ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ រដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃពុធទី១៤ធ្នូបាននិយាយថា គ្មាន “បទឈប់បាញ់ថ្ងៃបុណ្យណូអែល” នោះទេបន្ទាប់ពីសង្គ្រាមបំផ្លិចបំផ្លាញជិត១០ខែនៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាការដោះលែងអ្នកទោសរាប់សិបនាក់ រួមទាំងជនជាតិអាម៉េរិកម្នាក់បានបង្ហាញថាទំនាក់ទំនងមួយចំនួនរវាងភាគីទាំងពីរនៅតែមានក៏ដោយ។
បច្ចុប្បន្ន រុស្ស៊ីនិងអ៊ុយក្រែនមិនទាន់បានចូលរួមក្នុងកិច្ចពិភាក្សាណាមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលកំពុងឆាបឆេះខ្លាំងនៅភាគខាងកើតនិងខាងត្បូងនិងបានឈានទៅដល់ទីក្រុងគៀវម្តងទៀតកាលពីថ្ងៃពុធ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ មនុស្សរាប់លាននាក់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅ និងទីក្រុងជាច្រើនត្រូវបានវាយរាបដល់ដីចាប់តាំងពីរុស្ស៊ីបានលុកលុយប្រទេសជិតខាងរបស់ខ្លួនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
ក្នុងពេលពណ៌នាអំពីការបំផ្លាញរបស់រុស្ស៊ីលើទីក្រុងនៅភាគខាងកើតដោយកាំភ្លើងធំ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលល្ងាចជាទៀងទាត់ថា “គ្មានភាពស្ងប់ស្ងាត់នៅសមរភូមិជួរមុខទេ” ដូច្នេះមានតែការបំផ្លិចបំផ្លាញនិងរណ្តៅគ្រាប់។
លោកហ្សេលេនស្គីបាននិយាយនៅសប្តាហ៍នេះថា រុស្ស៊ីគួរតែចាប់ផ្តើមដកទ័ពចេញនៅមុនបុណ្យណូអែល ជាជំហានមួយដើម្បីបញ្ចប់ជម្លោះដែលជាជម្លោះធំបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ រដ្ឋាភិបាលក្រុងមូស្គូបានច្រានចោលសំណើនេះទាំងស្រុង ដោយនិយាយថា អ៊ុយក្រែនត្រូវតែទទួលយកការបាត់បង់ទឹកដីទៅរុស្ស៊ី មុនពេលមានវឌ្ឍនភាពណាមួយកើតឡើង។
ត្បិតខ្វះនូវកិច្ចចរចាសន្តិភាពក្តី ក៏អ្នកជាប់ឃុំរាប់រយនាក់ត្រូវបានដោះលែងឱ្យមានសេរីភាពនៅក្នុងការដោះដូរអ្នកទោសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ការដោះលែងនេះរួមជាមួយវឌ្ឍនភាពលើកិច្ចពិភាក្សាដើម្បីបន្តការនាំចេញរបស់រុស្ស៊ីនូវសារធាតុផ្សំក្នុងជីនិងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ បានបង្ហាញឱ្យឃើញថា ភាគីទាំងពីរនៅតែរក្សាទំនាក់ទំនងមានដែនកំណត់លើកម្រិតជាច្រើន។
រដ្ឋាភិបាលក្រុងគៀវនិងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃពុធថា ការដោះដូរអ្នកជាប់ឃុំរាប់សិបនាក់ចុងក្រោយនេះក៏មានពលរដ្ឋអាម៉េរិកម្នាក់ផងដែរ។
ប្រមុខរដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក បានកំណត់អត្តសញ្ញាណជនជាតិអាម៉េរិកឈ្មោះថា ស៊ូអេឌី មូរ៉េកេហ្ស៊ី (Suedi Murekezi) ដែលគាត់និយាយថា “បានជួយប្រជាជនរបស់យើង” មុនពេលត្រូវរុស្ស៊ីចាប់ឃុំខ្លួន។
កាសែត Washington Post បាននិយាយថា មូរ៉េកេហ្ស៊ីគឺជាទាហានជើងចាស់របស់កងទ័ពអាកាសអាម៉េរិកកើតនៅប្រទេសអ៊ូហ្គង់ដា៕
ទាហានអ៊ុយក្រែនកំពុងត្រៀមកាំភ្លើងធំនៅសមរភូមិ