ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថាៈ “ កម្ពុជា អស់មីន ក៏មានន័យថា ទី១. គឺប្រជាពលរដ្ឋខ្មែរ នឹងអស់ក្តីព្រួយបារម្ភ ភ័យខ្លាច អំពីការរងគ្រោះ ធ្លាក់ខ្លួនពិការ ឬ បាត់បង់ជីវិត ដោយសារគ្រាន់មីនទៀតហើយ។ ទី២. គឺដីស្រែចំការ នឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតកលាក់មុខ រង់ចាំបង្កគ្រោះ ថ្នាក់ និងជាឧបសគ្គរារាំង ដល់ការបង្កបង្កើនផល ផ្គត់ផ្គង់ជីវភាពរបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរ ការប្រកាស «ខេត្តត្បូងឃ្មុំ អស់មីន» កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ លទ្ធភាពដែលនាំឱ្យយើង អាចសម្រេចបាន តាមចក្ខុវិស័យ “កម្ពុជាអស់មីន ឆ្នាំ២០២៥” គឺត្រូវពឹងផ្អែកលើកត្តា ២ យ៉ាង៖ ទី១. ការបន្តដោះមីន ដែលនៅសេសសល់ តាមរយៈការចូលរួមចំណែក និង ការប្តេជ្ញាចិត្តរបស់គ្រប់តួអង្គ -ដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេស ប្រជាពលរដ្ឋ ស្របពេលដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ បានប្តេជ្ញាចិត្តផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង។ ទី២. ការបញ្ឈប់ការដាក់មីនថ្មី តាមរយៈមធ្យោបាយ តែមួយគត់ គឺការរក្សាឱ្យបាននូវសន្តិភាព។ ការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព មានន័យថា ខ្មែរឈប់ប្រើអាវុធយុទ្ធភណ្ឌ ដើម្បីបំផ្លិចបំផ្លាញគ្នា ហើយសន្តិភាព បានផ្តល់ឱកាស និងលទ្ធភាពឱ្យខ្មែរ បែរមករួបរួមគ្នា ដើម្បីបោសម្អាត មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្គ្រាម ពីអតីតកាល។ ស្នាមញញឹម កើតមាននៅពេលដែល គ្រួសារបានរស់នៅជួបជុំគ្នា និងអាចប្រកបរបរ ទ្រទ្រង់ជីវភាព ដោយក្តីសុខសាន្ត ហើយបើមានការបែកបាក់ ព្រាត់ប្រាសគ្នា គឺមានតែទុក្ខសោកប៉ុណ្ណោះ។

មេបញ្ជាការកងទ័ពជើងគោក បានបន្តថាៈ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ ផ្ទុះ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ គឺសម្រេចបាននូវ សមិទ្ធផលដ៏ធំធេងណាស់ ដោយយើងរំដោះផ្ទៃដី បានរាប់ពាន់គីឡូម៉ែត្រក្រឡា និងបំផ្លាញមីន ជាងមួយលានគ្រាប់ ហើយអ្វីៗទាំងនេះ មិនមែនមានតម្លៃ ត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាព ពិតជាក់ស្តែង ដែលបានផ្តល់សុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ក៏ដូចជា ការរំដោះផ្ទៃដី ឱ្យក្លាយទៅជាធនធាន បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។ យ៉ាងណាក៏ដោយ ទោះបីតួលេខ នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែចំនួនដ៏តិចតួច ដែលនៅសេសសល់ ក៏នៅជាហានិភ័យ ដ៏គួរឱ្យព្រួយបារម្ភ និងអាចបង្កឱ្យមាន សោកនាដកម្មបន្តទៅទៀត ប្រសិនបើយើង មិនយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន។ ដូច្នេះ សម្រាប់ទិសដៅទៅមុខ គឺទាមទារឱ្យយើងខិតខំរួមគ្នា បន្តដោះស្រាយ ជាជំហានៗ ដោយត្រូវចាប់ផ្តើមពីភូមិមួយ, ឃុំមួយ, ស្រុកមួយ និងខេត្តមួយ រហូតដល់អស់មីន នៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ជាមួយ ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាស ជាខេត្តអស់មីនទី៦ នៅទូទាំងប្រទេស បន្ទាប់ពីខេត្តស្ទឹងត្រែង, ព្រះសីហនុ, ព្រៃវែង, កែប និងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ពិតជាមានអត្ថន័យ យ៉ាងធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ដោយហេតុថា ខេត្តត្បូងឃ្មុំ គឺជាខេត្តដែលមានអតីតកាល នៃការប្រយុទ្ធគ្នា និងសោកនាដកម្ម នៃការស្លាប់ របួស ពិការ ដោយសារសង្គ្រាម ក៏ដូចជា មានដានប្រវត្តិតស៊ូរបស់ សម្តេចតេជោ ព្រមទាំងឥស្សរជនជាតិ ជាច្រើនរូប ដើម្បីរំដោះជាតិ និងសង្គ្រោះ ប្រជាពលរដ្ឋ។ ខេត្តត្បូងឃ្មុំ អស់មីន មានន័យថា ប្រទេសកម្ពុជា ឈានទៅមុខ មួយជំហានបន្ថែមទៀត ដែលកាន់តែកៀកជិត ទៅដល់ការអស់មីន នៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និង ការអរគុណ ចំពោះអាជ្ញាធរមីន, ប្រតិបត្តិករជាតិ-អន្តរជាតិ និងសប្បុរសជននានា ក៏ដូចជា តួអង្គពាក់ព័ន្ធទាំងអស់ ដែលអស់រយៈកាល ៣០ កន្លងមកនេះ ដោយគិតចាប់ ពីឆ្នាំ១៩៩២ មក បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងយុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យ ដ៏ត្រចះត្រចង់ គួរជាទីមោទនៈ ក្នុងពេលបច្ចុប្បន្ន។ លោកក៏យកឱកាសនេះ សម្តែងនូវការដឹងគុណ ចំពោះពលិកម្មរបស់ អ្នកដោះមីនដ៏អង់អាច ក្លាហានរបស់យើង ដែលបានយកអាយុជីវិត របស់ខ្លួនទៅប្រថុយនឹងគ្រោះថ្នាក់ នៅក្នុងបុព្វហេតុការពារសង្រ្គោះអាយុជីវិត និងជួយរំដោះដីស្រែចម្ការ របស់ប្រជាពលរដ្ឋ ពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈកាលកន្លងមកនេះ៕/V/R