ដោយ៖ គង់ហេង / កំពង់ចាមៈ បច្ចុប្បន្ន ប្រជាពលរដ្ឋខេត្តកំពង់ចាម ភាគច្រើន ជាពិសេស អ្នកជាប់សែស្រឡាយ កាត់ចិន គឺនៅតែមានជំនឿ លើបារមី មហិទ្ធឫទ្ធិ ដ៏ពូកែស័ក្តិសិទ្ធិ របស់ «លោកតាព្រហ្ម» ដែលមានអាស្រម នៅវត្តនគរបានជ័យ។

ជារៀងរាល់ថ្ងៃ មនុស្សម្នា ក្មេងចាស់ ប្រុស ស្រី ដែលភាគច្រើន ជាអ្នករកស៊ី ប្រកបរបរលក់ដូរ បានធ្វើដំណើរពីទីជិតឆ្ងាយ តាមមធ្យោបាយផ្សេងៗ មកឈប់ចត នៅខាងមុខបរិវេណអាស្រមសិរីសុគន្ធបទ ហៅលោកតាព្រហ្ម ដែលស្ថិតនៅក្នុងបរិវេណ ប្រាសាទនគរបានជ័យ ឬវត្តនគរបាជ័យ ចម្ងាយពីរង្វង់មូលនាគព័ន្ធ ផ្លូវជាតិលេខ៧ ប្រមាណ ៣០០ ម៉ែត្រ ក្នុងភូមិសណ្តាន់ ឃុំអម្ពិល ស្រុកកំពង់សៀម។ ក្នុងនោះ អ្នកទៅកាន់អាស្រមមួយនេះ បន់ជាមួយរូបសំណាកលោកតាព្រហ្ម ទាំងបី កំពុងអង្គុយ កាន់ដំបង ពីរ អង្គ អមសងខាងមួយអង្គ ដែលអង្គុយសំពះ សុំសេចក្តីសុខ ឱ្យរកស៊ី មានការចម្រុងចម្រើន។ ក្នុងការបន់នោះដែរ ក៏មានសិស្ស និសិ្សត ដែលនឹងត្រូវត្រៀម ប្រឡងយកសញ្ញាប័ត្រ នៅពេលឆាប់ៗខាងមុខ មួយចំនួន បានទៅអុជធូបសំពះ សុំឱ្យរូបសំណាកគាត់ ជួយឱ្យពួកគេ ប្រឡងជាប់ដែរ។

ជាពិសេស អ្នកចូលទៅបន់ស្រន់ ទាំងនោះ បាននាំមកជាមួយនូវ ស្លាម្លូ ផ្កាឈូកចម្រុះ ពណ៌ ផ្លែឈើ មានចេក ទៀនធូប ស្លាធម៌ ដូងខ្ចី ជ្រូកខ្វៃ មាន់ស្ងោរ និងគ្រឿងដង្វាយ ផ្សេងៗ ជាច្រើនទៀត ដើម្បីទៅថ្វាយ និងឧទ្ទិសទៅដល់បារមីលោកតាព្រហ្ម ដោយបាន បរិច្ចាគថវិកាផ្ទាល់ សម្រាប់ជួសជុល សាងសង់សំណង់នានា ជុំវិញអាស្រមលោក​តាព្រហ្ម ក៏ដូចជា ក្នុងបរិវេណវត្តនគរបានជ័យ ក្នុងនិងក្រៅផងដែរ ជុំវិញអាស្រម លោកតាព្រហ្ម។

