ដោយៈបាយ័ន / សៀមរាបៈ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេស លើកទី៣៦ របស់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។
កិច្ចប្រជុំបច្ចេកទេសនេះ ស្ថិតក្រោមអធិបតី ភាព លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។
ក្នុងកិច្ចប្រជុំនេះដែរ ក៍មានសហប្រធាន នៃកិច្ចប្រជុំ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierri VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។
កិច្ចប្រជុំបច្ចេកទេសនេះ ធ្វើឡើងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័ត នៅក្នុងសម័យប្រជុំបច្ចេកទេស លើកទី៣៥ និងកិច្ចប្រជុំពេញអង្គ លើកទី២៨ នៅខែមីនា ឆ្នាំ២០២២ កន្លងមក ព្រមទាំងពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស។
ចំពោះរបាយការណ៍ ដែលបានពិនិត្យ ក្នុងកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំង ចំពោះសកម្មភាពរបស់គណៈកម្មាធិការចំពោះកិច្ច (AdHoc) ដែលបានចុះតាមការដ្ឋាន ចាប់តាំងពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ហើយរបាយការណ៍នានា នឹងដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សា ក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែក ទី១៦ ខែធ្នូ ឆ្នាំ២០២២៕/V.mara