​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បានចេញ​ការគំរាមកំហែង​នុយក្លេអ៊ែរ​ថ្មី​ដល់​លោកខាងលិច​កាលពី​ថ្ងៃ​ពុធ​ទី​១៤​ធ្នូ ដោយ​ត្រៀម​ជា​ស្រេច​នូវ​កាំជ្រួច​យុទ្ធសាស្ត្រ Yars​សម្រាប់​ប្រើ​ក្នុង​ការប្រយុទ្ធ នៅ​ទីតាំង​មួយ​នៅ​ភាគ​និរតី​ទីក្រុង​មូ​ស្គូ​។​

​វីដេអូ​មួយ​បាន​បង្ហាញ​ពី​ការដំឡើង​កាំជ្រួច​ដ៏​ធំ​នេះ​ទៅក្នុង​ជើង​ទម្រ​បាញ់​នៅឯ​បរិវេណ​យោធា​កូ​ហ្សែ​លស​ខ៍ (Kozelsk) ក្នុង​តំបន់​កា​លូ​ហ្គា (Kaluga) ភាគ​ខាងលិច​រុស្ស៊ី​។ កាំជ្រួច​នេះ​មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​នៅ​សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស​។​

​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវ​គេ​ឃើញ​កាលពី​ចុង​ខែ​តុលា​ត្រួតពិនិត្យ​ការបាញ់​កាំជ្រួច​នុយក្លេអ៊ែរ Yars ស្រដៀង​គ្នា​នេះ​សំដៅលើ​គោលដៅ​លោកខាងលិច​ក្លែងក្លាយ​ចំពេល​មាន​ភាព​តានតឹង​​ខ្ពស់​ជុំវិញ​ការឈ្លានពាន​របស់គាត់​លើ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ និង​ការបារម្ភ​ថា គាត់​អាច​ងាក​ទៅរក​ការវាយប្រហារ​នុយក្លេអ៊ែរ​។​

​រុស្ស៊ី ដែល​ការ​គំរាម​វាយ​នុយក្លេអ៊ែរ​របស់ខ្លួន​បាន​ក្លាយ​ជា​យុទ្ធសាស្ត្រ​ជាប់លាប់​ចាប់តាំងពី​ការឈ្លានពាន​ចាប់ផ្តើម​សម្រាប់​ជា​មធ្យោបាយ​ដើម្បី​បំភិតបំភ័យ​លោក​ខាងលិច​នោះ កំពុង​បង្កើន​ការ​សម្ញែង​នុយក្លេអ៊ែរ​បន្ថែមទៀត ខណៈ​រុស្ស៊ី​ប្រារព្ធ​ទិវា​កម្លាំង​កាំជ្រួច​យុទ្ធសាស្ត្រ​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃទី ១៧ ខែ​ធ្នូ​។​

​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប Yars ដែល​មាន​រយៈ​ចម្ងាយ​ជាង ១២.០០០ គីឡូម៉ែត្រ ត្រូវបាន​ដំឡើង​នៅក្នុង​កន្លែង​ជើង​ទម្រ​បាញ់ ដោយ​ប្រើ​ឧបករណ៍​ដឹកជញ្ជូន​និង​ផ្ទុក​ពិសេស​។​

“​ប្រតិបត្តិការ​បច្ចេកវិជ្ជា​ដ៏​ស្មុគស្មាញ​នេះ​” បាន​ចំណាយ​ពេល​ពីរ​បី​ម៉ោង​។​

​មេបញ្ជាការ​កងពលធំ លោក​វរសេនីយ៍ទោ អា​ឡិច​សី សូកូ​ឡូវ (Alexei Sokolov) បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សមយុទ្ធ​នេះ​មាន​គោលបំណង​ផ្ញើ​សារ​ទៅកាន់​លោក​ខាងលិច ដោយ​ទាំង​ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​គឺ​ស្ថិត​ក្នុង​ចម្ងាយ​បាញ់​ដល់​របស់​កាំជ្រួច​នេះ​។​

​លោក​បាន​និយាយថា “​សារៈសំខាន់​នៃ​ប្រតិបត្តិការ​នេះ​គឺ​ស្ថិតនៅ​លើ​ការ​ពិត​ដែលថា កាំជ្រួច​បន្ទាប់​នឹង​ត្រូវ​ដាក់​ឱ្យ​បំពេញ​កាតព្វកិច្ច​ប្រយុទ្ធ​តាម​កាលវិភាគ​”​។​

“​មាតុភូមិ​នឹង​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​មួយ​ផ្សេង​ទៀត ដែល​នឹង​ធ្វើឱ្យ​ខ្លួន​អាច​ដោះស្រាយ​រាល់​កិច្ចការ​ក្នុង​កម្រិត​យុទ្ធសាស្ត្រ​”៕

រុស្ស៊ី​ដាក់​កាំ​ជ្រួច Yars ឱ្យ​ប្រុង​ជើងការ​កាលពី​ថ្ងៃ​ពុធ