ដោយ: សុខុម / ស្ទឹងត្រែង: រដូវរំហើយ ខ្យល់ត្រជាក់ បក់ផាត់ពីជើង នាពាក់កណ្ដាលខែធ្នូនេះ ត្រីប៉ាសុីអុី ដែលល្បីថា មានរសជាតិឆ្ងាញ់ដ៏ពិសេសនោះ កំពុងចាប់ផ្ដើមសំបូរជាបណ្ដើរៗហើយ ក៏ប៉ុន្តែតម្លៃនៅលើទីផ្សារ ដើមរដូវនេះនៅតែថ្លៃ។
នៅព្រឹកព្រលឹម មនុស្សម្នាមមាញឹក ដើរដោយថ្មើរជើង សំដៅចុះទៅកំពង់សាឡាង មុខរង្វង់មូល ជាប់មាត់ទន្លេសេកុង ខេត្តស្ទឹងត្រែងអ្នកខ្លះកាន់កន្ត្រក ចានដែក ឬកាធុន ការ៉ុង ខ្លះកាន់ជញ្ជីង ដណ្ដើមគ្នាទិញត្រី យកមកលក់ឲ្យឈ្មួញបន្ត។
នៅពេលនោះ គេឃើញទូកបើកម្ដងមួយៗសំដៅយ៉ាងលឿន ចូលមកចតនៅមាត់ច្រាំង។អ្នកឈរចាំទិញត្រី នៅលើគោក ក៏ចុះទៅសួររកត្រី ដែលមានតម្លៃថ្លៃជាងគេ។ នេះគឺជាទម្លាប់ អ្នករស់នៅ ខេត្តស្ទឹងត្រែង តាំងពីយូរឆ្នាំ មកហើយ រហូតដល់សព្វថ្ងៃនេះ។
ត្រីដែលចាប់អារម្មណ៍ជាងគេនោះ គឺជាត្រីប៉ាសុីអុី។ ដោយសារតែត្រីប៉ាសុីអុីល្បី ហើយមានតែក្នុងខេត្តស្ទឹងត្រែង ទើបគេសង់រូបសំណាកថ្មត្រីប៉ាសុីអុីដ៏ធំមួយ នៅលើគោក ក្បែរមាត់ទន្លេសេកុង តំណាងឲ្យធនធានត្រីប៉ាស៊ីអុី ដ៏កម្រមាន នៅទឹកដីខេត្តស្ទឹងត្រែង នាភូមិភាគឦសាន។ រូបត្រីប៉ាសុីអុីថ្មនោះ លំអសោភ័ណភាពក្រុង និងធ្វើឲ្យភ្ញៀវទេសចរជាតិអន្តរជាតិ ចាប់អារម្មណ៍ផងដែរ។
អ្នកលក់ត្រី បាននិយាយប្រាប់ឲ្យដឹងថាៈ ត្រីធំៗដែលមានតម្លៃថ្លៃ សុទ្ធតែមានរសជាតិឆ្ងាញ់ពិសេសផ្សេងគ្នា។ តែត្រីដែលថ្លៃជាងគេ គឺជាប្រភេទត្រីប៉ាសុីអុី និងចាត់ទុកថា ក៏ជាត្រីដ៏កម្រតែមួយគត់ នៅប្រទេសកម្ពុជា គឺមានសំបូរតែខេត្តស្ទឹងត្រែងប៉ុណ្ណោះ នៅពេលបច្ចុប្បន្ន។
អ្នកលក់ត្រី បានប្រាប់យើងថាៈ តម្លៃត្រីប៉ាសុីអុីមានទម្ងន់ក្រោមមួយគីឡូក្រាម តម្លៃចាប់ពី ៨ទៅ១០ ម៉ឺនរៀល។ បើទម្ងន់ក្នុងត្រីមួយក្បាលពីមួយគីឡូកន្លះ ទៅពីរគីឡូ តម្លៃដល់ទៅ ៤០ ម៉ឺនរៀល ឬស្មើនឹង ១០០ ដុល្លារអាមេរិក។
ត្រីទឹកសាប នៅខេត្តស្ទឹងត្រែង រស់នៅតំបន់ធម្មជាតិ ពោរពេញទៅដោយថ្មទឹកជួរហូរខ្លាំង។ព្រៃលិចទឹកអន្លង់ជ្រៅៗ ជាច្រើនកន្លែង និងមានទន្លេចំនួន ៤ ហូរកាត់ ក្នុងនោះមាន ទន្លេមេគង្គទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក។ទន្លេទាំងបួននេះ ហូរកាត់តភ្ជាប់គ្នា ២ ទន្លេធំៗនោះគឺទន្លេសេកុង និងទន្លេមេគង្គ ទៅដល់ខេត្តក្រចេះ។
ស្ត្រីមានវ័យ៦១ឆ្នាំ ឈ្មោះ កែវ វណ្ណា រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង គឺជាអ្នកចាំទិញត្រី ពីអ្នកនេសាទ កំពុងរង់ចាំទទួលទិញត្រី នៅកំពង់សាឡាង ជាមួយកូនស្រីរបស់គាត់ម្នាក់ទៀតដោយទិញត្រីបណ្ដើរ ឆ្លៀតរៀបរាប់ប្រាប់ឲ្យដឹងថាៈ ត្រីប៉ាសុីអុី ពិតជាមានរសជាតិឆ្ងាញ់ ហើយមានការថយចុះ កាន់តែខ្សត់ទៅ ពីមួយឆ្នាំទៅមួយឆ្នាំ។
