ដោយៈ បាយ័ន / សៀមរាបៈ ក្នុងព្រឹត្តិការណ៍ រំលឹកគុណអង្គរ ដែលបានប្រារព្ធឡើង ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា បានរៀបចំជាស្ដង់ពិព័រណ៍ សមិទ្ធផលការងារ នៅមុខប្រាសាទអង្គរវត្ត រយៈពេល ៣ ថ្ងៃ ។

ការតាំងពិព័រណ៍មិនអចិន្រ្តៃយ៍នេះ បានដាក់តាំងបង្ហាញពីសមិទ្ធផលដ៏ធំធេង រយៈពេល ៣០ ឆ្នាំ ដែលអាជ្ញាធរជាតិអប្សរា សម្រេចបាន លើការងារសំខាន់ៗ មួយចំនួន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ ដោយចីរភាពរមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ ដូចជា កិច្ចការអភិរក្សប្រាសាទបុរាណ ការងារស្រាវជ្រាវផ្នែកបុរាណវិទ្យា និងបណ្តុះបណ្តាល ធនធានមនុស្ស កិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ នៅតំបន់អង្គរ ការងារអភិវឌ្ឍន៍ វិស័យទេសចរណ៍អង្គរ និងវប្បធម៌ ការងារគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ការងារគ្រប់គ្រងដីធ្លីក្នុងឧទ្យាន និងបេតិកភណ្ឌក្រុង ការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងកិច្ចគាំពារ និងអភិរក្សបុរាណដ្ឋានផ្សេងទៀត ក្នុងខេត្តសៀមរាប ជាដើម។

ពិព័រណ៍ដែលមានរយៈពេល ៣ ថ្ងៃ គឺ ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២២ នេះ គឺបានបើកចំហទទួលឱ្យសិស្ស និសិ្សត អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងស្វែងយល់ អំពីកិច្ចការអភិរក្ស និងកិច្ចការរៀបចំតំបន់រមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា អាចចូលទស្សនា បានដោយសេរី៕/V/R