ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានអញ្ជើញជាអធិបតី បើកសន្និសីទអធិការកិច្ចការងារអាស៊ាន លើកទី១១ ក្រោមមូលបទ៖”ការធ្វើទំនើបកម្មអធិការកិច្ចការងារ តាមរយៈបដិវត្តកម្មបច្ចេកវិទ្យា នៅក្រោយជំងឺរាតត្បាត ជាសាកល” នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងការងារ ដោយមានការចូលរួមពីមន្រ្តីបង្គោល អធិការកិច្ចការងារអាស៊ាន មន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។

គួរបញ្ជាក់ថា មូលបទនៃសន្និសីទនេះ ក៏ជាចំណែកមួយ ក្នុងការចូលរួមសម្រេចឱ្យបាន នូវគោលដៅរួម ក្នុងក្របខ័ណ្ឌរបស់អាស៊ាន ដែលថ្នាក់ដឹកនាំកំពូល បានអនុម័ត ក៏ដូចជា ការបន្តសម្រេចឱ្យបាន នូវកម្មវិធីការងារ នៃរដ្ឋមន្រ្តីការងារអាស៊ាន សំដៅធ្វើឱ្យ ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងវិស័យការងារ កាន់តែមាន ប្រសិទ្ធភាពខ្ពស់ តាមរយៈបច្ចេកវិទ្យាព័ត៌មាន ដែលជួយគាំទ្រ ក្នុងការពង្រឹងប្រសិទ្ធភាព អធិការកិច្ចការងារ សេវាអធិការកិច្ចការងារ កាន់តែឆាប់រហ័ស ផ្តល់ភាពងាយស្រួល ក្នុងការវាយតម្លៃលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងសម្រួលដល់ការចុះធ្វើ អធិការកិច្ចការងារ នៅទីកន្លែង ដែលមានហានិភ័យ ឬទីកន្លែងដែលអធិការការងារ មិនអាចចុះធ្វើអធិការកិច្ចការងារ ដោយផ្ទាល់បាន ដោយសារកត្តាគ្រោះធម្មជាតិ ឬជំងឺឆ្លងផ្សេងៗ។ ជាងនេះទៅទៀត ប្រព័ន្ធអធិការកិច្ច ការងារ បែបទំនើប ក៏នឹងជួយលើកកម្ពស់កិច្ចសន្ទនាសង្គម ឱ្យកាន់តែប្រសើរឡើង និងធានាអនុលោមភាព តាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីការងារផងដែរ។

លោក អុិត សំហេង បានវាយតម្លៃខ្ពស់ចំពោះ មន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន និងមន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន ដែលបានសម្រេចគាំទ្រកម្ពុជា ក្នុងការជ្រើសរើសយកមូលបទ ដ៏មានសារ:សំខាន់នេះ ដោយមានអនុមូលបទ ចំនួន ២ មកធ្វើជាមូលដ្ឋាន សម្រាប់ការពិភាក្សា នៅក្នុងសន្និសីទលើកទី១១ គឺ ទី១-អធិការកិច្ច និងបច្ចេកវិទ្យា ដែលជំរុញឱ្យមានការផ្លាស់ប្តូរ សម្រាប់ការងារសមរម្យ និងទី២-អធិការកិច្ចការងារ នៅក្នុងពិភពលោក ក្រោយជំងឺរាតត្បាត។ មូលបទនេះ ពិតជាមាន លក្ខណៈសមស្របបំផុត ឆ្លើយតបទៅនឹងស្ថានភាព នៃការវិវត្តន៍សេដ្ឋកិច្ច-សង្គម ដែលបានរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន និងជាសកល លើ ការអភិវឌ្ឍគ្រប់វិស័យ រួមមានទាំង វិស័យការងារ ជាពិសេស ស្ថានភាពសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងលក្ខខណ្ឌការងារ។

សន្និសីទអធិការកិច្ចការងារអាស៊ាន លើកទី១១ នេះដែរ មានគោលបំណង មិនត្រឹមតែ ដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ នៃប្រព័ន្ធអធិការកិច្ចការងារ ក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភាក្សា លើនវានុវត្តន៍ បញ្ហាប្រឈម និងយុទ្ធសាស្ត្រ ឆ្ពោះទៅរកការប្រើប្រាស់ ប្រព័ន្ធអាយស៊ីធី (ICT) ក្នុងប្រព័ន្ធ អធិការកិច្ចការងារ។

ក្នុងអង្គសន្និសីនេះដែរ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដូចខាងក្រោម៖
ទី១. គណៈកម្មការអធិការកិច្ចការងារអាស៊ាន និងស្ថាប័នអាស៊ាន គួរពិនិត្យមើល លទ្ធភាពបន្ថែម ក្នុងការបង្កើតយន្តការតាមដាន និងវាយតម្លៃការអនុវត្តសេចក្តីសន្និដ្ឋាន និងអនុសាសន៍ ដែលបានដាក់ចេញ ដោយអង្គសន្និសីទកន្លងមក ព្រមទាំងលើកទឹកចិត្ត ដល់រដ្ឋជាសមាជិក ក្នុងការស្នើគម្រោង/សកម្មភាពនានា ស្របតាមអ្វីដែលបានដាក់ ក្នុងអនុសាសន៍នេះ និងគៀងគរការចូលរួមរបស់អង្គការដៃគូ ខាងក្រៅអាស៊ានផងដែរ។

ទី២. អាស៊ានគួរពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសមាជិកអាស៊ាន និងជាមួយដៃគូ សន្ទនា/អភិវឌ្ឍន៍របស់អាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និងភាពជោគជ័យរបស់ ខ្លួន ក្នុងវិស័យអធិការកិច្ចការងារ ជាពិសេសជាមួយ ប្រទេសប្រើប្រាស់បច្ចេកទេស កម្រិតខ្ពស់ សម្រាប់បង្កើនប្រសិទ្ធភាព ប្រព័ន្ធអធិការកិច្ចការងារថ្នាក់ជាតិរបស់ខ្លួន ក្នុងទម្រង់ ដូចជា៖ ដំណើរទស្សនកិច្ចសិក្សា សិក្ខាសាលា/វេទិកាចែករំលែក ជាដើម។

ទី៣. គណៈកម្មការអធិការកិច្ចការងារអាស៊ាន គួរមានការផ្សព្វផ្សាយព័ត៌មាន ការបណ្តុះបណ្តាល និងការបញ្ជ្រាបការយល់ដឹង ពីបច្ចេកវិទ្យា វិស័យអធិការកិច្ចការងារ និងការផ្តល់សេវាសាធារណៈ ដល់កម្មករ និយោជិត នៅបណ្តាប្រទេសអាស៊ាន៕/V-PC