ដោយ៖ ដេប៉ូ / ភ្នំពេញ៖ អង្គការសហប្រជាជាតិ (អ.ស.ប.) និងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នា ឲ្យទទួលបាន វឌ្ឍនភាពថ្មីៗ បន្តទៀត។ ការបង្ហាញជំហរ រវាងភាគីទាំង២ ធ្វើឡើងនៅក្នុងជំនួបសម្តែង ការគួរសម និងពិភាក្សាការងារ រវាងលោកបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

លោក អុិត សំហេង បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោក Joseph Scheuer ដែលទទួលបានតួនាទី ជាអ្នកសម្របសម្រួលថ្មី របស់អង្គការសហ ប្រជាជាតិ ប្រចាំនៅកម្ពុជា លោករដ្ឋមន្ត្រី សង្ឃឹមថា ក្នុងបេសកម្មការងាររបស់លោក និងសហការី នឹងបន្តកិច្ចសហការជាមួយ បណ្តាក្រសួងពាក់ព័ន្ធរបស់ រដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋមមន្ត្រី នឹងខិតខំរួមគ្នាជាមួយ អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យកម្មវិធីមុខរបរ និងការងារសមរម្យរបស់ យុវជននៅកម្ពុជា (DEY) ទៅជាគម្រោងគំរូមួយ សម្រាប់បណ្តាប្រទេសដទៃ យកទៅអនុវត្តន៍ ដូចដែលកម្ពុជា ទទួលបានជោគជ័យ លើការអនុវត្តន៍គម្រោងរោងចក្រ កាន់តែប្រសើរ នៅកម្ពុជា (BFC)។

លោក Joseph Scheuer ដែលធ្លាប់កាន់តំណែងជា នាយកកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា នៅក្នុងអំឡុងឆ្នាំ២០០៧ និង ២០១០ ហើយទើបត្រឡប់មកកាន់កម្ពុជា នៅឆ្នាំ២០២២ សារជាថ្មីម្តងទៀត បានសង្កេតឃើញ ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា លើគ្រប់វិស័យ ពិតជាមានការរីកចម្រើន ប្រែប្រួលយ៉ាងលឿន។

លោកបានយល់ស្របជាមួយនឹងការលើកឡើង របស់លោករដ្ឋមន្រ្តី ដែលបានវាយ តម្លៃខ្ពស់ ចំពោះការចូលរួមចំណែក ពីគ្រប់ដៃគូទាំងអស់ ជាពិសេសភ្នាក់ងារអង្គការ សហប្រជាជាតិនានា។

ទន្ទឹមនឹងនេះ លោកក៏បានចូលរួមអបអរសាទរ ដល់រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យគម្រោងធំៗភាគច្រើន វិលត្រឡប់មកប្រក្រតីភាពឡើងវិញ។ ព្រមជាមួយគ្នានេះ អង្គការសហប្រជាជាតិ នឹងបន្ត ការគាំទ្រ ចំពោះគោលដៅមហិច្ឆតា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយ ប្រទេសកម្ពុជា ឱ្យជាប្រទេស មានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នាឆ្នាំ២០៥០ ដោយអង្គការសហប្រជាជាតិ នឹងបន្តបង្កើត ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៨ ធ្វើយ៉ាងណាឱ្យ កម្ពុជា-អ.ស.ប. ក្លាយជាដៃគូ កាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ បានឯកភាពគ្នា ទៅលើទិសដៅរួមគ្នា ចំនួនសំខាន់ៗ បីគឺ៖
១. សំដែងនូវមោទនភាព ចំពោះលទ្ធផលជាផ្លែផ្កា ដែលកើតចេញពី គម្រោងការងារ និងមុខរបរសមរម្យ សម្រាប់យុវជន ដែលជាគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (DEY)។ លោករដ្ឋមន្ត្រី និងលោក Joseph Scheuer ដែលជាសហប្រធានគម្រោងនេះ នឹងកោះប្រជុំគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់ យុវជននៅកម្ពុជា ដំណាក់កាលទី៣ នាដើមឆ្នាំ២០២៣ ដើម្បីបន្តផែនការសកម្មភាព ក៏ដូចជាការបន្តគៀងគរធនធាន ក្នុងការធានានិរន្តរភាព នៃគម្រោង និងពង្រីកវិសាលភាពគម្រោងផងដែរ។

២. ពាក់ព័ន្ធនឹងការបន្តដោះស្រាយ លើសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងការដឹក ជញ្ជូនកម្មករ ដែលបានជួបនូវ គ្រោះថ្នាក់ចរាចរណ៍ កន្លងមក បើយោងតាមរបាយ ការណ៍របស់ UNDP គ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ បានធ្វើឱ្យខាតបង់ យ៉ាងធ្ងន់ធ្ងរ ក្នុងមួយឆ្នាំៗ ហើយតាមការប៉ាន់ប្រមាណ អាចខាតបង់ ដល់ផលទុនជាតិ សរុបប្រមាណ ៣%។ អង្គការសហប្រជាជាតិ នឹងចូលរួមគាំទ្រ ក្នុងយុទ្ធនាការ ទៅលើផែនការសុវត្ថិភាព នៅតាមដងផ្លូវ។ ក្នុងពេលឆាប់ៗនេះ នឹងមានទស្សនកិច្ច ផ្លូវការមួយរបស់ ប្រេសិតពិសេស របស់អង្គការសហប្រជាជាតិ មកកម្ពុជា ដើម្បីពិភាក្សាការងារ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

៣. ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់ លោកអគ្គលេខាធិការរបស់​អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា កម្មវិធីបង្កើនល្បឿនសកសលើការងារ និងការគាំពារសង្គម សម្រាប់ការធ្វើអន្តរកាល ប្រកបដោយយុត្តិធម៌ ដែលគ្រោងនឹង បង្កើតការងារ ប្រមាណ ៣០០ លានការងារ សម្រាប់ប្រទេសជាសមាជិក ក្នុងនោះ កម្ពុជា ក៏អាចទទួលបានអត្ថប្រយោជន៍ អំពីគំនិតផ្តួចផ្តើម យ៉ាងច្រើននេះដែរ ដោយសារកម្ពុជា មានគម្រោងជាច្រើន ដែលបាននឹងកំពុងសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍ និងដៃគូភ្នាក់ងារអង្គសហប្រជាជាតិនានា ជាពិសេសដូចជា អង្គការ ILO, UNDP, UNICEF, UNIDO ជាដើម។

គួរបញ្ជាក់ថា ក្នុងពិធីនេះ ភាគីទាំងពីរ បានសំដែងនូវទស្សន: ប្រកបដោយភាពវិជ្ជមាន យ៉ាងខ្លាំង ទៅលើមហិច្ឆតា ដែលទាំងអង្គការសហប្រជាជាតិ ក្នុងការខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ២០៣០ ហើយរាជរដ្ឋាភិបាលកម្ពុជា សម្រេចនូវគោលដៅប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ នាឆ្នាំ២០៣០ ហើយទៅជាប្រទេស មានចំណូលខ្ពស់ នាឆ្នាំ២០៥០៕/V-PC