ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យ ជាតិមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពកំណែទម្រង់ រយៈពេល ១ឆ្នាំ របស់សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ នៅសាលប្រជុំសាកលវិទ្យាល័យជាតិបាត់ដំបង នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ។

លោក ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាភិបាល គណៈកម្មការគ្រប់គ្រង គណៈកម្មការដឹកនាំកំណែទម្រង់ លោកសាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រីគ្រប់លំដាប់ ថ្នាក់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមចំណែក ក្នុងការដឹកនាំ អនុវត្តការងារ យ៉ាងសកម្ម ធ្វើឱ្យសាកលវិទ្យាល័យទាំងពីរ មានភាពល្អប្រសើរ ទទួលបានការរីកចម្រើន ទៅមុខជាលំដាប់ និងមានការចាប់អារម្មណ៍ គាំទ្រពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជា ឪពុកម្តាយ អ្នកអាណាព្យាបាល ពិសេសសិស្ស និស្សិត នៅក្នុងឆ្នាំសិក្សាកន្លងមក ទាំងក្នុងខេត្ត និងបណ្តាខេត្តផ្សេងៗទៀត ។

បើទោះបីជាសាកលវិទ្យាល័យទាំងពីរ មានការរីកចម្រើនក្តី ដើម្បីបន្តនិរន្តភាពឱ្យកាន់តែ ប្រសើរជាងនេះ លោក ស សុខា ស្នើឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំងពីរ បន្តអនុវត្ត ការងារមួយចំនួន ដូចខាងក្រោម ៖

១. បន្តពង្រឹងការគ្រប់គ្រង ដឹកនាំ និងលើកកម្ពស់ការផ្តល់សេវារបស់មន្ត្រីក្រោមបង្គាប់ ព្រមទាំងការអភិវឌ្ឍ សាកលវិទ្យាល័យ ស្របទៅតាមផែនការយុទ្ធសាស្រ្ត ១០ឆ្នាំ និងផែនការសកម្មភាព និងកំណែទម្រង់ឆ្នាំ២០២៣ ។

២. បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការគ្រប់គ្រង និងចាត់ចែងថវិកា ។

៣. បន្តការកសាងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាថ្មីៗ សម្ភារទំនើបៗ ដូចជា ការទទួល យក ការសិក្សាតាមឌីជីថល និងការបង្កើនការផ្សព្វផ្សាយ តាមប្រព័ន្ធសង្គម ដែលអាចបង្កើត និងចែករំលែកខ្លឹមសារអប់រំ ។

៤. ពង្រឹង និងលើកកម្ពស់គុណភាពអប់រំ មជ្ឈមណ្ឌលអប់រំ ពង្រីក និងកែលម្អវិធីសាស្រ្ត និងបច្ចេកទេសបង្រៀន និងរៀន ជាទូទៅ សំដៅលើការប្រមូលផ្តុំ ក្នុងសាកលវិទ្យាល័យ ក្នុងការដាក់ចេញនូវរបៀបវារៈ និងសមត្ថភាព ក្នុងការកំណត់ និងកែប្រែលទ្ធផល ។

៥. ត្រូវពង្រីកបន្ថែមទៀត ទៅលើធនធានសិក្សា ផលិតផលស្រាវជ្រាវ ប្រពន្ធ័គ្រប់គ្រង និស្សិត និងសេវា ពង្រឹងប្រព័ន្ធធានាគុណភាពអប់រំ និងការស្រាវជ្រាវ និងនវានុវត្ត។

៦. ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាសាកលវិទ្យាល័យនានា ក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងអន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក ទាំងកម្មសិក្សា មុខវិជ្ជាសិក្សា ។

៧. ត្រូវបង្កើតឱ្យមានវឌ្ឍនភាពអង្គភាពថ្មីៗទៀត និងដំណើរការប្រកបដោយនិរន្តភាព ៕/V/R