ដោយៈ ប.ខុន / ភ្នំពេញៈ ទីភ្នាក់ងារបារាំងសម្រាប់ការអភិឌ្ឍ (AFD) មកពីទីក្រុង ប៉ារីស ចុះពិនិត្យកម្មវិធីគម្រោង គ្រប់គ្រងធនធានទឹក ធ្វើឱ្យប្រសើរឡើងនូវវិស័យ កសិកម្ម នៅកម្ពុជា (WAT4CAM) ដែលកំពុងអនុវត្ត នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ សៀមរាប កណ្តាល និង ខេត្តកំពង់ធំ ដោយប្រើប្រាស់ថវិកា បានមកពីប្រទេសបារាំង។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គណៈកម្មការដឹកនាំ នៃកម្មវិធីគ្រប់គ្រងធនធានទឹក ធ្វើឱ្យប្រសើរឡើង នូវវិស័យកសិកម្ម នៅកម្ពុជា (WAT4CAM) កាលពីថ្ងៃទី១៤ ខែធ្នូ បានដឹកនាំក្រុមការងារ​អង្គភាព អនុវត្តគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយក្រុមបេសកម្ម នៃទីភ្នាក់ងារបារាំង សម្រាប់ការអភិឌ្ឍ (AFD) មកពីទីក្រុងប៉ារីស ដឹកនាំដោយអ្នកស្រី HOFMANN Alexia និងក្រុមទីប្រឹក្សាបច្ចេកទេស ប្រចាំគម្រោង រួមជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ ចុះពិនិត្យការអនុវត្តគម្រោងជំហាន១ នៅក្នុងខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ។

លោកចាន់ យុត្ថា និងក្រុមការងារ

លោក ចាន់ យុត្ថា បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ថាៈ គោលបំណងនៃដំណើរទស្សនកិច្ច ចុះពិនិត្យស្ថានភាពប្រភពធនធានទឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងនេះ ដើម្បីស្វែងយល់ពីវឌ្ឍភាព នៃការអនុវត្ត ការងាររបស់គម្រោង និងបានជួបជាមួយ ប្រជាកសិករ តំណាងកសិករ ប្រើប្រាស់ទឹក (FWUC) និងសហគមន៍កសិកម្ម (AC) នៅទីតាំងអនុវត្តគម្រោង ដូចជា នៅប្រព័ន្ធធារាសាស្ត្រ គម្រោងកង្ហត ក្នុងខេត្តបាត់ដំបង ប្រព័ន្ធធារាសាស្ត្រម្កាក់ ក្នុងខេត្តសៀមរាប និងគម្រោងអូរកំបោរ-សករាជ ក្នុងខេត្តព្រះវិហារ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ គម្រោងខាងលើ ដែលបាននិងកំពុង អនុវត្ត ក្នុងជំហានទី១ មានដូចជា ការងារស្តារប្រព័ន្ធធារាសាស្ត្រ ស្តារព្រែក នៅក្នុងខេត្ត គោលដៅ ខាងលើ។ ក្រៅពីចុះពិនិត្យជាក់ស្តែង នៅតាមប្រព័ន្ធធារាសាស្ត្រ ក្រុមការងារ ក៏បានជួបប្រជុំផ្ទាល់ ជាមួយនឹងប្រជាកសិករ នៅតាមតំបន់មានអនុវត្តគម្រោងនេះ ផងដែរ។ គម្រោងនេះ ប្រើប្រាស់ថវិការបស់ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ និងមួយផ្នែក ជាថវិការបស់រដ្ឋាភិបាល៕/V

លោកចាន់ យុត្ថា និងក្រុមការងារ

ក្រុមការងារជួបជាមួយប្រជាកសិករ