ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ លោក ហាប់ ទូច រដ្ឋលេខាធិការ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីថ្នាក់រដ្ឋមន្ត្រី(Ministerial Panel)នៃវេទិកាសហប្រតិបត្តិការវប្បធម៌អាស៊ីឆ្នាំ២០២២ (Asia Cultural Co-operation Forum “ACCF” 2022) នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងកម្មវិធីនេះ លោក ហាប់ ទូច បានចូលរួមធ្វើបទបង្ហាញអំពីកិច្ចការវប្បធម៌ដែលជាអាទិភាពរបស់ប្រទេសកម្ពុជា ក្រោមប្រធានបទ “កសាងស្ពានវប្បធម៌ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព” (Building Cultural Bridges Towards Sustainable Development) ដើម្បីចែករំលែកនិងផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ រួមទាំងចំណេះដឹងជាមួយបណ្ដាប្រទេសចូលរួមនានាចំនួន ១៤ រួមមាន ចិន រុស្ស៊ី សិង្ហបុរី ស្រីលង្កា កោះម៉ាឌីវ ឡាវ នេប៉ាល់ ប៉ាគីស្ថាន ព្រុយណេ ជប៉ុន កាហ្សាស្ថាន កូរ៉េខាងត្បូង ថៃ និងវៀតណាម។

ទន្ទឹមគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានសិក្សាស្វែងយល់ផងដែរអំពីគោលនយោបាយ យុទ្ធសាស្ត្រ និងការងារអាទិភាពក្នុងវិស័យវប្បធម៌របស់ប្រទេសនីមួយៗ និងរបស់រដ្ឋបាលទីក្រុងហុងកុង ដែលបានចែករំលែកនៅក្នុងកម្មវិធីថ្នាក់រដ្ឋមន្ត្រីដ៏មានសារៈសំខាន់មួយនេះ៕/PC