ស្ថិតក្នុងវ័យ ៦៨ ឆ្នាំ លោក ខៃ ឈុនលី ជាអ្នកគ្រប់គ្រងចាត់ចែង អាស្រមលោកតាព្រហ្ម និងជាគណៈកម្មការ វត្តនគរបាជ័យក្រៅ​ បានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានដឹង ថាៈ មនុស្សម្នាដែលអញ្ជើញមកកាន់ លោកតាព្រហ្ម ភាគច្រើន ចំថ្ងៃឧបោសថសីល ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យសែនជនជាតិចិន ហើយបើចំរដូវបុណ្យចូលឆ្នាំចិន ក្នុងមួយថ្ងៃ ឈានដល់ ១០០ ទៅជាង ១០០ នាក់ គឺពេញត្រៀបត្រា នៅក្នុងអាស្រម និងបរិវេណខាងមុខតាព្រហ្ម។ ក្នុងនោះ មានការផ្សងដោយការក្រឡុកសាមស៊ី ចំនួន បួនបំពង់ និងចាក់គម្ពី ដើម្បីផ្សងសំណាង។

លោក ខៃ ឈុនលី បានឱ្យដឹងថាៈ តាមការកត់សម្គាល់ អ្នកមកកាន់តាព្រហ្ម ដែលនាំមក ជាមួយនូវ គ្រឿងដង្វាយ ដូចជា ជ្រូកខ្វៃ មាន់ស្ងោរ ដូងខ្ចី ជាផ្លែឈើ នំចំណីផ្សេងៗ គឺអ្នកបានសម្រេចលទ្ធផល បន្ទាប់ពីបានមកបែរបន់ផ្ទាល់មាត់ ដល់អាស្រម ឬប្រយោល ពីទីតាំងណាមួយ ដោយសុំលោកតាព្រហ្ម ជួយឱ្យសម្រេចបំណង ដូចជាអ្នករៀបការ យូរឆ្នាំ អត់មានកូន សុំឱ្យមានកូន អ្នកជំនួញអចលនទ្រព្យលក់ដូរ ដីធ្លី ផ្ទះសម្បែង បានជោគជ័យ សិស្ស និសិ្សត ប្រឡងជាប់ អ្នករស់នៅក្រៅប្រទេស បន់ស្រន់បានទទួល លទ្ធផល លក់ដាច់ ប្រឡងជាប់ ក៏ផ្តល់ដំណឹងឱ្យសាច់ញាតិ នៅខេត្តកំពង់ចាមនេះ នាំយកដង្វាយ ដូចបានបញ្ជាក់ កាលពីបន់ស្រន់ លាបំណន់ ឬលាមាត់លា ក ដែលកាលពីមុន ពួកគេបានមកបន់ស្រន់ នៅអាស្រមលោកតាព្រហ្ម។

អ្នកស្រី លាត ស៊ាងលឹម អាយុ រស់នៅក្រុងកំពង់ចាម ដែលបានយកជ្រូកខ្វៃ ចំនួន ពីរ មកលាបំណន់ នៅអាស្រមលោកតាព្រហ្ម បានឱ្យដឹងថាៈ គ្រួសាររបស់គាត់ មានជំនឿខ្លាំង លើបារមី តាព្រហ្ម ។ ដោយកន្លងមក អ្នកស្រី បានបែរបន់ឱ្យកូនប្រុស របស់គាត់ ប្រឡងជាប់បាក់ឌុប និងប្រឡងជាប់ក្របខណ្ឌ ដូចបំណងប្រាថ្នា។

ទោះជាយ៉ាងណា ផ្អែកតាមការសាកសួរ ពីប្រជារាស្រ្តខ្មែរ នៅខេត្តកំពង់ចាមមួយចំនួន បានបញ្ជាក់ថាៈ ពួកគាត់ ហាក់មិនមានជំនឿ ទៅលើបារមី ដ៏ស័ក្តិសិទ្ធិរបស់រូបសំណាក របស់លោកតាព្រហ្មនោះទេ។ ដោយកន្លងមក ក៏ធ្លាប់នាំក្រុមគ្រួសារ ទៅលេងទីនោះដែរ ប៉ុន្តែមិនបានទៅបន់ស្រន់ទេ គឺគ្រាន់តែទៅកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ តែប៉ុណ្ណោះ។

