនោះ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានមានក្តីសង្ឃឹម ពិសេសសម្រាប់មុខរបរ ប្រចាំថ្ងៃ។

អ្នករស់នៅក្បែរផ្លូវចុះពីស្ពានឥន្ទធនូ តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ បានរៀបរាប់ថាៈ ផ្លូវដែលកំពុងជួសជុលស្ថាបនានេះ ពិតជាមាន សារសំខាន់ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឆ្លងកាត់ ដើម្បីធ្វើដំណើរទៅកាន់ គោលដៅនានា។ ជាច្រើនឆ្នាំមកហើយ ផ្លូវនៅទីនេះ បានរងការខូចខាតពិបាកធ្វើដំណើរ ឯការលក់ដូរ ក៏មិនសូវកាក់កបដែរ។

អ្នកភូមិដដែល បានបន្តថាៈ ពេលឃើញរដ្ឋបាលខេត្ត ចាប់ផ្តើមជួសជុល និងសាងសង់ ផ្លូវបានល្អបែបនេះ ពួកគាត់ មានក្តីត្រេកអរយ៉ាងខ្លាំង។

លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ បានបញ្ជាក់ថាៈ ឆ្នាំ២០២២ នេះ សង្កាត់អណ្តូងខ្មែរ បានជួសជុល និងស្ថាបនាផ្លូវបេតុងអាមេ ចំនួនបួនខ្សែ ដោយប្រើ ប្រាស់ថវិកា សង្កាត់មួយខ្សែ ថវិកាក្រុងមួយខ្សែ និងថវិការដ្ឋបាលខេត្ត ពីរខ្សែ។
លោកចៅសង្កាត់ បានបន្តថាៈ ជាមួយនឹងការស្ថាបនាផ្លូវ ទាំងបួនខ្សែ គម្រោងនេះ ក៏បានបំពាក់នូវប្រព័ន្ធលូ អមសងខាង ដែលមានផ្ទៃមុខកាត់ រហូតដល់មួយម៉ែត្រ ផងដែរ៕/V-PC