ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កងទ័ពអាកាសឥណ្ឌាធ្វើសមយុទ្ធហ្វឹកហាត់នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រទី១៥និង១៦ធ្នូ នៅភាគខាងកើតប្រទេស តែវាមិនពាក់ព័ន្ធនឹងការវាយតប់គ្នាកាលពីសប្តាហ៍មុនរវាងទាហានឥណ្ឌានិងចិននៅក្នុងតំបន់នេះទេ នេះបើតាមការប្រកាសរបស់កងទ័ពអាកាសឥណ្ឌា។
ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅសប្តាហ៍នេះថា ទាហានឥណ្ឌាបានរារាំងមិនអោយទាហានចិនចូលក្នុងទឹកដីឥណ្ឌាកាលពីថ្ងៃ៩ធ្នូ ក្នុងអំឡុងពេលមានការវាយតប់គ្នាដែលបណ្តាលអោយរបួសទាហានទាំងសងខាង។តែចិនបានអះអាងថា ទាហានឥណ្ឌាបានឆ្លងកាត់ព្រំដែនតាមការជាក់ស្តែងដោយខុសច្បាប់ដើម្បីរារាំងការល្បាតតាមធម្មតារបស់ទាហានចិន។
វាជាការប៉ះទង្គិចដូច្នេះលើកដំបូងរវាងមហាអំណាចនុយក្លេអ៊ែរអាស៊ីទាំងពីរចាប់តាំងពីឆ្នាំ២០២០ នៅពេលទាហានឥណ្ឌា២០នាក់និងទាហានចិន៤នាក់ត្រូវបានសម្លាប់ដោយការវាយគ្នាដោយកំលាំងបាយដូចនេះ។
សារព័ត៌មានឥណ្ឌាបាននិយាយថា កងទ័ពអាកាសឥណ្ឌាបានបញ្ជូនចេញយន្តហោះប្រយុទ្ធក្នុងអំឡុងពេលប៉ះទង្គិចគ្នាចុងក្រោយនៅតំបន់តាវ៉ាងនៃភ្នំហេមពាន្ត ក្នុងរដ្ឋអារុនណាចាល់របស់ឥណ្ឌា ដែលចិនក៏អះអាងថាជាទឹកដីរបស់ខ្លួនផងដែរ៕
កងទ័ពអាកាសឥណ្ឌាបាននិយាយថា បញ្ជាការទ័ពអាកាសភាគខាងកើតនឹងធ្វើសមយុទ្ធដើម្បីបង្វឹកអាកាសយានិកអោយថ្នឹក ។វាត្រូវបានកំណត់ទុកជាយូរមកហើយតាំងពីមុនឧបទ្ទវហេតុនៅតាវ៉ាងនិងវាមិនពាក់ព័ន្ធនឹងហេតុការណ៍ចុងក្រោយនេះទេ