ដោយៈ ប.ខុន / ភ្នំពេញៈ តាមកម្មវិធីដែលបានគ្រោងទុក ផ្លូវសម្តេចសង្ឃរាជ ទេព វង្ស (ផ្លូវលេខ១៤៦បេ) ភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចរង្វង់មូលសម្តេចសង្ឃរាជ ទេព វង្ស ទៅស្រុកស្ទឹងហាវ បន្តទៅដល់កំពង់ផែព្រះសីហនុ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០២២ ។

លោក បុរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ថាៈ ផ្លូវ១៤៦បេ ដែលហៅថា វិថី សម្តេចសង្ឃរាជ ទេព វង្ស និងផ្លូវលេខ១៤៨ ដែលហៅថា តិរវិថីសម្តេចតេជោ ហ៊ុន សែន ជាប្រភេទផ្លូវចាក់បេតុង និងចាក់កៅស៊ូ មានប្រវែងសរុបប្រមាណជា ៤៣ គីឡូម៉ែត្រ បានសាងសង់ រួចរាល់ ដោយថវិការបស់រាជរដ្ឋាភិបាល។

ប្រធានមន្ទីរខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ផ្លូវលខ១៤៦ និង ផ្លូវលេខ១៤៨បេនេះ តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ នៅត្រង់ចំណុចរង្វង់មូល សម្តេចសង្ឃរាជ ទេព វង្ស ទៅស្រុកស្ទឹងហាវ និងបន្តរហូតទៅដល់កំពង់ផែខេត្តព្រះសីហនុ។ ចំណែកផ្លូវ ចំនួន១១ខ្សែផ្សេងទៀត មានប្រវែងសរុប ១១ គីឡូម៉ែត្រដែលកន្លងទៅ សាងសង់ដោយក្រសួងសាធា រណការ នៅក្រុងព្រះសីហនុ ក៏បានរួចរាល់អស់ហើយ។

ពាក់ព័ន្ធជាមួយនឹងកម្មវិធីសម្ពោធផ្លូវ ខាងលើកាលពីថ្ងៃទី១៣ ខែធ្នូ លោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ៊ុន ស៊ីថា នាយករងខុទ្ទកាល័យ និងជាប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំង សម្រាប់ពិធីសម្ពោធផ្លូវ ខាងលើ ដែលតាមកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ V / N