ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ម្អមស្រែ (Swam leaf) គឺជាបន្លែដែលពលរដ្ឋខ្មែរ បានយកមកប្រើប្រាស់ ធ្វើជាម្ហូបអាហារ និងឱសថ សម្រាប់ព្យាបាលរោគជំងឺ ជាយូរលង់មកហើយ។ កាលបើនិយាយដល់ម្អមស្រែ គេចាំបាច់ដើររកបេះ នៅតាមវាលស្រែ ឬតាមថ្លុកទឹក តាមដងអូរ … នៅតាមទីជនបទ ទើបសម្បូរ និងជាម្អមល្អផង។

តាមរយៈទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ ម្អមស្រែ មានកម្ពស់ ១០-៣០ ស.ម ។ ស្លឹកឈមពីរៗ គ្មានទងរាងពងក្រពើ ១-៣ គុណនឹង ០,៥-១ ស.ម គែមស្លឹក មានធ្មេញរណាតិចៗ ។ ផ្កា ២-១០ ផ្តុំជាចង្កោម នៅចុងមែក ឬនៅគល់ស្លឹក មានទងស្តើង ប្រវែង ៣-៥ ម.ម ។ ត្របកផ្កា មានប្រវែង ៣ ម.ម ជាប់គ្នានៅផ្នែកក្រោម មានរោមខ្លីៗ។ ស្រទាប់ផ្កា ប្រវែង ១០-១៥ ម.ម ចែកជា ២ ផ្ទាំង ពណ៌ក្រហម ស្វាយមានរោម។

កេសរ ឈ្មោល ៤ផ្តុំគ្នា ២លើ ២ក្រោម ផ្លែរាងមូលទ្រវែង។ គ្រាប់ច្រើនរាងជ្រុង ពណ៌ត្នោត។ មែកស្លឹក មានក្លិនហាងឆួល លាយក្រអូបតិចៗ។ បន្តពូជដោយគ្រាប់ ដុះនៅលើដីសើម ដែលមានទឹករាក់។ ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖ – គ្រឿងទេស បង្កើនក្លិនឈ្ងុយក្នុងម្ហូប សម្លម្ជូរ និងស៊ុប។ – ឱសថ ព្យាលបាលក្អកមាន់ គ្រុន កើតបូស ជាដើម៕/V/R