អ្នកលក់ត្រី បានរៀបរាប់ប្រាប់ទៀតថាៈ ត្រីប៉ាសុីអុី ដែលលក់បានថ្លៃ គឺវានៅរស់ ក្រោយពីអ្នកនេសាទ ចាប់បានដោយប្រើមងក្រឡាញឹក។ត្រីប៉ាសុីអុី គេដោះចេញពីមង ដាក់ត្រាំទឹកនៅក្នុងបាតទូក យកមកលក់បន្ត។ ត្រីប្រភេទនេះ គេច្រកជាស្បោង ឬដាក់ក្នុងចានដែក ឬកាធុន ដែលមានទឹកទាំងវានៅរស់ យកមកលក់បន្តនៅផ្សារ”សាមគ្គី”។ ឈ្មួញធំៗដែលទិញបន្តគេយកទៅដាក់ នៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ដោយប្រើអុកស៊ីសែន ដើម្បីឲ្យវានៅរស់ និងស្រស់ល្អ។
ចំណែកត្រីប៉ាសុីអុី ឬត្រីដទៃទៀត ដូចជា ត្រីប៉ាវ៉ា ត្រីក្អែកធំៗ ដែលងាប់ហើយនោះ គេដាក់ក្នុងធុងស្នោ ត្រាំទឹកកក ផ្ញើទៅម៉ូយ តាមបណ្ដាខេត្តឆ្ងាយៗ ឬទីក្រុងភ្នំពេញ តាមរថយន្តតាក់ស៊ី តាមការបញ្ជាទិញ។
លោកស្រី សុំ សម័យ ម្ចាស់ភោជនីយដ្ឋានសោភា សុគីស៊ុប នៅក្រុងស្ទឹងត្រែង បានរៀបរាប់ថាៈ មុខម្ហូបដែលពេញនិយម ធ្វើពីត្រីប៉ាសុីអុី ភាគច្រើន គេយកទៅស្ងោរជ្រក់ ចំហុយ ឬធ្វើផ្អក…។
ម្ចាស់ហាងសោភា សុគីស៊ុប បានរៀបរាប់ទៀតថាៈ ត្រីប៉ាសុីអុី គេយកទៅធ្វើផ្អក អាចរក្សាទុកបានយូរ។ រីឯតម្លៃវិញនោះ ក៏ថ្លៃគួរសមដែរ។អាស្រ័យទៅតាមប្រភេទត្រីណា ដែលមានមាឌ តូច ឬមាឌធំ។ ម៉ូយជាច្រើន ដែលបានមកភ្លក្សរសជាតិម្ហូប នៅក្នុងហាងរបស់លោកស្រី។ ភ្ញៀវដែលមិនបានមក ហើយធ្លាប់ស្គាល់គេ ក៏កុម្មង់ទិញផ្អក ឬទិញត្រីប៉ាស៊ីអុិត្រី ដទៃទៀតពីគាត់។
ទាក់ទងទៅនឹងស្ថានភាពត្រីប៉ាសុីអុី នៅក្នុងខេត្តស្ទឹងត្រែងនេះ មន្ត្រីជំនាញជលផល បានរៀបរាប់ខ្លះៗ ពីការរស់នៅ បែបធម្មជាតិរបស់ត្រីកម្រ។
លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឹងត្រែង បានរៀបរាប់ថាៈ វាបានផ្លាស់ទីទៅក្នុងទឹកដីឡាវ ព្រំប្រទល់កម្ពុជាឡាវ។ តាមទន្លេមេគង្គ និងបង្កកំណើត និងបន្តវិលត្រឡប់ ទៅរស់នៅតំបន់មូយចំនួន ក្នុងស្រុកសំបូរ ខេត្តក្រចេះ តាមធម្មជាតិរបស់ត្រីទឹកសាប។ ចំណែកការបម្លាស់ទីរបស់វា ជាហ្វូងនិងស៊ីស្លែថ្ម ជាអាហារ ចូលចិត្តរស់នៅ តាមតំបន់ទឹកជួរហូរខ្លាំង សំបូរដោយថ្ម។
តាមការកត់សម្គាល់ ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ផលត្រីប៉ាស៊ីអុី ពិតជាមានការថយចុះដោយសារវាអាចបណ្ដាលមកពីកត្តាប្រែប្រួលអាកាសធាតុ និងរបបទឹកឡើងចុះ មិនទៀងទាត់ ព្រមទាំងការអភិវឌ្ឍន៍ផ្សេងៗ តាមដងទន្លេ និងតម្រូវការរបស់មនុស្ស៕/V.mara