ដោយ៖ រ៉ាម៉ន / ​ភ្នំពេញ៖ ខណ្ឌឫស្សីកែវ ជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយ បង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងរយៈពេល ១ឆ្នាំម្តង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋ បានដឹងពី សមិទ្ធផល ដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាព ហិរញ្ញវត្ថុ របស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើ និងសំណូមពររបស់ ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយ ជូនពួកគាត់។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ជាលើកទី១៤ និងជាលើកចុងក្រោយបង្អស់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ នៅភោជនីយដ្ឋាន MODERN5 ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានបញ្ចប់ហើយ នៅត្រឹមខណ្ឌឫស្សីកែវនេះ សង្ឃឹមថា តាមរយៈវេទិកានេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ទៅប្រជាពលរដ្ឋ តាមរយៈការស្នើសុំ និងការលើកជាសំណូមពរ របស់ពួកគាត់។

លោកបានបន្តថាៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើង មួយឆ្នាំម្តង​សំរាប់ខណ្ឌនីមួយៗ ដើម្បីស្វែងយល់ពីតំរូវការអាទិភាព​ជាក់ស្តែងរបស់ ប្រជាពលរដ្ឋ។ តែវេទិកាបែបនេះ ត្រូវបានអាក់ខាន អស់រយៈពេលជាង ២ឆ្នាំ ដោយសារវិបត្តិ ជំងឺកូវីដ-១៩ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នេះ ប្រជាពលរដ្ឋ បានលើកឡើងជាសំណើ និងសំណូមពរដោយផ្ទាល់មាត់ ចំនួន ៤ នាក់ និងជាលាយលក្ខណ៍អក្សរចំនួន ៣១ សន្លឹក ។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់ រួមមាន៖ ស្នើសុំតទឹកស្អាតសម្រាប់ប្រជាពើរដ្ឋ៨០គ្រួសាររស់នៅតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះទី១ ស្នើសុំភ្លើងបំភ្លឺសាធារណៈ ធ្វើលូ ពង្រីកផ្លូវជាតិលេខ៥ ការស្នើពន្យល់ពីការផ្តល់កម្មសិទ្ធិដីធ្លី សម្រាប់ប្រជាពលរដ្ឋ រស់តាមបណ្តោយច្រាំងទន្លេ , ស្នើសុំផ្តល់ប្រាក់ឧបត្ថម្ភ ដែលស្លាប់ដោយជំងឺកូវីដ-១៩ និងការសុំជួយអន្តរាគមន៍ ដោះស្រាយបញ្ហាមិនប្រក្រតី មួយចំនួន នៅក្នុងផ្សារថ្មី ច្រាំងចំរេះ។

ចំពោះ សំណើ និងសំណូមពរ ខាងលើនេះ លោក ឯក ឃុនដឿន អភិបាល ខណ្ឌឫស្សីកែវ បានបញ្ជាក់ឱ្យដឹងថា៖ ការស្នើសុំតទឹកស្អាត សម្រាប់ប្រជាពលរដ្ឋ ៨០ គ្រួសារ រស់នៅតាមដងទន្លេសាប ក្នុងសង្កាត់ ច្រាំងចំរេះទី១ លោកទើបទទួលបាន នៅពេលនេះ តែលោកសន្យាថា នឹងចុះទៅពិនិត្យជាក់ស្តែង ជាមួយរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដើម្បីតជូន តែត្រូវដាក់ពាក្យស្មើសុំ។ ចំពោះស្នើសុំភ្លើងបំភ្លឺសាធារណៈ ការសុំធ្វើលូ ពង្រីកផ្លូវជាតិលេខ៥ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ នឹងពិនិត្យលទ្ធភាព ដើម្បីដោះស្រាយ។

ចំពោះការស្នើសុំផ្តល់ប្រាក់ឧបត្ថម្ភ ដែលបានស្លាប់ដោយជំងឺកូវីដ-១៩ លោក ឯក ឃុនដឿន បានបញ្ជាក់ថាៈ អាជ្ញាធរ បានដោះស្រាយលើបញ្ហានេះ បាន ៤០ គ្រួសារ ហើយ ហើយនឹងបន្តដោះស្រាយ ជាបន្តបន្ទាប់ទៀត ហើយចំពោះ ការស្នើសុំជួយ អន្តរាគមន៍ ដោះស្រាយបញ្ហាមិនប្រក្រតី មួយចំនួន នៅក្នុងផ្សារថ្មី ច្រាំងចំរេះ លោកសន្យាថា នឹងចាត់ការរឿងនេះ ដោយធ្វើរបាយការណ៍ ទៅថ្នាក់រាជធានី ជាមួយនឹងការណែនាំ ឱ្យអ្នកអនុវត្តខុស កែប្រែឡើងវិញ៕ V / N