សូមរំលឹកថា អាស្រមលោកតាព្រហ្ម ដែលស្ថិតក្នុងបរិវេណ ប្រាសាទនគរបានជ័យ ដែលជារមណីយដ្ឋានប្រវត្តិសាស្រ្ត គឺច្រើនឆ្នាំកន្លងមកនេះ ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម ធ្វើការជួសជុលខ្លោងទ្វារ ប្រាសាទនគរបានជ័យ ដែលស្រុតទាំងខាងមុខ និងខាងក្រោយ ស្ថាបនាផ្លូវបេតុង ឆ្លងកាត់ខាងមុខ អាស្រមលោកតាព្រហ្ម ស្តារ និងជួសជុលកែលម្អស្រះទឹកឡើងវិញ។ ពិសេសនៅពេលលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម រយៈពេលជាងពីរឆ្នាំ កន្លងមក បានសាងសង់ផ្លូវបេតុង និងដាំដើមក្ងោកព័ទ្ធជុំវិញ ទុកជាព្រំ រក្សាការពារ ប្រាសាទនគរបានជ័យ និងអាស្រមលោកតាព្រហ្ម ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមក លេងកម្សាន្តតំបន់ប្រាសាទ និងអាស្រមប្រវត្តិសាស្រ្ត ដែលនៅជាប់ ក្រុងកំពង់ចាម។

គួរបញ្ជាក់ថា រឿងតាពហ្ម នៅប្រាសាទនគរបានជ័យ ឬវត្តនគរៗ ខេត្តកំពង់ចាមនេះ បើយោងតាមឯកសារប្រជុំរឿងព្រេងខ្មែរបាននិទានតៗ គ្នាមកនោះ គឺលោកតាព្រហ្ម ជាកូនស្តេចក្រាញ់មួយអង្គ មាននាមព្រះអនុរាជ និងស្នំឯក នាម ពៅ ជាម្ចាស់ធ្នោះព្រែក មួយកន្លែង នៅក្រុងកំពង់ចាម សព្វថ្ងៃ។ កាលតាព្រហ្ម មានវ័យ បួនឆ្នាំ ត្រូវបានបញ្ជួន ឱ្យទៅសិក្សា នៅប្រទេសចិន រហូតអាយុ ៣០ ឆ្នាំ បានជាប់ជាបណ្ឌិតផ្នែកវិទ្យាសាស្រ្ត និងយុទ្ធសាស្រ្ត ហើយជាទីប្រឹក្សារបស់ ព្រះចៅក្រុងចិន ដោយឱ្យនាមជាភាសាចិន «សាមប៉ាវកុង» ប្រែថា «ព្រឹទ្ធាចារ្យសង្រ្គោះបីយ៉ាង ឬអ្នកប្រាជ្ញបីប្រការ» គឺធ្វើឱ្យកិត្តិនាមរបស់គាត់ (លោកតាព្រហ្ម) ល្បីរន្ទឺនៅស្រុកចិន កាលសម័យនោះ។ ប៉ុន្តែលោកតាព្រហ្ម បាននឹកដល់ស្រុកកំណើត ប្រទេសរបស់ខ្លួន បើទោះលោកធ្លាប់ បានទទួលដំណឹង កាលកំពុងសិក្សានៅស្រុកចិន បានចំនួន ពីរ ឆ្នាំថា បិតា មាតា បានស្លាប់អស់ហើយក្តី គឺលោកបានលួចរត់ ចាកចេញពីប្រទេសចិន នាំយកចំណេះវិជ្ជា មកប្រទេសកម្ពុជាវិញ។

កាលនោះគាត់ (តាព្រហ្ម) បានប្រាប់ប្រជារាស្រ្ត ដែលលោកសុំស្នាក់អាស្រ័យថា គាត់ចេះទាយ គន់គូរ មើលព្រេងវាសនា ទៅអនាគតបានយ៉ាងឆុត ទើបផ្អើលដល់ មនុស្សប្រុសស្រី សុំទាយ។ ទំនងអាចជាការជាប់ពាក់ព័ន្ធនឹងរឿងនេះហើយ ទើបបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ មួយចំនួន មានជំនឿលើបារមីរបស់គាត់ តកូនតចៅ រហូតមកដល់បច្ចុប្បន្ននេះ៕/V-PC