ដោយៈ ភ្នំខៀវ / បាត់ដំបងៈ កសិករក្នុងខេត្តបាត់ដំបង រដូវកាលនេះ បានបន្តការងារ ដាំដុះស្រូវប្រាំង ជិត ៣ ម៉ឺនហិកតា សម្រាប់ជាស្បៀងផ្គត់ផ្គង់ នៅក្នុងគ្រួសារ និងទីផ្សារ។

លោក ឈឹម វជិរ៉ា ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបញ្ជាក់ ឲ្យដឹង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ នេះថាៈ រដូវបង្កបង្កើនផលស្រូវរដូវប្រាំង គិតត្រឹមជិតពាក់កណ្តាលខែធ្នូនេះ បងប្អូនប្រជាកសិករ នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង បាននិងកំពុងមមាញឹក សម្រុកលើការងារដាំដុះស្រូវរដូវប្រាំងបន្ត តាមរដូវកាល មានផ្ទៃដីសរុប ចំនួន ២៥.៣៦៨ ហិកតា ស្មើនឹង ៨០,៩១ ភាគរយ នៃផែនការសរុប ចំនួន ៣១. ៣៥៤ ហិកតា។

តួលេខខាងដើមនេះ កសិករ ស្ទើរតែទាំងស្រុង បានប្រកាន់យកពូជស្រូវ ដែលពេញ និយមជាងគេ ជាពូជស្រូវមានក្លិនក្រអូបប្រហើរ និងឆ្ងាញ់ពិសារចំនួន ២ ប្រភេទ មាន ពូជស្រូវផ្ការំដួល ស្រូវម្លិះ និង ពូជស្រូវ ៥៤៥១ ដែលជាពូជស្រូវ ដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ឲ្យកសិករ សម្រាប់ដាំដុះស្តារឡើងវិញ ក្រោយប៉ះពាល់ដោយ ទឹកជំនន់។

មន្ត្រីជំនាញខាងលើ បានបន្ថែមថាៈ នៅក្នុងចំណោមល្បឿនការងារបង្កបង្កើនផល នេះដែរ ប្រជាកសិករ បានដាំដុះពូជស្រូវ ប្រភេទក្រអូប ចំនួន ១១.១២២ ហិកតា, ពូជស្រូវក្រអូប ៥៤៥១ ចំនួន ១២.៤៥៤ ហិកតា ។ ក្រៅពីនេះ បងប្អូនប្រជាកសិករ ក៏នៅតែជ្រើសរើសដាំដុះ ពូជស្រូវចម្រុះធម្មតា តាមទម្លាប់ចាស់ មួយចំនួនទៀត ផងដែរ៕ V / N